ព្រះ​នាង​របស់​រាជាណាចក្រ​ន័​រ​វែ​ស រង​ការ​គំរាម និង​រិះគន់ ព្រោះតែ​ភ្ជាប់ពាក្យ​ជាមួយ​គ្រូ​វេទមន្ត​ស្បែក​ខ្មៅ

ព្រះ​នាង Martha Louise និង​បុរស​ជនជាតិ​អាម៉េរិក Verrett បានឱ្យដឹងថា អ្នក​ទាំងពីរ​ត្រូវបាន​គេ​គំរាម និង​រិះគន់ បន្ទាប់ពី​ប្រកាស​ដំណឹង​ភ្ជាប់ពាក្យ​នឹង​គ្នា។

ព្រះ​នាង​របស់​រាជាណាចក្រ​ន័​រ​វែ​ស ព្រះជន្ម ៥០ វស្សា និង​គ្រូមន្តអាគម Durek Verrett អាយុ ៤៧ ឆ្នាំ កាលពី​ចុង​សប្ដាហ៍​កន្លង​បាន​ចែករំលែក​លើ Instagram Live ថា អ្នក​ទាំងពីរ​ទទួលបាន​សារ​គំរាម​សម្លាប់ និង​ការ​ប្រមាថកាតទាន ស្អប់ខ្ពើម ចាប់តាំងពី​បានប្រកាស​ព័ត៌មាន​ភ្ជាប់ពាក្យ និង​ក្នុងអំឡុងពេល​ទាក់ទង​គ្នា។

លោក Verrett និយាយថា មនុស្ស​មួយចំនួន​មិន​ចង់ឃើញ​បុរស​ស្បែក​ខ្មៅ​បង្ហាញខ្លួន​ក្នុង​រាជវាំង ព្រោះថា នេះ​គឺជា​រឿង​ដែល​មិន​ធ្លាប់​កើត​មាននៅ អឺរ៉ុប។ លោក​បន្ថែមថា ប្រតិកម្ម​ទាំងនោះ​ក៏​កើតឡើង​ពី​ការរើសអើង​ភេទ។

«រឿងរ៉ាវ​នឹង​ផ្សេង បើសិន​បុរស​ម្នាក់​ជ្រើសរើស​នារី​ស្បែក​ខ្មៅ ព្រោះថា គាត់​ជា​បុរស។ ប៉ុន្តែ បើសិន​ទុកឱ្យ​ព្រះរាជ​បុត្រី​មួយអង្គ​ជ្រើសរើស​បុរស​ស្បែក​ខ្មៅ​វិញ នោះ​គឺជា​រឿង​ដែល​មិន​ធ្លាប់បាន​កើតឡើង» លោក Verrett និយាយ​ដូច្នេះ។

ព្រះ​នាង Martha Louise ក៏​មានបន្ទូលថា អ្នក​ទាំងពីរ​បានទទួល​សារ​រិះគន់​ជាច្រើន​ក្នុងអំឡុងពេល​ទាក់ទង​គ្នា​ផងដែរ។

ព្រះ​នាង Martha Louise ព្រះជន្ម ៥០ វស្សា គឺជា​រាជបុត្រី​របស់​មហាក្សត្រ Harald ឈរ​លំដាប់​ទី ៤ នៅក្នុង​បញ្ជីរាយនាម​អ្នក​ដែល​ត្រូវ​ស្នង​រាជបល្ល័ង្ក ប៉ុន្តែ បាន​បោះបង់​តំណែង ឋានៈ និង​ភារកិច្ច​ជា​រាជវង្ស​ស្ទើរតែ​ទាំងអស់​ដើម្បី​ផ្ដោតលើ​សកម្មភាព​ផ្ទាល់ខ្លួន។ ព្រះ​នាង​គឺជា​មនុស្ស​ជឿ​លើ​រឿង​អ​បិ​យ​ជំនឿ និង​ធ្លាប់​ប្រកាសថា​អាច​ទំនាក់ទំនង​បាន​ជាមួយនឹង​ពពួក​ទេវតា។

ព្រះនាង Martha Louise និង​អតីត​ស្វាមី Ari Behn

រាជបុត្រី​អង្គ​នេះ​បានបង្ហាញ​ជា​សាធារណៈ​នូវ​ទំនាក់ទំនង​ស្នេហា​ជាមួយ Durek Verret តាំងពី​ខែឧសភា ២០១៩។ Durek Verret អាយុ ៤៧ ឆ្នាំ រស់នៅក្នុង​ទីក្រុង Los Angeles សហរដ្ឋ​អាម៉េរិក ធ្លាប់បាន​ប្រកាសថា ខ្លួន​គឺជា «គ្រូមន្តអាគម Durek» ធ្លាប់​ព្យាបាល​ជំងឺ​ឱ្យ​តារា​សម្ដែង​ល្បីឈ្មោះ​ជាច្រើន​នាក់​នៅ សហរដ្ឋ​អាម៉េរិក។

ព្រះ​នាង Martha ធ្លាប់បាន​រៀប​អភិសេក​ជាមួយ​កំពូល​អ្នកនិពន្ធ​ជនជាតិ​ន័​រ​វែ​ស Ari Behn កាលពី​ឆ្នាំ ២០០២ និង​មាន​បុត្រី ៣ អង្គ​ជាមួយគ្នា។ អ្នក​ទាំង​ពីរបាន​លែងលះគ្នា​កាលពី​ឆ្នាំ ២០១៦ ហើយ​ក្រោយមក Ari Behn បានធ្វើ​អត្តឃាត​កាលពី​ឆ្នាំ ២០១៩ ក្នុង​វ័យ ៤៧ ឆ្នាំ។

Advertisement