ហ្វូងមនុស្ស​នាំគ្នា​ដុត​សម្លាប់​បុរស​ម្នាក់ ព្រោះតែ​សង្ស័យថា ចាប់ជំរិត​កូនក្មេង

(ម៉ិចស៊ិក)-ទីប្រឹក្សានយោបាយ Picazo ត្រូវបាន​ហ្វូងមនុស្ស​វាយដំ និង​ស្រោច​សាំង​ពេញ​ខ្លួន រួច​ក៏​ដុត​ទាំង​រស់ បន្ទាប់ពី​ក្រុមអ្នកលេង​បណ្ដាញ​សង្គម​បាន​ចោទ​បុរស​នេះ​ថា ជា​អ្នកជួញដូរ​កុមារ។

អាជ្ញាធរ​មូលដ្ឋាន​កាលពី​ចុង​សប្ដាហ៍​កន្លង​បានឱ្យដឹងថា Daniel Picazo អាយុ ៣១ ឆ្នាំ ត្រូវបាន​ឡោមព័ទ្ធ​ដោយ​ហ្វូងមនុស្ស​ប្រមាណ ២០០ នាក់ នៅក្នុង​រដ្ឋ Puebla តំបន់​មជ្ឈិមបូព៌ា នៃ ប្រទេស​ម៉ិ​ក​ស៊ិ​ក បន្ទាប់ពី​មាន​ព័ត៌មាន​ដែល​សង្ស័យថា បុរស​ខាងលើនេះ​គឺជា​ជន​ចាប់ជំរិត​កុមារ។

ក្រុមប៉ូលិស​បាន​ព្យាយាម​ជួយសង្គ្រោះ Picazo និង​នាំ​គាត់​ចូលក្នុង​រថយន្ត​ល្បាត។ ប៉ុន្តែ ហ្វូងមនុស្ស​នៅតែ​បន្ត​បង្ខំ​ឱ្យ​បុរស​នេះ​ចេញមកក្រៅ និង​បាន​នាំខ្លួន​ទៅកាន់​ទីលានកីឡា​មួយកន្លែង។ នៅទីនេះ Picazo ត្រូវ​ហ្វូងមនុស្ស​វាយដំ​បន្តទៀត ព្រមទាំង​បាន​ស្រោច​ប្រេងសាំង និង​ដុត​ទាំង​រស់។

សាកសព​របស់​ជនរ​ង​គ្រោះ​ត្រូវបាន​គេ​រកឃើញ ក្រោយពី​ហ្វូងមនុស្ស​បាន​ចាកចេញ​អស់។

សភា​ជាន់​ទាប​ម៉ិ​ក​ស៊ិ​ក បានឱ្យដឹងថា Picazo មាន​ឋានៈ​ជាទី​ប្រឹក្សា​នៅ​ស្ថាប័ន​នេះ ព្រមទាំង​បាន​ថ្កោលទោស​ចំពោះ​ទង្វើ​របស់​ហ្វូងមនុស្ស​ផងដែរ។

Daniel Picazo អាយុ ៣១ ឆ្នាំ

«នេះ​មិនមែនជា​យុត្តិធម៌​ឡើយ វា​គឺជា​ភាពព្រៃផ្សៃ។ សមត្ថកិច្ច​នានា​កំពុងតែធ្វើការ​ស្រាវជ្រាវ​ដើម្បី​កំណត់​មុខសញ្ញា​ដែល​ត្រូវ​ទទួលខុសត្រូវ» អាជ្ញាធរ​ក្រុង Huachinango ដែលជា​អ្នកគ្រប់គ្រង​ទីរួមស្រុក Papatlazolco ជាទី​ដែល​កើតមាន​ហេតុការណ៍​ខាងលើ ប្រកាស​ដូច្នេះ។

កាលពី​ឆ្នាំ ២០១៩ នៅ Puebla មាន​បុរស ៧ នាក់ ត្រូវបាន​ហ្វូងមនុស្ស វាយដំ និង​ដុត​ទាំង​រស់។ ឆ្នាំ ២០១៨ បុរស ២ នាក់ ក៏ត្រូវ​ហ្វូងមនុស្ស​សម្លាប់​ដោយ​ដុត​ទាំង​រស់ បន្ទាប់ពី​មាន​ព័ត៌មាន​ដែល​ចែករំលែក​តាម​កម្មវិធី​ទំនាក់ទំនង WhatsApp ថា ពួកគេ​គឺជា​ក្រុម​ចាប់ជំរិត​ក្មេង។ ព័ត៌មាន​ចចាមអារ៉ាម​នេះ ក្រោយមក​ត្រូវបាន​បញ្ជាក់ថា គឺជា​រឿង​មិន​ពិត។

ស្ថាប័ន​ព័ត៌មាន និង​ចារកម្ម​អ៊ី​ន​ធើ​ណិ​ត របស់ រដ្ឋធានី​ម៉ិ​ក​ស៊ី​កូ Jose Gil ឱ្យដឹងថា បណ្ដាញ​សង្គម​បាន​ជាប់​ទាក់ទិន​នឹង​បទល្មើស​ឧក្រិដ្ឋ​ជាច្រើន​ករណី៕

Advertisement