(វីដេអូ)-ក្រុមហ៊ុន​អាល្លឺម៉ង់ បង្ហាញ​កំពូល​រថក្រោះ​បំពាក់​ប្រព័ន្ធ​បញ្ចូល​គ្រាប់​ស្វ័យប្រវត្ត និង​យន្តហោះ​គ្មាន​មនុស្ស​បើក

ក្រុមហ៊ុន​ការពារជាតិ Rheinmetall ប្រកាស​បង្ហាញ​រថក្រោះ KF៥១ Panther ដែល​ត្រូវបានធ្វើ​ទំនើបកម្ម​ជាច្រើន​ទៅលើ​ប្រព័ន្ធ​កាំភ្លើង​ធំ និង​ប្រព័ន្ធ​ការពារ​ខ្លួន ដើម្បី​ជំនួស​ឱ្យ​ស៊េរី Leopard ២ របស់ អាល្លឺម៉ង់។

ពិធី​បង្ហាញ​កំពូល​រថក្រោះ KF៥១ Panther ត្រូវបានរៀប​ចំ​​ធ្វើឡើង​នៅក្នុង​ព្រឹត្តិការណ៍​តាំងពិព័រណ៍​ឧស្សាហកម្ម​ការពារជាតិ Eurosatory នៅក្នុង រដ្ឋធានី​ប៉ារីស របស់​ ប្រទេស​បារាំង កាលពី​ថ្ងៃទី ១៣ ខែ​មិថុនា។ ក្រុមហ៊ុន​ការពារជាតិ​របស់ អាល្លឺម៉ង់ Rheinmetall ឱ្យដឹងថា នេះ​គឺជា​គម្រោង​វិនិយោគឯកជន ក្នុង​គោលបំណង​អភិវឌ្ឍ​កំណែ​រថក្រោះ​បន្ទាប់​របស់​ស៊េរី Leopard ២ នៅក្នុង​ជួរ​កងទ័ព​អាល្លឺម៉ង នាបច្ចុប្បន្ន ក៏ដូចជា​ទាក់ទាញ​អតិថិជន​នៅ អឺរ៉ុប។

Panther ក៏​ជា​ឈ្មោះ​របស់​រថក្រោះ​មួយ​ប្រភេទ​ក្នុងចំណោម​រថក្រោះ​លំដាប់​មធ្យម​ដ៏​ល្បីឈ្មោះ​របស់ អាល្លឺម៉ង់ កាលពី​សម័យ​សង្គ្រាមលោក​លើក​ទី ២ ដែលមាន​ជាង ៦,០០០ គ្រឿង​ត្រូវបាន​ផលិត។

Rheinmetall មិនទាន់​ប្រកាស​ព័ត៌មាន​លម្អិត​អំពី​មុខងារ​យុទ្ធសាស្ត្រ​នានា​របស់ KF៥១ Panther ប៉ុន្តែ ឱ្យដឹងថា វា​មាន​ទម្ងន់​ប្រហែល ៦៥ តោន ស្រាល​ជាង​ឆ្ងាយ​ធៀប​នឹង​បណ្ដា​រថក្រោះ​យុទ្ធសាស្ត្រ​របស់ បស្ចិម​លោក​នាពេល​បច្ចុប្បន្ន។ KF៥១ Panther ត្រូវបាន​បំពាក់​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​កម្លាំង ១,៤៧៥ សេះ។

កាំភ្លើង​ធំ​របស់ KF៥១ Panther ដែលមាន​កាណុង ១៣០ ម​ម បច្ចុប្បន្នកំពុង​ស្ថិតក្នុង​ដំណាក់កាល​អភិវឌ្ឍ។ នាយក​ប្រតិបត្តិ​របស់ Rheinmetall លោក Armin Papperger ឱ្យដឹងថា កាំភ្លើង​ធំ ១៣០ ម​ម មាន «ប្រសិទ្ធភាព​ខ្ពស់ជាង ៥០% និង​បាញ់​បាន​ឆ្ងាយ​ជាង​ច្រើន» ធៀប​នឹង​កាំភ្លើង​ធំ ១២០ ម​ម នៅលើ ស៊េរី Leopard ។

រថក្រោះ​នេះ តាម​គម្រោង​នឹងត្រូវ​បាន​បំពាក់​កាំភ្លើងយន្ត ១២.៧ ម​ម និង​ប្រព័ន្ធ​អាវុធ​ដែល​អាច​បញ្ជា​ពី​ចម្ងាយ រួម​នឹង​កន្លែង​សម្រាប់​ដាក់​យន្តហោះ​គ្មាន​មនុស្ស​បើក (UAV), គ្រាប់កាំភ្លើង HERO ១២០ និង មី​ស៊ី​ល​មួយចំនួន​ដែល​មិនទាន់​ត្រូវបាន​ប្រកាស​ឱ្យដឹង។

ក្រុមហ៊ុន​ខាងលើ​អះអាងថា ក្រុម​ប្រយុទ្ធ​របស់​រថក្រោះ​នេះ​នឹង​ត្រូវបាន​ការពារ​សុវត្ថិភាព​ខ្ពស់ជាង ធៀប​នឹង Leopard 2 ដោយមាន​បច្ចេកវិទ្យា​កា​រពារ​ខ្លួន​បែប​សកម្ម អកម្ម និង​ដែក​ការពារ​ពិសេស។

KF៥១ Panther ដាក់​មនុ​ស្សបាន ៣ នាក់ រួមមាន ប្រធាន​ក្រុម អ្នកបើកបរ និង​ខ្មាន់កាំភ្លើង​ធំ ដោយសារ​តែមាន​ប្រព័ន្ធ​បញ្ចូល​គ្រាប់​ស្វ័យប្រវត្តិ​សម្រាប់​កាំភ្លើង​ធំ។ ប៉ុន្តែ រថក្រោះ​នេះ​ក៏​អាចដាក់​មនុស្ស​បាន​ម្នាក់​បន្ថែមទៀត ដែល​អាចមាន​តួនាទី​ជា​មេបញ្ជាការ​ក្រុម​រថក្រោះ ឬ​អ្នក​កាន់ UAV៕

Advertisement