វៀតណាម ស្នើឱ្យ អាម៉េរិក ជំរុញឱ្យមាន​ដំណើរ​ទ​ស្សន​កិច្ច​របស់​ប្រធានាធិបតី បៃ​ដិ​ន នៅក្នុង​ឆ្នាំនេះ

អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម Ha Kim Ngoc និងសមភាគីអាម៉េរិក លោកស្រី Wendy Sherman

អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​វៀតណាម Ha Kim Ngoc បានស្នើ​ឱ្យ​សម​ភាគី​អាម៉េរិក Wendy Sherman សហការ​ជំរុញឱ្យមាន​ដំណើរ​ទស្សនកិច្ច​មក​កាន់ ប្រទេស​វៀតណាម របស់ ប្រធានាធិបតី ចូ បៃ​ដិ​ន នៅក្នុង​ឆ្នាំ ២០២២។

សំណើ​ខាងលើ​ត្រូវ​បានលើកឡើង​ក្នុងជំនួប​ជាមួយ អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​អាម៉េរិក Wendy Sherman នៅ រដ្ឋធានី​ហាណូយ កាលពី​ថ្ងៃទី ១៣ មិថុនា នេះ​បើតាម​ប្រកាស​នា​ថ្ងៃនេះ​របស់ ក្រសួងការបរទេស​វៀ​ត​ណា​ម។

លោក​អនុរដ្ឋមន្ត្រី​ការបរទេស​វៀតណាម ចង់ឱ្យ សហរដ្ឋ​អាម៉េរិក បន្ត​ផ្លាស់ប្ដូរ និង​ចែករំលែក​ព័ត៌មាន​ជាមួយ វៀតណាម ស្ដីពី​គំនិត​ផ្ដួចផ្ដើម​ក្នុង​តំបន់ រួមទាំង​ការយកចិត្ត​ទុក និង​ផ្ដល់ជំនួយ​ដល់ វៀតណាម ក្នុងការ​ដោះស្រាយ​ផលវិបាក​នៃ​សង្គ្រាម​នៅ វៀតណាម ក៏ដូចជា​ការប្ដូរ​ផ្លាស់​ក្នុង​វិស័យ​ថាមពល​ស្អាត។

អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​អាម៉េរិក លោកស្រី Wendy Sherman ក៏បាន​ប្រកាស​អំពី​ខ្ទង់​ថវិកា​ជំនួយ​បន្ថែម ១៩ លាន​ដុល្លារ សម្រាប់​សកម្មភាព​ដោះមីន​នៅ វៀតណាម និង​អះអាងថា សហរដ្ឋ​អាម៉េរិក ត្រៀមខ្លួន​ជួយ​ផ្គត់ផ្គង់​ធនធានមនុស្ស ហិរញ្ញវត្ថុ បច្ចេកវិទ្យា និង​បច្ចេកទេស ដើម្បីឱ្យ វៀតណាម អនុវត្ត​ជោគជ័យ​នូវ​អ្វីដែល​បាន​សន្យា​ក្នុង​ព្រឹត្តិការណ៍ COP២៦។

ក្នុងជំនួប​ជាមួយ រដ្ឋមន្ត្រី​ក្រសួងការបរទេស​វៀតណាម Bui Thanh Son ក្នុង​ថ្ងៃ​ដដែល លោកស្រី Wendy Sherman បញ្ជាក់ថា សហរដ្ឋ​អាម៉េរិក យកចិត្តទុកដាក់​លើ​ភាពជា​ដៃគូ​គ្រប់​វិស័យ​ជាមួយនឹង វៀតណាម និង​មានបំណង​លើកកម្ពស់​ទំនាក់ទំនង​នៅក្នុងពេល​ដ៏​សមស្រប ព្រមទាំង​បាន​សម្ដែង​ការគាំទ្រ​ដល់ ប្រទេស​វៀតណាម ដែលមាន​ការរីកចម្រើន ប្រកបដោយ​វិបុលភាព។

ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ស្រី Sherman នៅ វៀតណាម ត្រូវបាន​ធ្វើឡើង​ចាប់ពី​ថ្ងៃទី ១០ ដល់ ១៣ មិថុនា តប​តាម​ការអញ្ជើញ​របស់ រដ្ឋមន្ត្រី​ក្រសួងការបរទេស​វៀតណាម Bui Thanh Son។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ភាគី​ទាំង​ពីរបាន​ពិភាក្សាគ្នា​អំពី​បញ្ហា​ទ្វេភាគី បញ្ហា​ក្នុង​តំបន់ និង​អន្តរជាតិ។

ទំនាក់ទំនង​រវាង វៀតណាម-សហរដ្ឋ​អាម៉េរិក ត្រូវបាន​ធ្វើឱ្យមាន​ប្រក្រតីភាព​ឡើងវិញ ចាប់តាំងពី​ឆ្នាំ ១៩៩៥។ ប្រទេស​ទាំងពីរ​បា​នប​ង្កើ​ត​ទំនាក់ទំនង​គ្រប់​ជ្រុងជ្រោយ​ចាប់ពី​ឆ្នាំ ២០១៣ ហើយ សហរដ្ឋ​អាម៉េរិក ក៏បាន​ប្រកាស​លុបចោល​ទាំងស្រុង​នូវ​ការហាមឃាត់​ការលក់​អាវុធ​ឱ្យ វៀតណាម ចាប់ពី​ឆ្នាំ ២០១៦។

សហរដ្ឋ​អាម៉េរិក គឺជា​ទីផ្សារ​នាំចេញ​ធំជាងគេ​បង្អស់​សម្រាប់ វៀតណាម ដោយ​ការនាំចេញ​ទំនិញ​របស់​ប្រទេស​នេះ​ទៅកាន់ សហរដ្ឋ​អាម៉េរិក បាន​ឡើងដល់ ៩១.៥ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២១ កើន​ជាង ២៥% ធៀប​នឹង​ឆ្នាំ ២០២០។ វៀតណាម ក៏បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​លំដាប់​ទី ៩ របស់ សហរដ្ឋ​អាម៉េរិក។ គិត​ត្រឹម​ខែមីនា ២០២២ ខ្ទង់​វិនិយោគ​ផ្ទាល់​របស់ សហរដ្ឋ​អាម៉េរិក នៅ វៀតណាម បាន​ឡើងដល់ ១០.៣ ពាន់​លាន​ដុល្លារ ឈរ​លំដាប់​ទី ១១ ក្នុងចំណោម ១៤១ ប្រទេស និង​ដែនដី ដែលមាន FDI (ការវិនិយោគ​ផ្ទាល់​របស់​បរទេស) នៅ វៀតណាម៕

Advertisement