ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ស្បថ​ថា នឹង​វាយ​ដណ្ដើមយក​មកវិញ​ទាំង​តំបន់ Donbass ទាំង​តំបន់ Crimea

ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡែនស្គី

ថ្ងៃទី ១៣ មិថុនា ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី ប្រកាសថា នឹង «រំដោះ» តំបន់ Crimea, Donetsk និង Lugansk ដែល​បច្ចុប្បន្ន​ត្រូវបាន​គ្រប់គ្រង​ដោយ រុស្ស៊ី និង​ក្រុម​ផ្ដាច់ខ្លួន។

នៅក្នុង​ប្រសាសន៍​ខាងលើ​ដែល​ត្រូវបាន​ចុះផ្សាយ​កាលពី​ព្រលប់​ថ្ងៃទី ១៣ មិថុនា លោក ហ្សេ​ឡែ​ន​ស្គី និយាយថា «យើង​នឹង​ទៅកាន់​ទីក្រុង​ទាំងអស់​របស់​យើង ទៅកាន់​ភូមិឋាន​ទាំងអស់​របស់​យើង ជាទី​ដែល​មិនទាន់បាន​ដោត​ទង់ជាតិ​អ៊ុយ​ក្រែ​ន»។ មេដឹកនាំ​រូបនេះ​បញ្ជាក់ថា កងទ័ព​អ៊ុយ​ក្រែ​ន នឹង​ឈ្នះ​សង្គ្រាម​នៅ​ភាគ​ខាងកើត​ប្រទេស​នេះ ដណ្ដើម​មកវិញ​នូវ​បណ្ដា​ទីក្រុង​ដូចជា Mariupol, Kherson និង Melitopol ពី​ដៃ​រុស្ស៊ី និង​ក្រុម​ផ្ដាច់ខ្លួន DPR និង LPR។

«ខ្ញុំ​ស្នើឱ្យ​គ្រប់គ្នា​ដែលមាន​ឱកាស​ទាក់ទង​នឹង​អ្នក​នៅ​តំបន់​ដែល​ត្រូវបាន​គេ​ចូលកាន់​កាប់…។ ចូរ​ប្រាប់ថា នឹងមាន​ការចូល​រំដោះ…។ ចូរ​ប្រាប់ Gorlovka, Donetsk និង Lugansk ដូច្នេះ។ ចូរ​ប្រាក់​ពួកគេ​ថា កងទ័ព​អ៊ុយ​ក្រែ​ន ប្រាកដជា​នឹង​​ទៅ​ដល់​​ទី​នោះ។ ហើយ​ច្បាស់​ណាស់ យើង​នឹង​រំដោះ​ទាំង Crimea។ ចូរ​ឱ្យ​ក្រុមមន្ត្រី​រុស្ស៊ី ចងចាំ​ថា ៖ ទីនេះ​មិនមែនជា​តំបន់​ដែល​ពួកគេ​នឹង​ទទួលបាន​សន្តិភាព»។

យ៉ាងណាក៏ដោយ កន្លងមក ទាំង​ប្រធានាធិបតី ទាំង​ក្រុមមន្ត្រី​របស់ អ៊ុយ​ក្រែ​ន ក៏​ធ្លាប់បាន​បង្ហើប​ឱ្យដឹងថា មានការ​លំបាក​ខ្លាំង​ក្នុងការ​ទប់ទល់​នឹង​សត្រូវ​នៅ​ភាគ​ខាងកើត​របស់​ប្រទេស​នេះ។ ទាហាន​របស់ អ៊ុយ​ក្រែ​ន ក៏ត្រូវ​ពលី​ជីវិត​ពី ១០០ ទៅ ២០០ នាក់​ជា​រៀងរាល់ថ្ងៃ នេះ​បើតាម​លោក ហ្សេ​ឡែ​ន​ស្គី។

លោក Oleksiy Danilov ប្រធាន​ក្រុមប្រឹក្សា​ការពារជាតិ និង​សន្តិសុខ​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ៧ មិថុនា យល់ថា អ៊ុយ​ក្រែ​ន នៅតែ​មានឱកាស​ដណ្ដើម​បាន​ជ័យជម្នះ ប៉ុន្តែ ត្រូវតែមាន​ការជួយជ្រោមជ្រែង​ពី​បណ្ដា​ប្រទេស​លោកខាងលិច៕

Advertisement