តា​លី​បង់ ប្រដូច​ស្ត្រី​ដែល​មិន​បិទបាំង​មុខ ទៅនឹង «សត្វ​តិរច្ឆាន»

Burqa គឺជាឈុតសម្លៀកបំពាក់ គ្របពីក្បាលដល់ចុងជើង សម្រាប់ស្ត្រីដែលកាន់សាសនាអ៊ីស្លាម

(អា​ហ្វ​ហ្គា​នី​ស្ថាន)-ប៉ូលិស​សាសនា​របស់ តា​លី​បង់ បិទ​បដា​នៅ​ពាសពេញ​ទីក្រុង Kandahar និយាយថា ស្ត្រី​ដែល​មិន​បិទបាំង​មុខ​គឺ​កំពុងតែ «ព្យាយាម​ធ្វើខ្លួន​ឱ្យ​ដូច​សត្វ»។

ក្រសួង​អប់រំ​សីលធម៌ និង​បង្ការ​អំពើពុករលួយ ដែលជា​ស្ថាប័ន​អនុវត្ត​ច្បាប់​សាសនា​អ៊ីស្លាម ក្នុង​សប្ដាហ៍​នេះ បាន​បិទ​ប្រកាស​នៅ​ពេ​ស​ពេញ​ដងផ្លូវ​ក្នុង​ទីក្រុង Kandahar ភាគខាងត្បូង​អា​ហ្វ​ហ្គា​នី​ស្ថាន បង្ហាញ​អំពី​រូបភាព burqa ដែលជា​ប្រភេទ​សម្លៀកបំពាក់ គ្រប​ពី​ក្បាល​ដល់​ចុងជើង សម្រាប់​ស្ត្រី​ដែល​កាន់សាសនា​អ៊ីស្លាម។

«ស្ត្រី​ជា​អ៊ីស្លាម​សាសនិក​ទាំងឡាយ​ដែល​មិន​ពាក់​កន្សែង​គ្រប​ក្បាល កំពុងតែ​ធ្វើខ្លួន​ឱ្យ​ដូច​សត្វ​តិរច្ឆាន» នេះ​បើតាម​ខ្លឹមសារ​ដែល​បាន​សរសេរ​នៅលើ​បដា និង​ផ្ទាំង​ប្រកាស​ព័ត៌មាន​នានា​ដែល​ត្រូវបាន​បិទ​នៅតាម​ហាង​កាហ្វេ ហាង​ទំនិញ ក៏ដូចជា​នៅលើ​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ Kandahar ជា​មូលដ្ឋាន​អំណាច​សំខាន់​ជាងគេ​របស់ តា​លី​បង់។

យោងតាម​បណ្ដា​ផ្ទាំង​ប្រកាស​ព័ត៌មាន ការ​ស្លៀកពាក់​ខើច​ខ្លី រឹប​រាង និង​ស្ដើង ក៏​ជា​ប្រការ​ផ្ទុយ​ពីបទ​បញ្ជា​របស់ អាជ្ញាធរ​តា​លី​បង់។

ចាប់តាំងពី​បាន​ឡើងកាន់​អំណាច​កាលពី​ខែសីហា ឆ្នាំ ២០២១ តា​លី​បង់ បាន​រឹតបន្តឹង​បញ្ហា​ជាច្រើន​ចំពោះ​ស្ត្រី។ កាលពី​ខែឧសភា ២០២២ តា​លី​បង់ ក៏បាន​អនុម័ត​បទបញ្ជា​ដែល​និយាយថា ស្ត្រី​គួរតែ​នៅផ្ទះ។ ស្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន ក៏ត្រូវ​បាន​បញ្ជា​ឱ្យ​បិទមុខ បើសិន​ចេញទៅ​កាន់​ទីសាធារណៈ។

តា​លី​បង់ កន្លងមក បាន​សន្យា​លើ​រឿង​ជាច្រើន ក៏ប៉ុន្តែ ភាគច្រើន​មិនត្រូវ​បាន​ពួកគេ​គោរព​អនុវត្ត ក្នុងនោះ​មានដូចជា​ការអនុញ្ញាត​ឱ្យ​និស្សិត​ស្រី​ចូលរៀន​ជាដើម ធ្វើឱ្យមាន​ការរិះគន់​ពី​រដ្ឋាភិបាល​បរទេស។

ស្នងការ​សិទ្ធិមនុស្ស​នៃ អង្គការសហប្រជាជាតិ Michelle Bachelet កាលពី​ថ្ងៃទី ១៥ មិថុនា បាន​រិះគន់​អាជ្ញាធរ​តា​លី​បង់ ព្រោះតែ «ការកៀបសង្កត់​ជា​ប្រព័ន្ធ​ដែល​ត្រូវបាន​ដាក់​ជា​របប» ទៅលើ​ស្ត្រីភេទ។ លោកស្រី Bachelet ថ្លែងថា «ស្ថានភាព​របស់​ពួកគេ (ស្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន) គឺ​ពិតជា​គ្រោះថ្នាក់ និង​លំបាក​ខ្លាំង»៕

Advertisement