ប្រទេស​លី​ទុយ​អា​នី «ស្វាគមន៍» ចំពោះ​សកម្មភាព​ឆ្លើយតប​រប​ស់ រុស្ស៊ី ជុំវិញ​បញ្ហា​បិទ​ខ្ទប់ Kaliningrad

ប្រធានាធិបតី Gitanas Nauseda

ប្រធានាធិបតី Gitanas Nauseda បានឱ្យដឹងថា លី​ទុយ​អា​នី (Lithuania ឬ Litva) ត្រៀមខ្លួន​រួចរាល់​ហើយ​ក្នុងការ​ពង្រីក​ការបិទ​ខ្ទប់​ទីក្រុង Kaliningrad របស់ រុស្ស៊ី និង​ស្វាគមន៍​សកម្មភាព «មិន​ស្និទ្ធស្នាល» ពី ភាគី​ទីក្រុង​មូ​ស្គូ។

«យើង​បាន​ប្រុងប្រៀប និង​ត្រៀមខ្លួន​រួចរាល់​សម្រាប់​សកម្មភាព (តបត) មិន​ស្និទ្ធស្នាល​ពី​សំណាក់ អាជ្ញាធរ​រុស្ស៊ី ដូច​ជាការ​កាត់ផ្ដាច់​ប្រទេស​យើង​ពី​ប្រព័ន្ធ BRELL (បណ្ដាញ​អគ្គិសនី) ឬ រាល់​វិធានការ​ដទៃ» ប្រធានាធិបតី​របស់ ប្រទេស​លី​ទុយ​អា​នី លោក Nauseda ថ្លែង​ដូច្នេះ​កាលពី​ថ្ងៃទី ២២ មិថុនា។

៣០ ឆ្នាំ បន្ទាប់ពី​បាន​បំបែក​ខ្លួន​ចេញពី សហភាពសូវៀត និង ១៧ ឆ្នាំ ក្រោយពី​បាន​ចូល​ជា​សមាជិក សហភាព​អឺរ៉ុប (EU) ប្រទេស​លី​ទុយ​អា​នី, ឡេ​តូ​នី និង អេ​ស្តូ​នី នៅតែ​ពឹង​ផ្អែកលើ​ប្រភព​ផ្គត់ផ្គង់​អគ្គិសនី​ពី ប្រទេស​រុស្ស៊ី។

ក៏ប៉ុន្តែ លី​ទុយ​អា​នី កាលពី​ឆ្នាំ​កន្លង បាន​កែលម្អ​បណ្ដាញ​អគ្គិសនី​របស់ខ្លួន ដោយ​ភ្ជាប់​ជាមួយ​បណ្ដាញ​អគ្គិសនី​របស់ ប្រទេស​ប៉ូឡូញ ដែលជា​សមាជិក​របស់ សហភាព​អឺរ៉ុប ក្នុង​បំណង​ធានា​ដល់​ការផ្គត់ផ្គង់​អគ្គិសនី​ក្នុងករណី​ត្រូវបាន រុស្ស៊ី ផ្ដាច់​ចរន្ត។

ទីក្រុង Kaliningrad របស់ រុស្ស៊ី

លី​ទុយ​អា​នី កាលពី​សប្ដាហ៍​កន្លង បានប្រកាសថា ចាប់ពី​ថ្ងៃទី ១៨ មិថុនា ប្រទេស​នេះ​នឹង​បិទ​ផ្លូវដែក​ដែល​ភ្ជាប់​ពី ទឹកដី​រុស្ស៊ី ទៅកាន់​ដែនដី Kaliningrad របស់ ទីក្រុង​មូ​ស្គូ។

ការបញ្ចេញមតិ​របស់​លោក Nauseda ត្រូវ​បានលើកឡើង​បន្ទាប់ពី រុស្ស៊ី ស្នើ និង​ព្រមាន​ឱ្យ លី​ទុយ​អា​នី ដក​ការ​រឹតត្បិត​លើ​ការដឹកជញ្ជូន​ទំនិញ​ទៅតាម​ផ្លូវដែក​ខាងលើ បើ​មិន​ដូច្នោះ​ទេ រុស្ស៊ី នឹង​ចាត់វិធានការ​ឆ្លើយតប ដែល «មាន​ផលប៉ះពាល់​អាក្រក់​ដល់​ប្រជាជន​លី​ទុយ​អា​នី»៕

Advertisement