ហ្វាំ​ង​ឡង់ ប្រកាសថា បាន​ត្រៀម «ជើង​ព្រួល» ដើម្បី​វាយបក បើសិន​ត្រូវ រុស្ស៊ី វាយប្រហារ

ឧ​ត្ត​ម​សេនីយ៍ Kivinen អះអាងថា ហ្វាំ​ង​ឡង់ បាន​ប្រុងប្រៀប​រួចរាល់​ហើយ​សម្រាប់​កាលៈទេសៈ​ដែល​ត្រូវបាន រុស្ស៊ី វាយប្រហារ ហើយ​ថា «នឹង​វាយបក​យ៉ាងខ្លាំង​ក្លា»។

«យើង​បាន​អភិវឌ្ឍ​ប្រព័ន្ធ​ការពារ​យោធា​របស់​យើង ដែលមាន​ជំនាញ​ក្នុងការ​ទប់ទល់​នឹង​ប្រភេទ​សង្គ្រាម​ដូចដែល​កំពុង​ត្រូវបាន​ធ្វើឡើង​នៅ អ៊ុយ​ក្រែ​ន ជាមួយនឹង​ការវាយប្រហារ​ជា​ហ្វូង​តាមផ្លូវ​អាកាស ការបង្កើន​ចំនួន​រថពាសដែក និង​ទ័ពអាកាស» ឧ​ត្ត​ម​សេនីយ៍ Timo Kivinen មេបញ្ជាការ​កងកម្លាំង​ស្វ័យការពារ​របស់ ហ្វាំ​ង​ឡង់ កាលពី​ថ្ងៃទី ២២ មិថុនា បាន​ថ្លែង​ដូច្នេះ។ លោក​បន្ថែមថា «អ៊ុយ​ក្រែ​ន គឺជា​តំបន់​ដែលមាន​ការលំបាក​សម្រាប់ រុស្ស៊ី ហើយ ហ្វាំ​ង​ឡង់ ក៏​ដូច្នេះ។

លោក Kivinen អះអាងថា ហ្វាំ​ង​ឡង់ បាន​ប្រុងប្រៀប​រួចរាល់​ហើយ​សម្រាប់​កាលៈទេសៈ​ដែល​ត្រូវ​រង​ការវាយប្រហារ​ពី រុស្ស៊ី ហើយ​ថា នឹង​វាយបក​យ៉ាង​ចាស់ដៃ បើសិន​ប្រការនេះ​កើតឡើង។ ឧ​ត្ត​ម​សេនីយ៍​រូបនេះ​បញ្ជាក់ថា ប្រទេស​ហ្វាំ​ង​ឡង់ មាន​កម្លាំង​ប្រយុទ្ធ ក៏ដូចជា​បាន​កសាង​ឃ្លាំង​អាវុធ​ច្រើន​គួរសម។

ទាក់ទិន​នឹង​ការលើកឡើង​របស់​ឧ​ត្ត​ម​សេនីយ៍ Kivinen ភាគី​ខាង​រុស្ស៊ី មិនទាន់មាន​ប្រតិកម្ម​អ្វី​នៅឡើយ។

ការអះអាង​របស់​មន្ត្រី​ជាន់ខ្ពស់​នៃ ប្រទេស​ហ្វាំ​ង​ឡង់ ខាងលើ ត្រូវបាន​លើកឡើង​ក្នុង​គ្រា​ដែល​ទំនាក់ទំនង​រវាង ប្រទេស​នេះ និង រុស្ស៊ី កំពុងមាន​ភាព​តានតឹង​ខ្លាំង ក្រោយពី ហ្វាំ​ង​ឡង់ និង ស៊ុយអែត បានដាក់​ពាក្យ​សុំចូល​ជា​សមាជិក​របស់​សម្ព័ន្ធ​មិត្ត​យោធា​ណា​តូ កាលពី​ថ្ងៃទី ១៨ ឧសភា។

ឧត្តមសេនីយ៍ Timo Kivinen
ផែនទី​នៃ​បណ្ដា​ប្រទេស​ណាតូ និង​ ហ្វាំងឡង់ និង​ ស៊ុយអែត
Advertisement