ហុងកុង​រំលឹក​ខួប​គម្រប់ ២៥ ឆ្នាំ ដែល​បាន​ត្រលប់​ទៅ ប្រទេស​ចិន វិញ

ហុងកុង​កំពុង​ប្រារព្ធ​ពិធី​ជាច្រើន​ដើម្បី​អបអរ​ខួប​គម្រប់ ២៥ ឆ្នាំ ដែល ចក្រភព​អង់គ្លេស បានប្រគល់​ទីក្រុង​នេះ​មកឱ្យ ប្រទេស​ចិន វិញ។ តាម​គម្រោង ព្រឹត្តិការណ៍​នេះ​នឹងមាន​ការចូលរួម​ពី ប្រធានាធិបតី ស៊ី ជីន​ពីង ផងដែរ។

ព្រឹត្តិការណ៍​ខួប ២៥ ឆ្នាំ ដែល ហុងកុង បាន​ត្រលប់មក ប្រទេស​ចិន វិញ​នេះ ត្រូវបាន​ចាប់ផ្ដើម​នា​ព្រឹក​ថ្ងៃទី ១ កក្កដា ដោយមាន​ពិធី​លើក​ទង់ជាតិ​នៅ មជ្ឈមណ្ឌល​សន្និបាត Wan Chai ក្រោម​វត្តមាន​របស់ ប្រធាន​ប្រតិបត្តិ​តំបន់​ពិសេស​ហុងកុង លោកស្រី Carrie Lam និង​មេដឹកនាំ​ថ្មី John Lee ដែល​នឹង​ស្បថ​ចូលកាន់​តំណែង​នៅក្នុង​ថ្ងៃនេះ។

ទង់ជាតិ​របស់ ប្រទេស​ចិន ត្រូវបាន​បង្ហូត​ឡើង ក្នុងពេលដែល​ឧទ្ធម្ភាគចក្រ​ភ្ជាប់​មាន​បដា​ពាក្យស្លោក ហោះ​ឆ្លងកាត់​មជ្ឈមណ្ឌល​សន្និបាត។

ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង មិន​ចូលរួម​ក្នុង​ពិធី​លើក​ទង់ជាតិ​នេះ។ ក្រុមមន្ត្រី​ហុងកុង មិនបាន​បង្ហើប​ឱ្យដឹង​អំពី​ដំណើរ ក៏ដូចជា​វត្តមាន​រប​ស់លោក ស៊ី ព្រោះតែ​ដើម្បី​ការពារ​សន្តិសុខ។

តាម​គម្រោង ព្រឹត្តិការណ៍​នេះ​នឹងមាន​ការចូលរួម​ពី ប្រធានាធិបតី ស៊ី ជីន​ពីង ផងដែរ។ នេះ​គឺជា​លើកដំបូង​ហើយ​ដែល​លោក​ចាក​ចេញពី ចិនដីគោក រាប់​ចាប់តាំងពី​ជំងឺ​រាតត្បាត​សកល​កូ​វីដ-១៩ បាន​ផ្ទុះឡើង​កាលពី​ចុងឆ្នាំ ២០១៩។ ដំណើរ​ទស្សនកិច្ច​ចុងក្រោយបង្អស់​របស់លោក ស៊ី ជីន​ពីង ត្រូវបាន​ធ្វើឡើង​កាលពី​ឆ្នាំ ២០១៧ គ្រា​ដែល​លោក​ចូលរួម​ព្រឹត្តិការណ៍​ខួប​គម្រប់ ២០ ឆ្នាំ ដែល ហុងកុង ត្រូវបាន​ប្រគល់​មកឱ្យ ប្រទេស​ចិន និង​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់លោក​ស្រី Carrie Lam។

ប្រភពព័ត៌មាន​ពី អាជ្ញាធរ​ក្រុង​ហុងកុង បានឱ្យដឹងថា សមត្ថកិច្ច​បាន និង​កំពុង​រឹប​បន្តឹង​សន្តិសុខ​ជាពិសេស ដើម្បី​ធានា​សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ។

Advertisement