ប្រធានាធិបតី បៃ​ដិ​ន ប្រកាស​កញ្ចប់​ជំនួយ​ថ្មី​តម្លៃ ៨០០ លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន

ប្រធានាធិបតីសហរដ្ឋ​អាម៉េរិក លោក ចូ បៃដិន

សហរដ្ឋ​អាម៉េរិក នឹង​ប្រកាស​លម្អិត​អំពី​កញ្ចប់​ជំនួយ​ថ្មី​ដែលមាន​តម្លៃ ៨០០ លាន​ដុល្លារ សម្រាប់ អ៊ុយ​ក្រែ​ន នៅក្នុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ក្នុងនោះ រួមមាន​ទាំង​ប្រព័ន្ធ​ការពារ​ដែនអាកាស​ផងដែរ នេះ​បើតាម ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិ​ន ដែល​បាន​ថ្លែង​នៅក្នុង​សន្និបាត​កំពូល​របស់ ណា​តូ នៅ រាជធានី​ម៉ា​ឌ្រី​ដ ប្រទេស​អេ​ស្ប៉ា​ញ។

យោងតាម នាយករដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន Denys Shmyhal ទីក្រុង​កៀវ បានទទួល​ជំនួយ​ជា​ហិរញ្ញវត្ថុ និង​យោធា ១២ ពាន់​លាន​ដុល្លារ​អាម៉េរិក រាប់​ចាប់តាំងពី រុស្ស៊ី ចាប់ផ្ដើម​ចូល​ឈ្លានពាន​ប្រទេស​នេះ​កាលពី​ខែកុម្ភៈ ២០២២។

ប្រកាស​អំពី​កញ្ចប់​ជំនួយ​ថ្មី​របស់ ប្រធានាធិបតី បៃ​ដិ​ន ត្រូវ​បានលើកឡើង​បន្ទាប់ពី ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាម៉េរិក Jake Sullivan បញ្ជាក់ថា ទីក្រុង​វ៉ា​ស៊ី​ង​តោន កំពុង​បង្ហើយ​កិច្ចព្រមព្រៀង ក្នុងនោះ​ក៏មាន​ការផ្គត់ផ្គង់ «បណ្ដា​ប្រព័ន្ធ​ការពារ​ដែនអាកាស​រយៈ​ចម្ងាយ​ឆ្ងាយ និង​មធ្យម​ទំនើប​បំផុត ទៅឱ្យ អ៊ុយ​ក្រែ​ន រួមទាំង​សព្វាវុធ​ចាំបាច់​ដទៃទៀត ដូចជា គ្រាប់កាំភ្លើង​ធំ និង​ប្រព័ន្ធ​រ៉ា​ដា​ជាដើម»។

នៅក្នុង​កិច្ចប្រជុំ​កំពូល​របស់ ណា​តូ នៅ ម៉ា​ឌ្រី​ដ ប្រធានាធិបតី​អាម៉េរិក ក៏បាន​អះអាងថា រុស្ស៊ី គឺជា​មូលហេតុ​ចម្បង​ដែល​បាន​នាំឱ្យ​ប្រេង​ឡើងថ្លៃ​ខ្ពស់។

លោក បៃ​ដិ​ន ថ្លែងថា រដ្ឋាភិបាល​អាម៉េរិក នឹង​ជំរុញ​ផែនការ​ផ្ដល់ជំនួយ​ផ្នែក​ពន្ធដារ និង​កំណត់​តម្លៃ​ពិតាន​ចំពោះ​ប្រេង​ឧស្ម័ន​របស់ រុស្ស៊ី ដើម្បី​កាត់បន្ថយ​ឱ្យ​បានជា​អតិបរមា​នូវ​ផលប៉ះពាល់​ដែល​ប្រជាជន​អាម៉េរិក កំពុង​ជួបប្រទះ៕

Advertisement