ខឹង រុស្ស៊ី ចំអក​ឱ្យខ្លាំង​ពេក បារាំង សម្រេច​​ផ្ដល់ជំនួយ​ជា​កាំភ្លើង​ធំ​ចល័ត​ច្រើន​គ្រឿង​ទៀត ទៅឱ្យ អ៊ុយ​ក្រែ​ន

កាំភ្លើង​ធំ​ចល័ត CAESAR របស់​ បារាំង

ប្រធានាធិបតី​បារាំង លោក ម៉ា​ក្រុង បាន​ថ្លែងថា បារាំង នឹង​ផ្គត់ផ្គង់​កាំភ្លើង​ធំ​ចល័ត CAESAR ចំនួន ៦ គ្រឿង​និង​រថពាសដែក​ជាច្រើន​គ្រឿង​ទៀត​ទៅឱ្យ អ៊ុយ​ក្រែ​ន ដើម្បី​ទប់ទល់​នឹង រុស្ស៊ី។

«នៅ ណា​តូ យើង​បាន​ឯកភាពគ្នា​ដូច​ទៅនឹង​អ្វីដែល​បាន​ធ្វើឡើង​នៅក្នុង ក្រុមប្រឹក្សា​អឺរ៉ុប (EC) និង G៧ នោះ​គឺ​ការជំរុញ​ការផ្ដល់​ជំនួយ​ផ្នែក​សេដ្ឋកិច្ច មនុស្សធម៌ និង​យោធា ទៅឱ្យ អ៊ុយ​ក្រែ​ន» ប្រធានាធិបតី​បារាំង លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បាន​បង្ហោះ​សារ​នៅលើ Twitter កាលពី​ម្សិលមិញ (៣០ មិថុនា) ដូច្នេះ។ «បារាំង នឹង​ប្រញាប់​ផ្គត់ផ្គង់​អាវុធ​ដែល អ៊ុយ​ក្រែ​ន ត្រូវការ​ដើម្បី​ការពារ​ខ្លួន ក្នុងនោះ​មាន​កាំភ្លើង​ធំ​ចល័ត CAESAR ចំនួន ៦ គ្រឿង និង​រថពាសដែក​ជាច្រើន​គ្រឿង​បន្ថែមទៀត»។

បារាំង បានប្រគល់​កាំភ្លើង​ធំ​ចល័ត CAESAR ចំនួន ១២ គ្រឿង​ទៅឱ្យ អ៊ុយ​ក្រែ​ន រួចហើយ។ កាំភ្លើង​ធំ​ដែល​អាច​បាញ់​បាន​រយៈ​ចម្ងាយ​ពី ៤.៥ ដល់ ៤២ គីឡូម៉ែត្រ និង​ត្រូវបាន​បំពាក់​ប្រព័ន្ធ​បញ្ចូល​គ្រាប់​ពាក់កណ្ដាល​ស្វ័យប្រវត្ត​នេះ ត្រូវបាន បារាំង​បាន​អភិវឌ្ឍ​ចាប់តាំងពី​ឆ្នាំ ១៩៩០ និង​ដាក់ឱ្យ​ប្រើប្រាស់​ក្នុង​ជួរ​កងទ័ព​ចាប់តាំងពី​ឆ្នាំ ២០០៨។

កងកម្លាំង​រុស្ស៊ី បាន​កម្ទេច CAESAR យ៉ាងតិច ១ គ្រឿង នៅពេល​វាយប្រហារ​លើ​អង្គភាព​កាំភ្លើង​ធំ​របស់ អ៊ុយ​ក្រែ​ន នៅលើ​កោះ Kubansky។ ក្រុម​អ្នកនយោបាយ​រុស្ស៊ី ឱ្យដឹងថា រុស្ស៊ី វាយ​យកបាន​កាំភ្លើង​ធំ CAESAR ដែល បារាំង បញ្ជូន​មកឱ្យ អ៊ុយ​ក្រែ​ន ចំនួន ២ គ្រឿង និង​បាន​រិះគន់ថា ទាហាន​អ៊ុយ​ក្រែ​ន «ដកថយ​លឿន​ដល់​ថ្នាក់​មិនមាន​ពេល​កម្ទេច​ពួកវា (កាំភ្លើង​ធំ)»។

តំណាង​រោងចក្រ Uralvagonzavod (UVZ) របស់ រុស្ស៊ី បាន​ចំអក​ថា រុស្ស៊ី អរគុណ​ដល់ ប្រធានាធិបតី ម៉ា​ក្រុង «ដែល​បាន​ផ្ញើ​កាំភ្លើង​ធំ​ចល័ត» មកឱ្យ​ពួកគេ និង​យល់ថា CAESAR «គ្មានអ្វី​ពិសេស​ដូច MSTA-S របស់ រុស្ស៊ី» ប៉ុន្តែ​ថា «វា​នៅតែមាន​ប្រយោជន៍» និង​ស្នើឱ្យ បារាំង «បញ្ជូនមក​បន្ថែមទៀត»៕

Advertisement