រកឃើញ​រណ្ដៅ​ខុសធម្មតា​លើ​ឋាន​ព្រះ​ចន្ទ កើតឡើង​ដោយសារ​គ្រាប់​រ៉ុក្កែត​ដ៏​អាថ៌កំបាំង

រ៉ុក្កែត​មួយគ្រា​ប់​ដែល​អ្នកវិទ្យាសាស្ត្រ​មិនដឹង​ប្រភព​ច្បាប់ បាន​ហោះ​មក​បុកដី​ព្រះ​ចន្ទ បន្សល់ទុក​រណ្ដៅ​ភ្លោះ​ខុសធម្មតា។

យានអវកាស​ហោះ​លើ​គន្លង​គោចរ​ឋាន​ព្រះ​ចន្ទ Lunar Reconnaissance Orbiter របស់ ណា​សា ថ្មីៗនេះ​បាន​ប្រទះឃើញ​រ៉ុក្កែត​មិន​ស្គាល់​អត្តសញ្ញាណ​មួយ បាន​បុក​លើ​ឋាន​ព្រះ​ចន្ទ និង​បន្សល់ទុក​រណ្ដៅ​ភ្លោះ​ដ៏​ចម្លែក​មួយ។

ក្រុម​អ្នកវិទ្យាសាស្ត្រ​អាម៉េរិក រកឃើញថា ដងខ្លួន​របស់​រ៉ុក្កែត បាន​ហោះ​សំដៅ​មក​ឋាន​ព្រះ​ចន្ទ​កាលពី​ចុងឆ្នាំ​កន្លង ហើយ​ចុងក្រោយ​ក៏បាន​ប៉ះទង្គិច​លើដី​នៅលើ​ឋាន​នេះ​កាលពី​ថ្ងៃទី ៤ មីនា បង្កើតបានជា​រណ្ដៅ​ភ្លោះ​ខុស​ប្រក្រតី។

យោងតាម​ការប្រកាស​កា​លពី​ថ្ងៃទី ២៩ មិថុនា របស់ ណា​សា រណ្ដៅ​ភ្លោះ​នេះ​បង្ហាញថា ដងខ្លួន​របស់​រ៉ុក្កែត «មាន​ទំហំ​ធំ​នៅត្រង់​ក្បាល​ទាំងសងខាង»។ វា​រួមមាន រណ្ដៅ​មួយ​នៅ​ទិសខាងកើត​ដែលមាន​អង្កត់ផ្ចិត​ប្រហែល ១៨ ម៉ែត្រ ស្ថិតនៅត្រង់​កំពូល​នៃ​រណ្ដៅ​មួយទៀត​នៅ​ទិស​ខាងលិច​ដែលមាន​អង្កត់ផ្ចិត​ប្រហែល ១៦ ម៉ែត្រ។

រណ្ដៅ​នេះ​មាន​សភាព​ខុសធម្មតា ព្រោះថា កន្លងមក​ពុំមាន​ករណី​ប៉ះទង្គិច​ណាមួយ​របស់​ដងខ្លួន​រ៉ុក្កែត​ទៅលើ​ដី​ព្រះ​ចន្ទ​ដែល​បង្កើតបានជា​រណ្ដៅ​ភ្លោះ​ដូច្នេះ​ឡើយ។ រណ្ដៅ​ចំនួន ៤ របស់ Apollo SIV-B ធំ​ជាង​ធៀប​នឹង​ករណី​ប៉ះទង្គិចថ្មីៗនេះ។

ក្នុង​ប្រកាស​ខាងលើ ណា​សា មិនបាន​និយាយ​អំពី​ប្រភេទ​រ៉ុក្កែត​ដែល​ពួកគេ​បាន​រកឃើញ​ទេ ប៉ុន្តែ កាលពី​ខែកុម្ភៈ​កន្លង​ទៅ អ្នកវិទ្យាសាស្ត្រ​ជនជាតិ​អាម៉េរិក Bill Gray ធ្លាប់បាន​អះអាងថា នោះ​គឺជា​កំណាត់​របស់​រ៉ុក្កែត​ដែល​បាន​ចូលរួម​បេសកកម្ម​ព្រះ​ចន្ទ Chang’e 5-T1 របស់ ប្រទេស​ចិន ដែល​ត្រូវបាន​បាញ់​បង្ហោះ​កាលពី​ឆ្នាំ ២០១៤៕

Advertisement