ប្រទេស​ដំបូង​គេ​ដែល​​បាន​អនុម័ត​ឱ្យ ហ្វាំ​ង​ឡង់ និង ស៊ុយអែត ចូល​ជា​សមាជិក​ណា​តូ

រដ្ឋមន្ត្រីការបរទេសរបស់ ហ្វាំងឡង់ (ឆ្វេង), អគ្គលេខាធិការរបស់ ណាតូ និង រដ្ឋមន្ត្រីការបរទេសរបស់ ស៊ុយអែត

សភា​កាណាដា បាន​យល់​ព្រមឱ្យ ហ្វាំ​ង​ឡង់ និង ស៊ុយអែត ក្លាយជា​សមាជិក​របស់ អង្គការ​ណា​តូ បន្ទាប់ពី​សម្ព័ន្ធ​យោធា​នេះ​ចាប់ផ្ដើម​ដំណើរការ​អនុម័ត។

«កាណាដា បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​ដែល​បានអនុម័ត​លើ​ពិធីសារ​សុំចូល​ជា​សមាជិក​ណា​តូ របស់ ហ្វាំ​ង​ឡង់ និង ស៊ុយអែត។ ប្រការនេះ​បាន​ជួយ​ឱ្យ​ប្រទេស​ទាំងពីរ ឆ្ពោះទៅ​ក្បែរ​ឋានៈ​ជា​សមាជិក» នាយករដ្ឋមន្ត្រី​កាណាដា Justin Trudeau ប្រកាស​កាលពី​ថ្ងៃទី ៥ កក្កដា​ដូច្នេះ។

«ក្នុងនាម​ជា​មិត្ត​ម្នាក់ និង​ជា​ដៃគូ​សហការ​សន្តិសុខ​ជិតស្និទ្ធ កាណាដា គាំទ្រ​ពេញទំហឹង​ចំពោះ ហ្វាំ​ង​ឡង់ និង ស៊ុយអែត ចូល​ជា​សមាជិក​ណា​តូ» លោក Justin Trudeau បន្ថែម។

នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau

កាលពី​ថ្ងៃទី ៥ កក្កដា អគ្គលេខាធិការ​នៃ អង្គការ​ណា​តូ លោក Jens Stoltenberg បាន​ចុះហត្ថលេខា​លើ​ពិធីសារ ចាប់ផ្ដើម​ដំណើរការ​អនុម័ត​លើ​ការបញ្ចូល ហ្វាំ​ង​ឡង់ និង ស៊ុយអែត ជា​សមាជិក។ ការបញ្ចូល​ជា​សមាជិក​នេះ​ត្រូវការ​ការយល់ព្រម​ពី​សភា​របស់​ប្រទេស​ទាំង ៣០ ដែលជា​សមាជិក​របស់ ណា​តូ ហើយ​ដំណើរការ​នេះ​នឹងមិន​ដូចគ្នា​ឡើង នៅក្នុង​ប្រទេសនីមួយ។

ផែនទី​នៃ​បណ្ដា​ប្រទេស​ណាតូ និង​ ហ្វាំងឡង់ និង​ ស៊ុយអែត

ដំណើរការ​នៃ​ការអនុម័ត​ខាងលើនេះ ជាធម្មតា បណ្ដា​ប្រទេស​ជា​សមាជិក​នឹងត្រូវ​ការ​ពេល​ពី​ច្រើន​ខែ រហូតដល់ ១ ឆ្នាំ។ ម៉ា​សេ​ដ្វា​ន​ខាងជើង (North Macedonia) ដែលជា​ប្រទេស​បាន​ចូល​ជា​សមាជិក​របស់ ណា​តូ ចុងក្រោយ​គេ ត្រូវ​រង់ចាំ​ប្រហែល ១ ឆ្នាំ ទើបបាន​ក្លាយជា​សមាជិក។

Advertisement