រដ្ឋមន្ត្រីការបរទេសរបស់ ​រុស្ស៊ី ថា ប្រទេស​វៀតណាម ជា​ដៃគូ​សហការ​សំខាន់

លោក Sergey Lavrov និង​លោក Bui Thanh Son ក្នុង​ជំនួប​នៅ ហាណូយ ក្នុង​ថ្ងៃទី ៦ កក្កដា ២០២២

រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក Sergey Lavrov លើកកម្ពស់​ភាពជា​ដៃគូ​សំខាន់​របស់ វៀតណាម នៅក្នុង​តំបន់ នៅពេល​លោក​បាន​ជួបពិភាក្សា​ជាមួយ រដ្ឋមន្ត្រីការបរទេស​វៀតណាម Bui Thanh Son។

«វៀតណាម គឺជា​ដៃគូ​សហការ​សំខាន់​រប​ស់ រុស្ស៊ី នៅក្នុង​សមាគមន៍​អាស៊ាន» លោក Sergey Lavrov ថ្លែង​ជាមួយ​លោក Bui Thanh Son នៅ ទីក្រុង​ហាណូយ នា​ថ្ងៃនេះ។

លោក Sergey Lavrov យល់ថា គ្រប់ភាគី​នៅលើ​ពិភពលោក «ត្រូវការពារ​ច្បាប់​អន្តរជាតិ និង​អធិបតេយ្យភាព​ជាតិ» ក្នុង​ស្ថានការណ៍​ស្មុគស្មាញ​ដែល​ពិភពលោក​កំពុង​ឆ្លងកាត់។

ដំណើរ​ទស្សនកិច្ច​របស់ លោក Sergey Lavrov នៅ វៀតណាម ចាប់ផ្ដើម​ពី​ថ្ងៃទី ៥ ដល់ទី ៦ កក្កដា ក្នុង​គ្រា​ដែល ប្រទេស​រុស្ស៊ី និង វៀតណាម ឈានដល់​របត់ ១០ ឆ្នាំ​នៃ​ការបង្កើត​ទំនាក់​ទំនងជា​ដៃគូ​យុទ្ធសាស្ត្រ​ពេញលេញ។

រុស្ស៊ី និង វៀតណាម បាន​បង្កើត​ទំនាក់ទំនង​ការទូត​កាលពី​ឆ្នាំ ១៩៥០ និង​បាន​ផ្ដើម​កែលម្អ​ទំនាក់ទំនង​ទ្វេភាគី​ចាប់ពី​ឆ្នាំ ២០០១។ ១១ ឆ្នាំ​ក្រោយមក ប្រទេស​ទាំងពីរ​ក៏បាន​ក្លាយជា​ដៃគូ​សហការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ។

ពាណិជ្ជកម្ម​ទ្វេភាគី​ក្នុង​ឆ្នាំ ២០២០ រវាង រុស្ស៊ី និង វៀតណាម បាន​ឡើងដល់ ៤.៨៥ ពាន់​លាន​ដុល្លារ​អាម៉េរិក កើន ៩% ធៀប​នឹង​ឆ្នាំ ២០១៩។ ក្នុង​ឆ្នាំ ២០២១ ការដោះដូរ​ទំនិញ​ទៅមក បាន​ឡើងដល់ ៧.១ ពាន់​លាន​ដុល្លារ កើន​ជាង ២៥% ធៀប​នឹង​ឆ្នាំ ២០២០។ នៅក្នុង ទឹកដី​វៀតណាម រុស្ស៊ី មាន​គម្រោង​រកស៊ី​ចំនួន ១៥១ គម្រោង ដែលមាន​ទុនវិនិយោគ​សរុប​ជាង ៩៥០ លាន​ដុល្លារ​អាម៉េរិក។

Advertisement