អង្គការសហ​ប្រជា​ជាតិ៖​ ប្រជាជន​សរុប​ក្នុង​ពិភព​លោក​នឹង​ឡើង​ដល់​ ៨ ​ពាន់​លាន​នាក់​ ក្នុង​ឆ្នាំ​នេះ

ប្រជាជនឥណ្ឌា កាលពី​ខែ​ឧសភា ២០២២

ពិភពលោក​អាចនឹងទទួល​ប្រជាពលរដ្ឋ​ទី ៨ ពាន់​លាន​នាក់​នៅ​ថ្ងៃទី ១៥ វិច្ឆិកា​ខាងមុខ ហើយ ឥណ្ឌា នឹង «យកឈ្នះ​ចិន» ក្លាយជា​ប្រទេស​ដែលមាន​ប្រជាជន​ច្រើនជាងគេបង្អស់​ក្នុង​ពិភពលោក​នៅ​ឆ្នាំ ២០២៣។

ខាងលើនេះ​គឺជា​ការ​ព្យាករ​របស់ អង្គការសហប្រជាជាតិ (UN) ដែល​បានលើកឡើង​កាលពី​ថ្ងៃទី ១១ កក្កដា ឆ្នាំ ២០២២ នៅក្នុង​ទិវា​ប្រជាជន​ពិភពលោក (១១ កក្កដា)។

ការ​ព្យាករ​របស់ ស្ថាប័ន​សេដ្ឋកិច្ច និង​សង្គម នៃ អង្គការសហប្រជាជាតិ បានឱ្យដឹងថា ល្បឿន​នៃ​កំណើន​ប្រជាជន​ពិភពលោក កំពុងស្ថិត​ក្នុង​កម្រិត​យឺត​បំផុត​រាប់​ចាប់ពី​ឆ្នាំ ១៩៥០។ ចំនួន​ប្រជាជន​ពិភពលោក​អាច​កើនឡើង​ដល់ ៨.៥ ពាន់​លាន​នាក់​នៅ​ឆ្នាំ ២០៣០, ៩.៧ ពាន់​លាន​នាក់​នៅ​ឆ្នាំ ២០៥០ និង​ឡើងដល់ ១០.៤ ពាន់​លាន​នាក់​នៅ​ឆ្នាំ ២០៨០ មុនពេល​មាន​ស្ថិរភាព​ក្នុង​កម្រិត​នេះ​រហូតដល់​ឆ្នាំ ២១០០។

ការ​ព្យាករ​បាន​អះអាងថា ក្នុង​គ្រា​ដែល​អត្រា​ចាប់កំណើត​នៅក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​ត្រូវ​ថយចុះ កំណើន​នៃ​ប្រជាជន​នឹង​កើនឡើង​នៅក្នុង ៨ ប្រទេស រួមមាន សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ, អេ​ហ្ស៊ី​ប, អេ​ត្យូ​ពី, ឥណ្ឌា, នី​ហ្សេ​រី​យ៉ា, ប៉ា​គិ​ស្ថាន, ហ្វ៊ី​លី​ពី​ន និង តង់​សានី៕

Advertisement