ប្រធានាធិបតី​អាម៉េរិក បញ្ចេញ​រូបថត «ជ្រៅ​បំផុត» របស់​អវកាស​ដែល​មនុស្ស​ធ្លាប់​បានឃើញ

ប្រធានាធិបតី ចូ បៃ​ដិ​ន បាន​បញ្ចេញ​រូបថត​មួយ​សន្លឹក​ក្នុងចំណោម​កម្រង​រូបថត​ដំបូង​របស់ តេ​ឡេ​ស្កុប​អវកាស James Webb ហើយ​នេះ​គឺជា​រូបថត​ជ្រៅ​បំផុត​របស់​ទី​អវកាស​ដែល​មនុស្សជាតិ​ថត​បាន។

រូបថត​ដែល​បង្ហាញ​អំពី SMACS 0723 ជា​បណ្ដុំ​នៃ​កាឡាក់ស៊ី ដែល​នៅក្នុង​ទី​អវកាស​ដ៏​សែនឆ្ងាយ​នេះ​ត្រូវបាន​ប្រកាស​បង្ហាញ​នៅ សេត​វិមាន ក្នុង​ព្រឹត្តិការណ៍​មួយ​ដែលមាន​ការចូលរួមរ​បស់ ប្រធាន​អង្គការ​ណា​សា លោក Bill Nelson។

លោក Bill Nelson បាន​ថ្លែងថា «នេះ​គឺជា​រូបថត​ដែល​ជ្រៅ​បំផុត​របស់​ទី​អវកាស​ដែល​យើង​ថត​បាន»។

កាឡាក់ស៊ី និង​កញ្ចុំ​ផ្កាយ​មួយចំនួន​ដែល​ស្ថិតនៅ​សែនឆ្ងាយ​នៅក្នុង​រូបនេះ មិន​ធ្លាប់​ត្រូវបាន​សង្កេតមើល​នៅឡើយ​គិត​មកដល់​បច្ចុប្បន្ន។ បណ្ដុំ​កាឡាក់ស៊ី​ដែល​ត្រូវ​បានបង្ហាញ​នេះ ទំនងជា​បានកកើតឡើង​តាំងពី ៤.៦ ពាន់​លាន​ឆ្នាំមុន។

រូបថត​ខាងលើ​ត្រូវបាន​ថត​ដោយ​កាមេរ៉ា​ក្បែរ​អ៊ី​ន​ហ្វ្រា​រ៉េដ (Near-Infrared Camera) របស់ តេ​ឡេ​ស្កុប​អវកាស James Webb។ បណ្ដា​រូបថត​មាន​កម្រិត​ភាពច្បាស់​ខ្ពស់​ដែល​នៅសល់​នឹងត្រូវ​បានប្រកាស​នៅ​ថ្ងៃទី ១២ ក​ក្កា​ដា (ម៉ោង​នៅ សហរដ្ឋ​អាម៉េរិក)។

​រូបថត «ជ្រៅ​បំផុត» របស់​អវកាស​ដែល​មនុស្ស​ធ្លាប់​បានឃើញ

តេ​ឡេ​ស្កុប James Webb ដែល​ចាប់ផ្ដើម​ដំណើរការ​ពី​ខែធ្នូ អាច​សង្កេតមើល​ទៅខាង​ក្នុង​តំបន់​ដែល​អាចមាន​ភព​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ និង​កាឡាក់ស៊ីដំបូងៗបន្ទាប់ពី​អវកាស​បាន​កកើត​ភ្លាម ដោយ​ការមើល​ទៅលើ​កាំរស្មី​អ៊ី​ន​ហ្វ្រា​រ៉េដ ដែល​ភ្នែក​មនុស្ស​មិនអាច​មើលឃើញ។

ណា​សា (NASA) បានប្រកាស​បង្ហាញ​គោលដៅដំបូងៗរបស់ តេ​ឡេ​ស្កុប James Webb កាលពី​ថ្ងៃទី ៨ កក្កដា នៅពេល​បង្ហើប​ឱ្យដឹង​អំពី​អ្វីដែល​នឹងត្រូវ​បានប្រកាស​នៅក្នុង​ថ្ងៃទី ១២ កក្កដា ដែល​រួមមាន ណេ​ប៊ូ​ឡា Carina, ភព​ឧស្ម័ន WASP-96b, ណេ​ប៊ូ​ឡា Southern និង​បណ្ដុំ​កាឡាក់ស៊ី Stephan’s Quintet៕

Advertisement