ប្រធានាធិបតី​ស្រីលង្កា «កំពុង​ហោះ​ទៅកាន់​ប្រទេស​សិង្ហ​បុរី»

ប្រធានាធិបតី​ស្រីលង្កា លោក Gotabaya Rajapaksa

យន្តហោះ​ដែល​ដឹក ប្រធានាធិបតី​ស្រីលង្កា លោក Gotabaya Rajapaksa ត្រូវបាន​គេ​ជឿថា បានចេញ​ដំណើរ​ពី ម៉ាល់ឌីវ (Maldives) ទៅកាន់ សិង្ហ​បុរី នា​ថ្ងៃនេះ បន្ទាប់ពី​លោក​បាន​ចាកចោល​ប្រទេស។

ប្រធានាធិបតី Gotabaya Rajapaksa រួម​នឹង​ភរិយា និង​អង្គរក្ស​ពីររូប បាន​ចាក​ចេញពី ម៉ាល់ឌីវ តាម​ជើងយន្តហោះ​របស់​ក្រុមហ៊ុន អា​រ៉ា​ប៊ី​សា​អូឌីត នេះ​បើតាម​មន្ត្រី​ម្នា​ក់នៅ​ព្រលានយន្តហោះ​របស់ ម៉ាល់ឌីវ ដែល​បាន​ប្រាប់ AFP ក្នុងថ្ងៃនេះ។ អ្នក​ទាំង​បួន​ត្រូវបាន​អម​ការពារ​ទៅកាន់​យន្តហោះ មុនពេល​ចេញដំណើរ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ Velana នៅក្នុង​ រដ្ឋធានីម៉ាល (Male) របស់ ម៉ាល់ឌីវ​។

ប្រភពព័ត៌មាន​ពី រដ្ឋាភិបាល​ស្រីលង្កា កាលពី​ថ្ងៃទី ១៣ កក្កដា បានឱ្យដឹងថា ប្រធានាធិបតី Gotabaya Rajapaksa អាច​នឹង​ផ្ញើលិខិត​លាលែង​ពី​តំណែង​ទៅកាន់ ប្រធានសភា​ស្រីលង្កា បន្ទាប់ពី​យន្តហោះ​បាន​ចុះចត​នៅ សិង្ហ​បុរី។

រដ្ឋាភិបាល​សិង្ហ​បុរី មិនទាន់មាន​ប្រតិកម្ម​អ្វី​ទៅនឹង​ព័ត៌មាន​នេះ​នៅឡើយ។ នៅឯ​ព្រលានយន្តហោះ Changi របស់ សិង្ហ​បុរី អ្នកយកព័ត៌មាន​ជាច្រើន​កំពុង​រង់ចាំ​តាមដាន បន្ទាប់ពី​មាន​ព័ត៌មាន​ថា ប្រធានាធិបតី​ស្រីលង្កា នឹង​មកកាន់​ប្រទេស​កោះ​នេះ។

ប្រធានាធិបតី Rajapaksa ត្រូវបាន​គេ​ជឿថា ស្វែងរក​វិធី​ទៅ​បរទេស​ដើម្បី​ចៀសវាង​ការចាប់ខ្លួន បន្ទាប់ពី​លោក​បាន​សន្យាថា នឹង​លាលែង​ពី​តំណែង​ក្នុង​ថ្ងៃទី ១៣ កក្កដា​នេះ ដើម្បី​បើកផ្លូវ​ឱ្យមាន​ការ «ប្រគល់​អំណាច​ដោយ​សន្តិវិធី» ដោយសារតែ​បាតុកម្ម​ផ្ទុះឡើង​កាន់តែ​ធំ។ សភា​ស្រីលង្កា គ្រោង​នឹង​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃទី ១៥ កក្កដា ហើយ​ប្រធានាធិបតី​ថ្មី​នឹង​ត្រូវបាន​ជ្រើស​តាំងនៅ​ថ្ងៃទី ២០ កក្កដា។

លោក Rajapaksa កាលពី​ថ្ងៃទី ១១ កក្កដា បាន​ទៅកាន់​ព្រលានយន្តហោះ​អន្តរជាតិ Bandaranaike នៅ រដ្ឋធានី​កូឡុំបូ ដើម្បី​ធ្វើដំណើរ​ទៅកាន់ Dubai របស់ អា​មី​រ៉ា​ត​អារ៉ាប់​រួម (UAE) ប៉ុន្តែ​ត្រូវបាន​បុគ្គលិក​អន្តោប្រវេសន៍​បដិសេធ​ការបោះ​ត្រា​លើ​លិខិតឆ្លងដែន។ លោក​ក៏បាន​សម្រាក​មួយ​យប់​នៅក្នុង​មូលដ្ឋានទ័ព​មួយ​នៅក្បែរនោះ។

កាលពី​ថ្ងៃទី ៩ កក្កដា ប្រធានាធិបតី​ស្រីលង្កា បាន​ភៀសខ្លួន​ចេញពី​ភូមិគ្រឹះ​នៅ រដ្ឋធានី​កូឡុំបូ មុនពេល​បាតុករ​សម្រុក​ចូលមក​ដល់។ កងទ័ព​ស្រីលង្កា ក្រោយមក​ក៏បាន​យក​នាវាចម្បាំង​មួយគ្រឿង នាំ​ប្រធានាធិបតី និង​ជំនួយការ​ទៅកាន់​ទីក្រុង Trincomalee ហើយក៏​បាន​ឡើង​ឧទ្ធម្ភាគចក្រ​ត្រលប់​ទៅកាន់​ព្រលានយន្តហោះ​អន្តរជាតិ Bandaranaike បំណង​ទៅកាន់ UAE ប៉ុន្តែ​មិនបាន​សម្រេច។

ស្រីលង្កា បានប្រកាស​ក្ស័យធន​កាលពី​ខែមេសា ហើយ​កំពុងតែ​ចរចា​ជាមួយ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ដើម្បី​សុំ​ជំនួយ។ បន្ទាប់ពី​ការ​កាន់អំណាច​បាន​ជិត ២ ទសវត្សរ៍ របស់​ត្រកូល Rajapaksa ប្រទេស​កោះ​មួយ​នេះ​ក៏បាន​ធ្លាក់​ទៅក្នុង​ភាពវឹកវរ ដោយមាន​បញ្ហា​ជាច្រើន​កើតឡើង។ ប្រទេស​នេះ​ត្រូវអស់​ឥន្ធនៈ​ប្រើប្រាស់ ខ្វះ​ស្បៀងអាហារ ថ្នាំសង្កូវ បណ្ដាលឱ្យ​ជីវភាព​របស់​ប្រជាជន​ជួប​ការលំបាក​ខ្លាំង៕

Advertisement