មហាសេដ្ឋី​អាម៉េរិក​រូបនេះ នឹង​បរិច្ចាគ ២០ ពាន់​លាន​ដុល្លារ​ សម្រាប់​កិច្ចការ​មនុស្សធម៌

មហា​សេដ្ឋី Bill Gates

ស្ថាបនិក​របស់​ក្រុមហ៊ុន Microsoft នឹង​ផ្ទេរប្រាក់ ២០ ពាន់​លាន​ដុល្លារ​ទៅក្នុង​មូលនិធិ Bill & Melinda Gates ដែលជា​អង្គការ​មួយ​ត្រូវបាន​បង្កើតឡើង​ដោយ​លោក Bill Gates និង​អតីត​ភរិយា ក្នុង​គ្រា​ពិភពលោក​កំពុង​ជួប​វិបត្តិផ្ទួន។

«វិបត្តិធំៗនាបច្ចុប្បន្ន ទាមទារ​ឱ្យ​គ្រប់គ្នា​បញ្ចេញ​សកម្មភាព​ច្រើនជាង​មុន» លោក Bill Gates សរសេរ​នៅលើ​ទំព័រ Twitter កាលពី​ថ្ងៃទី ១៣ កក្កដា និយាយ​អំពី​ផលប៉ះពាល់​ត្រួត​លើ​គ្នា​ដែល​កើតឡើង​ពី​រោគរាតត្បាត​កូ​វីដ-១៩ សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន បញ្ហា​បម្រែបម្រួល​អាកាសធាតុ និង​បញ្ហា​ជាច្រើន​ផ្សេងទៀត។

យោងតាម​មហាសេដ្ឋី​រូបនេះ ស្ថានការណ៍​ខាងលើ​ធ្វើឱ្យ​អតិផរណា​កើនឡើង​ខ្ពស់​ខ្លាំង តម្រូវឱ្យមាន​ការវិនិយោគ​ច្រើន​ថែមទៀត​ទៅក្នុង​បណ្ដា​វិស័យសំខាន់ៗដូចជា សុខាភិបាល អប់រំ កាត់បន្ថយ​ភាពក្រីក្រ និង​សមភាព​យែ​ន​ឌ័​រ​ជាដើម។

«យើង​មាន​គម្រោង​បង្កើន​ការចំណាយ​ពី​ជិត ៦ ពាន់​លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ​នាបច្ចុប្បន្ន ឡើងដល់ ៩ ពាន់​លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ នៅ​ឆ្នាំ ២០២៦។ ដើម្បី​អនុវត្ត​គម្រោង​នេះ ខ្ញុំ​នឹង​ផ្ទេរ ២០ ពាន់​លាន​ដុល្លារ​អាម៉េរិក ទៅក្នុង​មូលនិធិ ក្នុង​ខែ​នេះ» លោក Bill Gates បញ្ជាក់​ដូច្នេះ។

ខ្ទង់​ប្រាក់​ថ្មី​នេះ​នឹងធ្វើ​ឱ្យ​ទុន​នៃ​មូលនិធិ Bill & Melinda Gates ឡើងដល់​ប្រហែល ៧០ ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុងនោះ​មាន ៣.១ ពាន់​លាន​ដុល្លារ​ដែល​បាន​ពី​មហាសេដ្ឋី Warren Buffett កាលពី​ខែ​កន្លង។

Street ដែលជា​ទំព័រ​ព័ត៌មាន​ហិរញ្ញវត្ថុ​នៅ New York បាន​វាយតម្លៃថា សកម្មភាព​នេះ​នឹងធ្វើ​ឱ្យ​លោក Gates ត្រូវ​ធ្លាក់ចុះ​ច្រើន​កាំ​នៅក្នុង​តារាង​ចំណាត់ថ្នាក់​អ្នកមាន​របស់​ពិភពលោក។

យោងតាម Bloomberg បច្ចុប្បន្ន លោក Gates ឈរ​លំដាប់​ទី ៤ ក្នុង​បញ្ជី​ចំណាត់ថ្នាក់​អ្នកមាន​ជាងគេ​ក្នុង​ពិ​ភ​លោក ដោយមាន​ទ្រព្យ ១១៣ ពាន់​លាន​ដុល្លារ។ បន្ទាប់ពី​ខ្ទង់​ប្រាក់ ២០ ពាន់​លាន​ដុល្លារ​ត្រូវបាន​ផ្ទេរចេញ លោក Gates នឹង​ធ្លាក់​​មក​ឈរ​​លំដាប់​ទី ៩ បន្ទាប់ពី​លោក Buffett ដែលមាន​ទ្រព្យ ៩៦.៧ ពាន់​លាន​ដុល្លារ៕

Advertisement