សហភាព​អឺរ៉ុប ត្រៀម​កញ្ចប់​ទណ្ឌកម្ម​ថ្មី សំដៅលើ សហព័ន្ធ​រុស្ស៊ី

សហភាព​អឺរ៉ុប (EU) កំពុងតែ​ត្រៀម​កញ្ចប់​ទណ្ឌកម្ម​ទី ៧ ដែល​នឹង​ត្រូវដាក់​ទៅលើ ទីក្រុង​មូ​ស្គូ ប៉ុន្តែ នឹងមិន​មានការ​កាត់បន្ថយ​ការ​នាំចូល​ឧស្ម័ន។

នៅលើ​ទំព័រ Reuters នាយករដ្ឋមន្ត្រី​ឆែក លោក Petr Fiala បានឱ្យដឹងថា កញ្ចប់​ទណ្ឌកម្ម​បន្ទាប់​ដែល EU កំពុង​ព្រាង នឹងមិន​កាត់បន្ថយ​ការ​នាំចូល​ឧស្ម័ន​ពី រុស្ស៊ី ឡើយ។ មូលហេតុ​គឺ​ដោយសារ​សមាជិក​ជាច្រើន​មិនអាច​រក​ប្រភព​ផ្គត់ផ្គង់​ថ្មី​បាន​ក្នុងពេល​ដ៏​ខ្លី។

ប្រទេស​ឆែក កាន់កាប់​តំណែង​ប្រធាន​បន្តវេន​រយៈពេល ៦ ខែ​របស់ EU ចាប់ពី​ថ្ងៃទី ១ កក្កដា។ ឆែក គឺជា​ប្រទេសមួយ​ដែល​ពឹងផ្អែក​ស្ទើរតែ​ទាំងស្រុង​ទៅលើ​ការផ្គត់ផ្គង់​ឧស្ម័ន​របស់ រុស្ស៊ី។

នាយករដ្ឋមន្ត្រី​ឆែក លោក Petr Fiala

ការដាក់​ថាមពល​ចូលទៅក្នុង​កញ្ចប់​ទណ្ឌកម្ម​គឺជា​រឿង​ដែល​មិនល្អ។ លោក Fiala យល់ថា «គោលការណ៍​រួម​គឺថា ទណ្ឌកម្ម​នានា​ត្រូវតែមាន​ឥទ្ធិពល​លើ រុស្ស៊ី ច្រើនជាង​បណ្ដា​ប្រទេស​ដែល​ដាក់ទណ្ឌកម្ម»។ មុនពេល រុស្ស៊ី ចូល​ឈ្លានពាន​លើ អ៊ុយ​ក្រែ​ន EU ពឹង​ផ្អែកលើ​ឧស្ម័ន​របស់ រុស្ស៊ី ប្រមាណ ៤០%។

ជំនួស​មកវិញ កញ្ចប់​ទណ្ឌកម្ម​ថ្មី​នេះ គ្រោង​នឹង​ផ្ដោត​សំខាន់​ទៅលើ​ការហាម​នាំចូល​មាស ការបន្ថែម​មុខទំនិញ​ដែល​ហាម​នាំចូល រុស្ស៊ី និង​សំដៅ​ទៅលើ​បុគ្គលសំខាន់ៗរបស់​ប្រទេស​នេះ។

Advertisement