ប្រជាជន​ស្រីលង្កា នាំគ្នា​រាំ​អបអរ ជប់លៀង​ប្រធានាធិបតី​លាលែង​ពី​តំណែង

ក្រុមបាតុករ​នាំគ្នា​ស្រែកច្រៀង រាំរែក​នៅលើ​ដងផ្លូវ​ក្នុង រដ្ឋធានី​កូឡុំបូ បន្ទាប់ពី​ប្រធានាធិបតី Gotabaya Rajapaksa ផ្ញើ​សារ​អេ​ឡិ​ក​ត្រូ​និក​លាលែង​ពី​តំណែង​ទៅកាន់​ប្រធានសភា។

ក្រុមបាតុករ​ស្រីលង្កា កាលពី​ព្រលប់​ថ្ងៃទី ១៤ កក្កដា បាន​ប្រមូល​ផ្ដុំគ្នា​នៅក្បែរ​វិមាន​ប្រធានាធិបតី​ដើម្បី​ជប់លៀង​អបអរសាទរ ដោយ​ពួកគេ​បាន​ហៅ​ការលាលែង​ពី​តំណែង​របស់លោក Rajapaksa ថា​ជា «ជ័យជម្នះ​សម្រាប់​ប្រជាធិបតេយ្យ»។ មនុស្ស​រាប់សិប​នាក់​នាំគ្នា​រាំរែក ស្រែក​ហ៊ោ និង​លើក​គ្រវីទង់ជាតិ​ស្រីលង្កា ខណៈដែល​មនុស្ស​ពីរ​នាក់​កំពុង​ស្រែកច្រៀង​នៅលើ​ឆាក​តូច​មួយ។

បរិយាកាស​នេះ​ដូច​ទៅនឹង​ពិធីបុណ្យ​ធំ ខណៈដែល​គ្រប់គ្នា​ស្រែកច្រៀង រាំរែក​ទៅតាម​តន្ត្រី គ្រា​ដែល​អ្នកផ្សេង​ស្រែក​ដាក់​មីក្រូ​ថា ពួកគេ​ចង់ឱ្យ​មានការ​ដឹកនាំ​ប្រទេសជាតិ​ល្អ​ជាង​នេះ។

«នៅលើ​ពិភពលោក យើង​បាន​ដឹកនាំ​ចលនា​ផ្ដួលរំលំ​ប្រធានាធិបតី​ដោយ​កម្លាំងបាយ និង​អំពើហិង្សា​តិចតួច​បំផុត។ នោះ​គឺជា​ការរួម​ផ្សំរ​វាងជ័យ​ជម្នះ និង​ភាព​ធូរស្រាល» Viraga Perera វិស្វករ​ម្នាក់​ដែល​បាន​ចូលរួម​ធ្វើបាតុកម្ម​តាំងពី​ខែមេសា បានឱ្យដឹង​ដូច្នេះ។

ប្រធានាធិបតី​ស្រីលង្កា បាន​ផ្ញើ​សារ​អេ​ឡិ​ក​ត្រូ​និក​លាលែង​ពី​តំណែង​ទៅកាន់​ប្រធានសភា​កាលពី​ថ្ងៃទី ១៤ កក្កដា ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​លោក​បានធ្វើ​ដំណើរ​ដល់ សិង្ហ​បុរី។ អ្នកនាំពាក្យ​សភា​បានឱ្យដឹងថា សារ​លាលែង​ពី​តំណែង​នេះ​ត្រូវបាន​បញ្ជូន​ទៅកាន់​អគ្គ​រដ្ឋអាជ្ញា​ដើម្បី​ពិនិត្យ​ភាពស្របច្បាប់ មុនពេល​ទទួលស្គាល់​ជា​ផ្លូវការ។

បើសិនជា​អ៊ី​មេ​ល​នោះ​ត្រូវបាន​ទទួលស្គាល់ លោក Rajapaksa នឹង​ក្លាយជា​ប្រធានាធិបតី​ដំបូង​គេ​ដែល​លាលែង​ពី​តំណែង​រាប់​ចាប់តាំងពី ស្រីលង្កា អនុម័ត​របប​ប្រធានាធិបតី​កាលពី​ឆ្នាំ ១៩៧៨៕

Advertisement