នាយករដ្ឋមន្ត្រី​នៃ​ ប្រទេស​អ៊ីតាលី ប្រកាស​លាលែង​ពី​តំណែង

នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Mario Draghi

នាយករដ្ឋមន្ត្រី​អ៊ីតាលី Draghi ប្រកាស​លាលែង​ពី​តំណែង​នៅពេល​វិបត្តិ​នយោបាយ​ផ្ទុះឡើង​ដោយសារ​បក្ស​ចលនា​ផ្កាយ៥ មិន​ចូលរួម​ការបោះឆ្នោត​ផ្ដល់​សេចក្ដីទុកចិត្ត​ដល់​រដ្ឋាភិបាល។

«ខ្ញុំ​ចង់​ប្រកាសថា ព្រលប់​នេះ​ខ្ញុំ​នឹងដាក់​ពាក្យ​លាលែង​ពី​តំណែង​ទៅកាន់​ប្រធានាធិបតី» នាយករដ្ឋមន្ត្រី​អ៊ីតាលី លោក Mario Draghi ថ្លែងប្រាប់​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី ១៤ កក្កដា។ «សម្ព័ន្ធមិត្ត​ឯកភាព​ជាតិ​គាំទ្រ​រដ្ឋាភិបាល​នេះ​មិនមាន​ទៀត​នោះទេ»។

លក្ខខណ្ឌ​ចាំបាច់​ដើម្បី​រក្សា​រដ្ឋាភិបាលចម្រុះ «លែងមានទៀតហើយ» ហើយ «កិច្ចព្រមព្រៀង​នៃ​សេចក្ដីទុកចិត្ត​ដែលជា​មូលដ្ឋានគ្រឹះ​ក្នុង​ការបង្កើត​រដ្ឋាភិបាល​ក៏​លែងមាន​ទៀត​ដែរ» នេះ​បើតាម​លោក Draghi។

ការសម្រេចចិត្ត​របស់​លោក Draghi ត្រូវ​បានលើកឡើង​បន្ទាប់ពី បក្ស​ចលនា​ផ្កាយ៥ (M5S) បដិសេធ​ការចូលរួម​បោះឆ្នោត​ផ្ដល់​សេចក្ដីទុកចិត្ត​ដល់​រដ្ឋាភិបាល។ ការបោះឆ្នោត​ផ្ដល់​សេចក្ដីទុកចិត្ត​បានក្លាយ​ជា​ចំណុចកណ្ដាល​នៃ​ភាព​តានតឹង​ក្នុង​រដ្ឋាភិបាលចម្រុះ​រប​ស់លោក Draghi នៅពេល​បក្ស​នានា​ត្រៀម​ប្រឈមមុខ​ដាក់គ្នា​នៅក្នុង​ការបោះឆ្នោតជាតិ​ដែល​នឹង​ត្រូវបាន​ធ្វើឡើង​នៅ​ឆ្នាំក្រោយ។

រដ្ឋាភិបាលចម្រុះ​របស់​នាយករដ្ឋមន្ត្រី Draghi ត្រូវបាន​បង្កើតឡើង​កាលពី​ខែកុម្ភៈ ២០២១ ដោយមាន​ការចូលរួម​របស់ គណបក្ស M5S, គណបក្ស​សម្ព័ន្ធ, បក្ស Forza Italia, បក្ស​ប្រជាធិបតេយ្យ, បក្ស Italia Viva និង​បក្ស Article One។ ក្នុងនោះ M56 គឺជា​បក្ស​ធំជាងគេ កាន់កាប់​កៅអី​ជាង ៣០% នៅ​សភា​ជាន់ខ្ពស់ និង សភា​ជាន់​ទាប ក្រោយ​ការបោះឆ្នោត​សកល​កាលពី​ឆ្នាំ ២០១៨។

អតីត​នាយករដ្ឋមន្ត្រី​អ៊ីតាលី លោក Giuseppe Conte ដែលជា​មេដឹកនាំ​បក្ស M5S កាលពី​ថ្ងៃទី ១៣ កក្កដា បាន​គំរាម​ដក M5S ចេញពី​រដ្ឋាភិបាលចម្រុះ ក្នុងពេលដែល​ភាព​តានតឹង​រវាង​លោក និង​នាយករដ្ឋមន្ត្រី Draghi កើនឡើង​ខ្ពស់​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ។ នាយករដ្ឋមន្ត្រី Draghi ថ្លែងថា លោក​មិន​ចង់​ដឹកនាំ​រដ្ឋាភិបាល​មួយ​ដែល​មិនមាន M5S។

ក្រោយ​ការប្រកាស​របស់លោក Conte មេ​ដឹ​ន​របស់​បក្សផ្សេងៗមួយ​ក៏បាន​គំរាម​ដកខ្លួន​ពី​រដ្ឋាភិបាលចម្រុះ ធ្វើឱ្យ​រដ្ឋាភិបាល​របស់​លោក Draghi ប្រឈម​នឹង​ការដួលរលំ។

នាយករដ្ឋមន្ត្រី Draghi កាលពី​ថ្ងៃទី ១២ កក្កដា ប្រកាសថា បើសិន M5S ដកខ្លួន​ពី​រដ្ឋាភិបាលចម្រុះ បញ្ហា​ទាំងអស់​នឹង​អាស្រ័យទៅលើ​ការសម្រេច​របស់​ប្រធានាធិបតី Sergio Mattarella៕

Advertisement