​ថៃ អនុម័ត​គោលនយោបាយ​ផ្ដល់​បណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនបរទេស

អ្នកនាំពាក្យ​រង​របស់ រាជរដ្ឋាភិបាល​ថៃ Traisuree Taisaranakul កាលពី​ថ្ងៃទី ១៤ កក្កដា បានឱ្យដឹងថា គណៈរដ្ឋមន្ត្រី​ថៃ បានអនុម័ត​គម្រោង​ផ្ដល់​បណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ពលរដ្ឋ​បរទេស​ដើម្បី​ជំរុញ​ការវិនិយោគ។

យោងតាម​លោកស្រី Traisuree គណៈរដ្ឋមន្ត្រី​ថៃ បានអនុម័ត​សេចក្ដីព្រាង​នៃ​ការណែនាំ​របស់ ការិយាល័យ​នាយករដ្ឋមន្ត្រី និង​ក្រសួងមហាផ្ទៃ ស្ដីពី​ការផ្ដល់​បណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ពលរដ្ឋ​បរទេស។ គោលនយោបាយ​នេះ​នឹង​ផ្ដល់​បណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ពលរដ្ឋ​បរទេស មិន​លើសពី ១០០ នាក់ និង​អ្នក​មិនមាន​សញ្ជាតិ​មិនឱ្យ​លើសពី ៥០ នាក់ ជា​រៀងរាល់ឆ្នាំ។

លោកស្រី Traisuree បានឱ្យដឹងថា ពលរដ្ឋ​បរទេស​មាន​មូលហេតុផ្សេងៗគ្នា​ដើម្បី​ស្វែងរក​ការ​ស្នាក់នៅ​អចិន្ត្រៃយ៍​នៅ ប្រទេស​ថៃ។ មនុស្ស​មួយចំនួន​មក​ប្រទេស​នេះ​ដើម្បី​ធ្វើការ និង​វិនិយោគ ខណៈដែល​មនុស្ស​ជាច្រើន​ផ្សេងទៀត​មានបំណង​នាំ​គ្រួសារ​មក​រស់នៅ និង​ទទួលផល​ប្រយោជន៍​នៅ ប្រទេស​ថៃ។ ក្នុង​គ្រា​ដែល ប្រទេស​ថៃ កំពុង​ត្រូវការ​ទុនវិនិយោគ​ពី​បរទេស​ដើម្បី​ស្ដារ​សេដ្ឋកិច្ច រាជរដ្ឋាភិបាល​ថៃ សង្ឃឹមថា គោលនយោបាយ​ថ្មី​នេះ​នឹង​ជួយ​លើកទឹកចិត្ត​ពលរដ្ឋ​បរទេស​មក​រស់នៅ​យូរអង្វែង​ដើម្បី​វិនិយោគ និង​ធ្វើការ​នៅ ប្រទេស​នេះ។

យោងតាម​លោកស្រី Traisuree គោលនយោបាយ​នេះ មុន​នោះ​ត្រូវបាន គណៈកម្មាធិការ​ជាតិ​អន្តោប្រវេសន៍​ថៃ អនុម័ត​រួចហើយ ហើយ​នឹងមាន​សុពលភាព​ក្នុងពេលឆាប់ៗនេះ។

រាជរដ្ឋាភិបាល​ថៃ ថ្មីៗនេះ​បាន និង​កំពុង​រក​វិធី​ដើម្បី​ទាក់ទាញ​ពលរដ្ឋ​បរទេស​ដែលជា​អ្នកមាន​ទ្រព្យ​ច្រើន និង​អ្នក​ដែលមាន​ជំនាញ​ខ្ពស់ មក​រស់នៅ តាមរយៈ​គោលនយោបាយ​នានា ដូចជា អនុញ្ញាតឱ្យ​ជួល​ផ្ទះ និង​ដី​ក្នុង​រយៈពេល​វែង ការសង​ប្រាក់​បង់ពន្ធ​ត្រលប់​ទៅវិញ។ល។ តាមរយៈ​គោលនយោបាយ​នេះ រាជរដ្ឋាភិបាល​ថៃ សង្ឃឹមថា នឹង​ទាក់ទាញ​ពលរដ្ឋ​បរទេស​ដែលមាន​ជំនាញ​ខ្ពស់ជាង ១ លាន​នាក់ មកកាន់​ប្រទេស​នេះ​ដើម្បី​រស់នៅ និង​ប្រកប​របរ​រកស៊ី ហើយ​អាច​នាំមក​នូវ​ខ្ទង់​ប្រាក់​វិនិយោគ ១ ទ្រី​លាន​បាត (១,០០០ ពាន់​លាន​បាត- ជិត ២៩ ពាន់​លាន​ដុល្លារ​អាម៉េរិក) នៅ​ឆ្នាំ ២០២៦។ ខ្ទង់​ប្រាក់​នេះ​នឹង​រួមចំណែក​ក្នុង​ការជួយ​ស្ដារ​សេដ្ឋកិច្ច​ប្រទេស​នេះ បន្ទាប់ពី GDP បាន​ធ្លាក់ចុះ​ជ្រៅ​ក្នុងអំឡុង ២ ឆ្នាំកន្លងមក៕

Advertisement