មេដឹកនាំ​មួយរូប​របស់ ឥណ្ឌា ត្រូវ​ចូល​ពេទ្យ បន្ទាប់ពី​ពិសា​ទឹកទន្លេ​ពិសិដ្ឋ (វីដេអូ)

មេដឹកនាំ​រដ្ឋ Punjab ត្រូវបាន​គេ​ជឿថា បាន​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយសារតែ​ឈឺពោះ​ខ្លាំង បន្ទាប់ពី​បាន​ពិសា​ទឹកទន្លេ​ពិសិដ្ឋ Kali Bein។

កាលពី​ចុង​សប្ដាហ៍​កន្លង អភិបាលរដ្ឋ Punjab លោក Bhagwant Mann រួម​នឹង​ក្រុមមន្ត្រី​អមដំណើរ បាន​ចូលរួម​ពិធី​រម្លឹក​អនុស្សាវរីយ៍ ២២ ឆ្នាំ នៃ​ការចាប់ផ្ដើម​យុទ្ធនាការ​សម្អាត​ទន្លេ Kail Bein ដែល​ត្រូវបាន​ក្រុម​អ្នក​កាន់សាសនា​ស៊ី​ក ចាត់ទុកជា​ទន្លេ​ពិសិដ្ឋ។

តំណាងរាស្ត្រ និង​ជា​អ្នកការពារ​បរិស្ថាន​ដ៏​ល្បីឈ្មោះ​នៅ ឥណ្ឌា លោក Baba Balbir Singh Seechewal បាន​អញ្ជើញ​អភិបាលរដ្ឋ Punjab ពិសា​ទឹកទន្លេ​ដែល​ហូរ​កាត់​ទីក្រុង Sultanpur Lodhi រដ្ឋ Punjab ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា។ លោក​អភិបាលរដ្ឋ​ក៏បាន​ពិសា​ទឹក​ពិសិដ្ឋ​នេះ​អស់ ១ កែវ ហើយ​មនុស្សម្នា​នៅ​ជុំវិញ​ក៏​ស្រែក​សាទរ។

India Express កាលពី​ម្សិលមិញ ដកស្រង់​ប្រភពព័ត៌មាន​ច្បាស់​ការណ៍​មួយ​ឱ្យដឹងថា នៅ​ព្រលប់​ថ្ងៃទី ១៩ កក្កដា ២ ថ្ងៃក្រោយ​ការ​ពិសា​ទឹកទន្លេ Kali Bein អភិបាលរដ្ឋ​ខាងលើ​ក៏មាន​អាការ​ឈឺពោះ​យ៉ាងខ្លាំង​ក្លា។ លោក​ក៏​ត្រូវបាន​ដឹក​តាម​ឧទ្ធម្ភាគចក្រ​ពី​ភូមិគ្រឹះ​របស់លោក​នៅ Chandigarh ទៅកាន់​មន្ទីរពេទ្យ​នៅ ទីក្រុង​ដេលី។

ប្រភពព័ត៌មាន​នានា​បានឱ្យដឹងថា អភិបាលរដ្ឋ Punjab លោក Mann ត្រូវ​ចូល​ពេទ្យ​គឺ​ដោយសារតែ​ការ​ពិសា​ទឹកទន្លេ Kali Bein។ NDTV ផ្សាយ​ថា ទន្លេ Kali Bein តែងតែ​កខ្វក់ ព្រោះតែ​ទឹក​ដែល​បង្ហូរ​ចេញពី​ទីរួមស្រុក និង​ទីប្រជុំជន​នានា​នៅក្បែរនោះ។

ក្រុម​មេដឹកនាំ​បក្ស Aam Aadmi (AAP) បញ្ជាក់​អំពី​ព័ត៌មាន​ដែលថា​លោក Mann ចូល​ពេទ្យ ប៉ុន្តែ​និយាយថា អភិបាលរដ្ឋ​រូបនេះ​ទៅពិនិត្យ​សុខភាព​តាម​ការ​ណាត់ និង​បាន​ចេញពី​ពេទ្យ​វិញ​ហើយ៕

Advertisement