រុស្ស៊ី អះអាងថា មិន​ផ្គត់ផ្គង់​ប្រេង​ដល់​បណ្ដា​ប្រទេស​ដែល​កំណត់​តម្លៃ​ពិតាន

ទេសាភិបាល​ធនាគារជាតិ​រុស្ស៊ី ប្រកាសថា ទីក្រុង​មូ​ស្គូ នឹងមិន​ផ្គត់ផ្គង់​ប្រេង​ដល់​បណ្ដា​ប្រទេស​ដែល​កំណត់​តម្លៃ​ពិតាន​ចំពោះ​ប្រេង ក្នុង​គ្រា​ដែល​លោកខាងលិច​កំពុង​រក​វិធី​លុបបំបាត់​ចំណូល​ពី​ថាមពល​របស់ រុស្ស៊ី។

ទេសាភិបាល​ធនាគារជាតិ​រុស្ស៊ី Elvira Nabiullina បានប្រកាស​ដូចខាងលើ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃទី ២២ កក្កដា ដើម្បី​ឆ្លើយតប​នឹង​ផែនការ​កំណត់​តម្លៃ​ពិតាន​ចំពោះ​ប្រេង​ដែល​នាំចូល​ពី ប្រទេស​រុស្ស៊ី។

លោកស្រី Nabiullina ព្រមាន​ថា សំណើ​របស់​ក្រុម​ប្រទេស​អភិវឌ្ឍ​លំដាប់​កំពូល​ពិភពលោក (G7) ក្នុង​បំណង​លុបបំបាត់​ប្រភព​ចំណូល​ពី​ថាមពល​របស់ រុស្ស៊ី ទាក់ទិន​នឹង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន នឹង​រុញច្រាន​តម្លៃ​ប្រេង​ពិភពលោក​ឱ្យ​ឡើងថ្លៃ​ខ្ពស់។

ទេសាភិបាល​ធនាគារជាតិ​រុស្ស៊ី ថ្លែងថា «យើង​នឹងមិន​ផ្គត់ផ្គង់​ប្រេង​ដល់​បណ្ដា​ប្រទេស​ដែល​នឹង​កំណត់​តម្លៃ​ពិតាន។ ប្រេង និង​ផលិតផល​ធ្វើ​ពី​ប្រេង​របស់​យើង នឹង​ផ្គត់ផ្គង់​ដល់​ប្រទេស​ទាំងឡាយ​ដែល​ព្រម​សហការ​ជាមួយ​យើង​តែប៉ុណ្ណោះ»។

សូមបញ្ជាក់ថា បច្ចុប្បន្ន រុស្ស៊ី គឺជា​អ្នក​ផលិត​ប្រេង​ធំជាងគេ​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក បន្ទាប់ពី ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត។

ការអះអាង​របស់​ទេសាភិបាល​ធនាគារជាតិ​រុស្ស៊ី ត្រូវបាន​លើកឡើង​នៅក្នុង​គ្រា​ដែល សហរដ្ឋ​អាម៉េរិក និង​ប្រទេស​ជាច្រើន​ទៀត ពិសេស​គឺ​បណ្ដា​ប្រទេស​នៅ អឺរ៉ុប កំពុង​ពិចារណា​អំពី​ការកំណត់​តម្លៃ​ពិតាន​ចំពោះ​ប្រេង​ដែល​នាំចូល​ពី ប្រទេស​រុស្ស៊ី ដើម្បី​ប្រឆាំងនឹង​យុទ្ធនាការ​យោធា​ពិសេស​របស់ ទីក្រុង​មូ​ស្គូ នៅ អ៊ុយ​ក្រែ​ន៕

 

Advertisement