«កាឡាក់ស៊ី​ខ្មោច» ក្នុង​រូប​ដែល​បាន​ចម្រាញ់​ពណ៌ ថត​ដោយ​កែវយឹត​អវកាស James Webb

កាឡាក់ស៊ី Messier 74 ដែល​ត្រូវ​បាន​ចម្រាញ់​ពណ៌​រួច​ហើយ

រូបភាព​ដែល​បានមកពី​ទិន្នន័យ​នៃ​ការសង្កេត​ថ្មី​របស់​តេ​ឡេ​ស្កុប​អវកាស James Webb បង្ហាញថា កាឡាក់ស៊ី Messier 74 មាន​រូបរាង​ដូច​ទៅនឹង​កំណួច​ទឹក​ដ៏​មហា​ប្រល័យ។

តេ​ឡេ​ស្កុប​អវកាស James Webb ថត​បាន​កាឡាក់ស៊ី Messier 74 ឬ​ហៅថា NGC 628 ឬក៏​កាឡាក់ស៊ី​ខ្មោច កាលពី​ថ្ងៃទី ១៧ កក្កដា និង​បាន​ផ្ញើមក​កាន់​ផែនដី។ យោងទៅលើ​ទិន្នន័យ​ដំបូង​ដែល ណា​សា បានប្រកាស សាស្ត្រាចារ្យ​ផ្នែក​តារាសាស្ត្រ Gabriel Brammer មកពី​សាកលវិទ្យាល័យ Copenhagen របស់ ដា​ណឺ​ម៉ាក បាន​បង្កើតជា​រូបភាព​ចម្រាញ់​ពណ៌​មួយ​ដែល​ប្រកបដោយ​ភាព​ទាក់ទាញ​ខ្លាំង ទាក់ទង​នឹង​រចនាសម្ព័ន្ធ​រាងគូទខ្យង​របស់ NGC 628។

រូបភាព​បង្ហាញថា Messier 74 មាន​រូបរាង​ដូច​ទៅនឹង​កំណួច​ទឹក​ដ៏​មហា​ប្រល័យ ដោយមាន​សរសៃ​រាងគូទខ្យង​ពណ៌​ស្វាយ​ដ៏​ចម្លែក។ ក៏​ប៉​ន្តែ នេះ​មិនមែនជា​អ្វីដែល​យើង​អាច​មើលឃើញ​ជាក់ស្ដែង​ដោយ​ភ្នែក។ ពណ៌​ស្វាយ​បានមកពី​រលក​ដែល​បាញ់​ចេញពី​វិទ្យុសកម្ម​ក្នុង​កាឡាក់ស៊ី ហើយ​មនុស្ស​មិនអាច​មើលឃើញ​ដោយផ្ទាល់។

Messier 74 ដែល​ថត​បាន​ដោយ​តេឡេស្កុបអវកាស​ James Webb

ស្ថិតក្នុង​រយៈ​ចម្ងាយ​ពី​ផែនដី​ប្រហែល ៣២ លាន​ឆ្នាំ​ពន្លឺ និង​នៅក្នុង​កញ្ចុំ​ផ្កាយ Pisces កាឡាក់ស៊ី Messier 74 មាន​ដៃ​រាងគូទខ្យង​លាតសន្ធឹង​ប្រហាក់ប្រហែលគ្នា។ កាឡាក់ស៊ី​នេះ មាន​អង្កត់ផ្ចិត​ប្រវែង​ឡើងដល់ ៩៥,០០០ ឆ្នាំ​ពន្លឺ និង​មាន​ផ្កាយ​ប្រហែល ១០០ ពាន់​លាន​ដួង៕

 

Advertisement