មេឃ​ក្ដៅ​ខ្លាំង​ ទីក្រុង​នៅ សហរដ្ឋ​អាម៉េរិក ក្រាល​កាវ​ពិសេស​លើ​ដងផ្លូវ ដើម្បី​បង្កើន​ភាព​ត្រជាក់

ទីក្រុង Phoenix ទប់​ទល់នឹង​កម្ដៅថ្ងៃ​ដោយ​វិធី​ក្រាល​កាវ​ពិសេស​មួយ​ប្រភេទ​លើ​ដងផ្លូវ​កៅស៊ូ ដើម្បី​ជួយ​បង្កើន​ប្រសិទ្ធភាព​ចំណាំងផ្លាត​ពន្លឺព្រះអាទិត្យ​របស់​ដងផ្លូវ។

«ពលរដ្ឋ​នៅ Phoenix និយាយថា ពួកគេ​ទទួលបាន​ភាពខុសប្លែក» Kate Gallego អភិបាលក្រុង​នៅលើ​សមុទ្រ​ខ្សាច់​ភាគ​ខាងលិច នៃ សហរដ្ឋ​អាម៉េរិក ឱ្យដឹង​ដូច្នេះ និង​បន្ថែម ផ្ទៃ​របស់​ដងផ្លូវ​នេះ បន្ទាប់ពី​ត្រូវបាន​ក្រាល​កាវ​ពិសេស នឹង​ត្រជាក់​ជាង​ពី ១០ ទៅ ១២ អង្សា​សេ ធៀប​នឹង​ផ្ទៃ​ផ្លូវ​ដែល​ក្រាល​កៅស៊ូ។

ផ្លូវ​ប្រវែង​ប្រហែល ១១៨ គីឡូម៉ែត្រ នៅ​ទីក្រុង Phoenix ក្នុង​រដ្ឋ Arizona ត្រូវបាន​ក្រាល​កាវ​ពិសេស ក្នុង​គម្រោង​សាកល្បង​បន្សាប​កម្ដៅ​ផ្ទៃ​ផ្លូវ តម្លៃ ៣.៣ លាន​ដុល្លារ របស់​ទីក្រុង​នេះ។

បម្រែបម្រួល​អាកាសធាតុ កំពុងតែ​ធ្វើឱ្យ​សីតុណ្ហភាព​នៅក្នុង​ទីក្រុង​ដែល​ក្ដៅ​ជាងគេ​នៅ សហរដ្ឋ​អាម៉េរិក កាន់តែ​ឡើងក​ម្ដៅ​ខ្ពស់។ កាលពី​ឆ្នាំ ២០២០ ទីក្រុង Phoenix បាន​ឆ្លងកាត់​កម្ដៅ​ជាង ៤៣ អង្សា​សេ ក្នុង​រយៈពេល ៥៣ ថ្ងៃ បណ្ដាលឱ្យ​មនុស្ស​ជិត ២០០ នាក់​បាន​បាត់​ជីវិត ដោយសារតែ​រលក​កម្ដៅ។

ទីក្រុង Phoenix , Los Angeles និង Miami បាន​បង្កើត​គណកម្មកា​រ​ដើម្បី​ស្វែងរក​វិធី​ទប់ស្កាត់​ផលប៉ះពាល់​ពី​កម្ដៅថ្ងៃ ក្នុង​គ្រា​ដែល​បណ្ដា​ទីក្រុង​នៅ សហរដ្ឋ​អាម៉េរិក ក៏ដូចជា​បណ្ដា​ទីក្រុង​នៅ​ពាសពេញ​ពិភពលោក កំពុង​ប្រឈម​នឹង​ការឡើង​កម្ដៅ​ទ្វេដង​ធៀប​នឹង​មធ្យមភាគ ព្រោះតែ​ការ​ស្រូប និង​រក្សា​កម្ដៅ​របស់​អគារ និង​ផ្ទៃ​ផ្លូវ​ក្នុង​ទីក្រុង៕

 

Advertisement