អាម៉េរិក ប្រកាសថា​បាន​កម្ចាត់​មេដឹកនាំ​របស់​ក្រុម​ភេរ​វករ al-Qaeda

អតីតមេដឹកនាំ al-Qaeda លោក Osama bin Laden (កណ្ដាល) និង al-Zawahiri

សហរដ្ឋ​អាម៉េរិក ធ្វើការ​វាយប្រហារ​តាម​អាកាស​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ចុង​សប្ដាហ៍​កន្លង តាម​បទបញ្ជា​របស់លោក ចូ បៃ​ដិ​ន និង​បាន​អះអាងថា បាន​កម្ចាត់​មេដឹកនាំ al-Zawahiri នៃ អង្គការ​ភេរវកម្ម al-Qaeda។

«តាម​បទបញ្ជា​របស់ខ្ញុំ កងកម្លាំង​សហរដ្ឋ​អាម៉េរិក បាន​បើក​ការវាយប្រហារ​តាម​អាកាស​ដោយ​ជោគជ័យ​នៅ រដ្ឋធានី​កា​ប៊ុល របស់ អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ថ្ងៃទី ៣១ កក្កដា និង​បាន​កម្ចាត់​មេដឹកនាំ al-Qaeda ឈ្មោះ Ayman al-Zawahiri» ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក លោក បៃ​ដិ​ន បានឱ្យដឹង​កាលពី​ថ្ងៃទី ០១ សីហា។

មន្ត្រីជាន់ខ្ពស់​របស់ រដ្ឋាភិបាល​អាម៉េរិក មុន​នោះបាន​និយាយថា យុទ្ធនាការ​វាយប្រហារ​ពី​អាកាស​នេះ ត្រូវបាន​ធ្វើឡើង​ដោយ ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាម៉េរិក (CIA) និង​មិនបាន​បង្ក​ការស្លាប់ ឬ​របួស​ដល់​ជន​ស៊ីវិល។

បច្ចុប្បន្ន មិនទាន់​ដឹង​ច្បាស់​ថា សហរដ្ឋ​អាម៉េរិក ប្រើប្រាស់​វិធី​ណា​ដើម្បី​បញ្ជាក់​អំពី​ការស្លាប់​របស់ al-Zawahiri ខណៈដែល កងទ័ព​អាម៉េរិក អវត្តមាន​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន អស់​រយៈពេល ១ ឆ្នាំ​មកហើយ។

នេះ​គឺជា​ការវាយប្រហារ​តាម​អាកាស​លើកទីមួយ​របស់ អាម៉េរិក នៅ អា​ហ្វ​ហ្គា​នី​ស្ថាន រាប់​ចាប់តាំងពី​បាន​ដកទ័ព​ចេញពី​ប្រទេស​នេះ កាលពី​ខែសីហា ២០២១។

អ្នកនាំពាក្យ​របស់ តា​លី​បង់ Zabihullah Mujahid បញ្ជាក់ថា មាន​ករណី​វាយប្រហារ​តាម​អាកាស​មួយ​បាន​កើតឡើង​នៅ រដ្ឋធានី​កា​ប៊ុល កាលពី​ថ្ងៃទី ៣១ កក្កដា និង​បាន​ហៅ​វា​ថា​ជា​សកម្មភាព​រំលោភ​គោលការណ៍​អន្តរជាតិ។

Al-Zawahiri ត្រូវបាន​គេ​ជឿថា គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មេគំនិត​នៅក្នុង​ការវាយប្រហារ​លើ​នាវាចម្បាំង USS Cole នៅ​លម្ហ​សមុទ្រ យេ​ម៉ែន កាលពី​ថ្ងៃទី ១២ តុលា ២០០០ បណ្ដាលឱ្យ​នាវិក​អាម៉េរិក ១៧ នាក់​បាត់​បង់ជីវិត និង​ជាង ៣០ នាក់​រងរបួស ហើយក៏​ជា​មនុស្ស​ម្នាក់​ដែល​ពាក់ព័ន្ធ​នឹង​ការ​បំផ្ទុះ​គ្រាប់បែក​នៅ ស្ថានទូត​អាម៉េរិក ប្រចាំ កេ​ន​យ៉ា និង តង់​សានី កាលពី​ឆ្នាំ ១៩៩៨ សម្លាប់​មនុស្ស​អស់ ២២៤ នាក់ និង​ជាង ៥,០០០ នាក់​រងរបួស។

Al-Zawahiri បាន​ក្លាយជា​មេដឹកនាំ al-Qaeda ក្រោយពី កម្លាំង​ពិសេស​នៃ កងទ័ពជើងទឹក​អាម៉េរិក បាន​កម្ចាត់ Osama bin Laden កាលពី​ឆ្នាំ ២០១១៕

លោក ចូ បៃដិន
មេដឹកនាំ al-Qaeda លោក al-Zawahiri
Advertisement