ប្រទេស​ថៃ ៖ គំនិត​ផ្ដួចផ្ដើម​សន្តិភាព​ថ្មី​សម្រាប់​តំបន់​ភាគខាងត្បូង​ប្រទេស

Anas Abdulrahman (កណ្ដាល) ប្រធានប្រតិភូ​តំណាង​ក្រុម​ BRN ក្នុង​កិច្ច​ចរចា​ជាមួយ​ អាជ្ញាធរថៃ និង​សមាជិក​ដែល​បាន​ចូលរួម​កិច្ច​ចរចានៅ ម៉ាឡេស៊ី ​កាលពី​ថ្ងៃទី ០៣ សីហា ២០២២

ប្រភពព័ត៌មាន​នៅ រាជធានី​បាងកក បានឱ្យដឹងថា ការចរចា​សន្តិភាព​លើក​ទី ៥ រវាង អាជ្ញាធរ​ថៃ និង BRN ដែលជា​ក្រុម​ផ្ដាច់ខ្លួន​នៅ​តំបន់​ភាគខាងត្បូង​រប​ស់​ប្រទេស​នេះ ត្រូវបាន​ធ្វើឡើង​នៅ រាជធានី​គួ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី ចាប់ពី​ថ្ងៃទី ១ ដល់ទី ២ សីហា ដោយមាន រាជរដ្ឋាភិបាល​ម៉ាឡេស៊ី ជា​អ្នកសម្របសម្រួល។

ក្នុងការ​ចរចា​នេះ ភាគី​ថៃ បានស្នើ​ឱ្យមាន​បទ​ឈប់​ប្រើ​អំពើហិង្សា​ក្នុង​រយៈពេល ១០៨ ថ្ងៃ។ នេះ​គឺជា​ការប្រឹងប្រែង​ថ្មី​បំផុត​ដើម្បី​កាត់បន្ថយ​អំពើហិង្សា​នៅ​តំបន់​ចុង​ទក្សិណ​របស់ ប្រទេស​ថៃ បន្ទាប់ពី គំនិត​ផ្ដួចផ្ដើម​សន្តិភាព Ramadan ដែល​ក្នុងនោះ ភាគី​ទាំងពីរ​យល់ព្រម​ផ្អាក​រាល់​សកម្មភាព​អំពើហិង្សា​ក្នុង​រដូវ​បុណ្យ​តម​អាហារ​របស់​អ៊ីស្លាម​សាសនិក ចាប់ពី​ថ្ងៃទី ៣ មេសា ដល់ ១៤ ឧសភា។

យោងតាម​ឧ​ត្ត​ម​សេនីយ៍ Wanlop Rugsanoh ប្រធាន​គណៈកម្មការ​នៃ​កិច្ច​ការចរចា​សន្តិភាព​របស់ ប្រទេស​ថៃ ដំណាក់កាល​មិនមាន​អំពើហិង្សា​ដែល​ត្រូវបាន​ស្នើ​នេះ​នឹង​អូស​បន្លាយពេល​ពីថ្ងៃ​ទី ១៥ សីហា ដល់ ៣០ វិច្ឆិកា និង​ត្រូវបាន​ហៅថា គំនិត​ផ្ដួចផ្ដើម​សន្តិភាព​រដូវ​បុណ្យ​ភ្ជុំ​ពុទ្ធសាសនា។ ប៉ុន្តែ គំនិត​នេះ​នឹងត្រូវ​កែសម្រួល​បន្តទៀត មុននឹង​មានការ​ឯកភាព។

ឧ​ត្ត​ម​សេនីយ៍ Wanlop ក៏បាន​ឱ្យដឹងថា រាជរដ្ឋាភិបាល​ថៃ ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការចរចា​សន្តិភាព​ជាមួយនឹង​បណ្ដា​ក្រុម​បះបោរ​ផ្សេងទៀត រួមមាន​ទាំង អង្គការ​រំដោះ​ឯកភាព Patani (Pulo) ជា​ក្រុម​ដែល​ត្រូវបាន​គេ​ជឿថា ជា​អ្នក​នៅ​ពីក្រោយ​ករណី​បំផ្ទុះ​គ្រាប់បែក​កាលពី​ថ្ងៃទី ១៥ មេសា​កន្លងទៅ។

យោងតាម អង្គការ​តាមដាន​តំបន់​ចុង​ទក្សិណ​របស់​ថៃ ចាប់តាំងពី​ការបះបោរ​បាន​ផ្ទុះឡើង​កាលពី​ឆ្នាំ ២០០៤ មនុស្ស​ជាង ៧,០០០ នាក់​បាន​ស្លាប់ និង​ជាង ១៣,៥០០ នាក់​ផ្សេងទៀត ត្រូវ​រងរបួស នៅ​ក្នុងករណី​អំពើហិង្សា​ដែល​កើត​មាននៅ​ពាសពេញ​តំបន់​ភាគខាងត្បូង​រប​ស់ ប្រទេស​ថៃ រួមមាន​ខេត្ត Narathiwat, Pattani និង Yala៕

 

Advertisement