ប្រទេសថៃ ៖ រថភ្លើង​មួយ​ខ្សែ​ត្រូវ​គេ​បាញ់ប្រហារ​ច្រើន​គ្រាប់​ ពេល​កំពុង​ធ្វើ​ដំណើរ​

រថភ្លើង​ដឹក​អ្នកដំណើរ បាងកក-ស៊ុន​ង៉ៃ កូ​ឡុ​ក (Bangkok – Sungai Kolok) ត្រូវ​រង​គ្រាប់កាំភ្លើង​ជាច្រើន​គ្រាប់​នៅវេលា​ថ្ងៃត្រង់​ទី ០៤ សីហា នៅក្នុង​ស្រុក​រូ​សូ (Rueso) ខេត្ត ណា​រ៉ា​ធី​វ៉ា​ត់ (Narathiwat) ភាគខាងត្បូង​នៃ ប្រទេស​ថៃ។

លោក Prachaniwat Buasri មកពី​ក្រុមហ៊ុន​ផ្លូវដែក​រដ្ឋ​ថៃ បានឱ្យដឹងថា រថភ្លើង​ត្រូវបាន​គេ​បាញ់​ច្រើន​គ្រាប់​ចំ​ពី​ខាងមុខ​ក្បាលម៉ាស៊ីន។ ស្នាម​គ្រាប់កាំភ្លើង​នៅលើ​កញ្ចក់​ផ្នែក​ខាងមុខ​របស់​ក្បាលរថភ្លើង​បង្ហាញថា ខ្មាន់កាំភ្លើង​មានបំណង​សម្លាប់​អ្នកបើកបរ ប៉ុន្តែ​សំណាងល្អ ពួកគេ​មិនបាន​រងរបួស។

បន្ទាប់ពី​ហេតុការណ៍​បានកើត​ឡើង ក្រុមហ៊ុន​គ្រប់គ្រង​ផ្លូវដែក​ខាងលើ​ក៏បាន​ផ្អាក​សេវាកម្ម​ដឹកជញ្ជូន​ពី បាងកក-ស៊ុន​ង៉ៃ កូ​ឡុ​ក ដើម្បី​ស៊ើបអង្កេត​រក​មូលហេតុ។

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ហេតុការណ៍​បាញ់ប្រហារ ការ​បំផ្ទុះ​គ្រាប់បែក បាន​កើតឡើង​ច្រើន​ករណី​នៅក្នុង​តំបន់​នានា​របស់ ប្រទេស​ថៃ។ កាលពី​ថ្ងៃទី ០៣ សីហា មាន​ករណី​ប្រយុទ្ធ​គ្នា​រវាង​បុរស ២ ក្រុម​នៅក្នុង​ខេត្ត អ៊ូ​ប៊ុន រ៉ាត់​ថា​នី (Ubon Ratchathani) បណ្ដាលឱ្យ​មនុស្ស ២ នាក់​បាត់​បង់ជីវិត និង ៧ នាក់​ត្រូវ​រងរបួស៕

Advertisement