អ្នក​ម្ដាយ​ប្រយុទ្ធ​ជាមួយ​សត្វ​ខ្លា​ដោយ​ដៃទទេ ដើម្បី​សង្គ្រោះ​កូន​អាយុ ១៥ ខែ

(ឥណ្ឌា)-ស្ត្រី​ម្នាក់​នៅក្នុង​រដ្ឋ Madhya Pradesh ត្រូវ​រងរបួស​ធ្ងន់​ប​ន្ទា​ប់​ពី​ប្រយុទ្ធ​គ្នា​ជាមួយ​សត្វ​ខ្លា​ដោយ​ដៃទទេ​ដើម្បី​ជួយសង្គ្រោះ​ជីវិត​កូនប្រុស។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី ០៤ កញ្ញា នៅក្បែរ​តំបន់​អភិរក្ស​សត្វ​ខ្លា Bandhavgarh ក្នុង​រដ្ឋ Madhya Pradesh ភាគ​កណ្ដាល​ប្រទេស​ឥណ្ឌា។

អ្នកស្រី Archana Choudhary អាយុ ២៥ ឆ្នាំ រួម​នឹង​កូនប្រុស​អាយុ ១៥ ខែ កំពុងស្ថិត​នៅលើ​វាយ​ស្រែ ក៏​ស្រាប់​តែមាន​សត្វ​ខ្លា​មួយ​ក្បាល​បោល​ចេញពី​ព្រៃ វាយប្រហារ​ទៅលើ​កូនតូច បំណង​ចាប់យក​ជា​ចំណី។

អ្នកស្រី Archana Choudhary

សារព័ត៌មាន​ឥណ្ឌា បាន​រាយការណ៍​ថា សត្វ​ខ្លា​នេះ​ខាំ​ក្បាល​កូនតូច​នោះ និង​រក​វិធី​នាំយកទៅ​ធ្វើជា​អាហារ។ ភ្លាមនោះ Choudhary ក៏​ស្ទុះ​ចូល​វាយ ធាក់​ទាត់​ទៅលើ​សត្វ​ខ្លា ទន្ទឹមនឹង​ការស្រែក​ឱ្យគេ​ជួយ។ ប្រជាជន​នៅក្បែរនោះ ក៏​នាំគ្នា​ចាប់យក​អាវុធ និង​សម្រុកចូល ដេញ​សត្វ​សាហាវ​នេះ។

Bhola Prasad ដែលជា​ស្វាមី​របស់ Choudhary បាន​ប្រាប់ថា ភរិយា​គាត់​ត្រូវ​ធ្លុះ​សួត និង​រងរបួស​ច្រើន​កន្លែង​ទៀត ចំណែក​កូនប្រុស​ត្រូវរ​បួស​ត្រង់​ក្បាល ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ។ ក្រោយពី​សង្គ្រោះបន្ទាន់ ម្ដាយ និង​កូន​ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ថ្នាក់លើ​នៅ​ទីក្រុង Jabalpur ដែលមាន​ចម្ងាយ ១៣០ គូ​ឡូ​ម៉ែត្រ។

វេជ្ជបណ្ឌិត Misthi Ruhela នៅ Jabalpur និយាយថា ជនរងគ្រោះ​កំពុង​ត្រូវបាន​ព្យាបាល​ក្នុង​បន្ទប់​ពិសេស និង​បាន​ចាក់​ថ្នាំ​បង្ការ​ជំងឺ​រួចហើយ។

Bhola Prasad ដែលជា​ស្វាមី​របស់ Choudhary

ករណី​ខាងលើនេះ ធ្វើឱ្យ​ប្រជាជន​ក្នុង​តំបន់​អភិ​រក្សា​សត្វ​ខ្លា​មានការ​ភ័យខ្លាច​ជាខ្លាំង។ អាជ្ញាធរ​ក្នុង​តំបន់ កំពុង​ស្វែងរក​ចាប់​សត្វ​ខ្លា​មួយ​ក្បាល​នេះ និង​ចាត់វិធានការ​ដើម្បី​កុំ​ឱ្យមាន​ករណីបែបនេះ​កើតឡើង​ទៀត៕

Advertisement