ក្រុមតំណាងរាស្ត្រ​អាម៉េរិក ធ្វើ​ទស្សនកិច្ចភ្លាមៗនៅ កោះ​តៃវ៉ាន់

តំណាងរាស្ត្រ Stephanie Murphy សមាជិកគណៈកម្មការយោធានៅ សភាជាន់ទាបអាម៉េរិក

ប្រតិភូ​តំណាងរាស្ត្រ ៨ រូប​របស់ សហរដ្ឋ​អាម៉េរិក បានមក​ដល់ កោះ​តៃវ៉ាន់ ក្នុង​ដំណើរ​ទស្សនកិច្ច​មួយ​ដែល​មិនបាន​ប្រកាស​ជាមុន ហើយ​គ្រោង​នឹង​ធ្វើការ​នៅទីនេះ​រយៈពេល ២ ថ្ងៃ។

ការិយាល័យ​តំណាង​របស់ សហរដ្ឋ​អាម៉េរិក ប្រចាំ កោះ​តៃវ៉ាន់ (AIT) បានឱ្យដឹងថា ប្រតិភូ​តំណាងរាស្ត្រ ៨ រូប​របស់ សហរដ្ឋ​អាម៉េរិក ដឹកនាំ​ដោយ Stephanie Murphy សមាជិក​គណៈកម្មការ​យោធា​នៅ សភា​ជាន់​ទាប បានមក​ដល់ កោះ​តៃវ៉ាន់ កាលពី​ព្រលប់​ថ្ងៃទី ០៧ កញ្ញា ហើយ​គ្រោង​នឹង​ធ្វើការ​នៅទីនេះ​រយៈពេល ២ ថ្ងៃ។ AIT បន្ថែមថា នេះ​គឺជា​ផ្នែក​មួយ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ពួកគេ​មកកាន់ តំបន់​ឥណ្ឌូ-ប៉ា​ស៊ី​ហ្វ៊ិ​ក។

«ប្រតិភូ​នឹងមាន​ជំនួប​ជាមួយ​ក្រុម​មេដឹកនាំ​ជាន់ខ្ពស់​របស់ តៃវ៉ាន់ ដើម្បី​ពិភាក្សា​អំពី​ទំនាក់ទំនង​ជាមួយ សហរដ្ឋ​អាម៉េរិក, បញ្ហា​សន្តិសុខ​ក្នុង​តំបន់, បញ្ហា​ពាណិជ្ជកម្ម និង​វិនិយោគ, បណ្ដាញ​ផ្គត់ផ្គង់​ទូទាំង​សកល​លិ​ក ក៏ដូចជាបញ្ហាសំខាន់ៗដែលជា​ចំណាប់អារម្មណ៍​របស់​ភា​គី​ទាំងពីរ» AIT ឱ្យដឹង​ដូច្នេះ។

ការិយាល័យ​មេដឹកនាំ​កោះ​តៃវ៉ាន់ ប្រកាសថា លោកស្រី Tsai Ing-wen នឹង​ជួបពិភាក្សា​ជាមួយ​ប្រតិភូ​តំណាងរាស្ត្រ​អាម៉េរិក នៅ​ព្រឹក​នេះ។

«នេះ​គឺជា​ប្រតិភូ​តំណាងរាស្ត្រ​អាម៉េរិក ក្រុមទី ៦ ដែល​បានមក​កាន់ កោះ​តៃវ៉ាន់ រាប់​ចាប់តាំងពី កងទ័ព​ចិនដីគោក ធ្វើ​លំ​ហាត់​សមយុទ្ធ​យោធា​កាលពីដើម​ខែសីហា។ ប្រការនេះ​បង្ហាញថា សហរដ្ឋ​អាម៉េរិក ផ្ដល់​តម្លៃ និង​គាំទ្រ​ចំពោះ កោះ​តៃវ៉ាន់ នៅ​ច្រើន​ថ្នាក់ ច្រើន​កម្រិត» ការិយាល័យ​មេដឹកនាំ​កោះ​តៃវ៉ាន់ អធិប្បាយ​ដូច្នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុមមន្ត្រី​នៅ ទីក្រុង​ប៉េកាំង មិនទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​នៅឡើយ។ ប៉ុន្តែ កន្លងមក ដំណើរ​ទស្សនកិច្ច​បែប​នេះ តែងតែ​ត្រូវ​រង​ការរិះគន់ និង​ការព្រមាន ក៏ដូចជា​ចំណាត់ការ​នានា​ពី​សំណាក់ ចិនដីគោក។

Advertisement