សហរដ្ឋ​អាម៉េរិក បាញ់​សាកល្បង​មី​ស៊ី​ល​អន្តរទ្វីប Minuteman III

កងទ័ព​អាម៉េរិក ឱ្យដឹងថា បាន​បាញ់​មី​ស៊ី​ល​អន្តរទ្វីប​កាលពី​ថ្ងៃទី ០៧ កញ្ញា និង​បាន​ជូនដំណឹង​ជាមុន​ដល់ រុស្ស៊ី អំពី​ការសាកល្បង​នេះ។

«អង្គភាព​វាយប្រហារ​ទូទាំង​ពិភពលោក​នៃ​ទ័ពអាកាស​អាម៉េរិក បាន​បាញ់​មី​ស៊ី​ល​អន្តរទ្វីប (ICBM) Minuteman III មិន​បំពាក់អាវុធ ពី​មូលដ្ឋាន​នៅ California» ទ័ពអាកាស​អាម៉េរិក ប្រកាស​ដូច្នេះ។

នេះ​គឺជា​លើក​ទី​ពីរ​ក្នុង​រយៈពេល​មិន​ដល់​មួយខែ ដែល សហរដ្ឋ​អាម៉េរិក បាន​សាកល្បង ICBM។ ទីក្រុង​វ៉ា​ស៊ី​ង​តោន បញ្ជាក់ថា បាន​ជូនដំណឹង​ជាមុន​ដល់ រុស្ស៊ី អំពី​ករណី​ធ្វើតេស្ត​នេះ។ ការជូនដំណឹង​ជាមុន​នេះ ទំនងជា​ក្នុង​បំណង​ទប់ស្កាត់​ភាព​តានតឹង​រវាង​ប្រទេស​ទាំងពីរ​ដែល​កំពុង​កើនឡើង​ស្រាប់។

ទ័ពអាកាស​អាម៉េរិក សង្កត់ធ្ងន់ថា «ករណី​សាកល្បង​នេះ​មិនមែនជា​លទ្ធផល​កើតចេញពី​ព្រឹត្តិការណ៍​នានា​នៅលើ​ពិភពលោក​នាបច្ចុប្បន្ន​ឡើយ»។

ទ័ពអាកាស​អាម៉េរិក កាលពី​ថ្ងៃទី ១៦ សីហា បាន​បាញ់​សាកល្បង​មី​ស៊ី​ល​អន្តរទ្វីប Minuteman III ដោយ​ជោគជ័យ ក្រោយ​ការពន្យារពេល​អស់ ២ សប្ដាហ៍ ដើម្បី​បញ្ចៀស​ភាព​តានតឹង​ទាក់ទង​នឹង​បញ្ហា អ៊ុយ​ក្រែ​ន និង កោះ​តៃវ៉ាន់។

Minuteman III ដែលជា​មី​ស៊ី​លអាច​បំពាក់​ក្បាល​គ្រាប់​នុយ​ក្លេ​អែរ ផលិត​ដោយ Boeing គឺជា​ផ្នែក​សំខាន់បំផុត​នៅក្នុង​ឃ្លាំង​អាវុធ​យុទ្ធសាស្ត្រ​របស់ សហរដ្ឋ​អាម៉េរិក។ មី​ស៊ី​ល​នេះ​បាញ់​បាន​រយៈ​ចម្ងាយ​ជាង ៩,៦០០ គីឡូម៉ែត្រ និង​មាន​ល្បឿន​ប្រមាណ ២៤,០០០ គីឡូម៉ែត្រ/ម៉ោង៕

Advertisement