កំពូល​ភ្នំ​ថ្ម កំពុង​ «បង្កើត​» ពពក​សក្បុស​ និង​យ៉ាង​ស្រស់ស្អាត (វីដេអូ)

ពពក​ដ៏ចម្លែក​ ទំនង​ជាបាញ់​ចេញ​ពី​កំពូល​ភ្នំ Gibraltar នៅ​ក្នុង​វីដេអូ​មួយ​ដែល​ត្រូវ​បានថត និង​បង្ហោះ​ដោយ​​ស្ថាប័ន​ឧតុនិយម​ Gibraltar។

ស្ថាប័ន​ឧតុនិយម Gibraltar បាន​ចែក​រំលែក​វីដេអូ time-lapse ដែល​ថត​បាន​កាល​ពី​ថ្ងៃទី ២៤ សីហា ពី​ផ្លូវ​រត់​ក្នុង​ព្រលាន​យន្តហោះ​អន្តរជាតិ Gibraltar នៅ​លើ​ទំព័រ​ Twitter។ ក្នុង​វីដេអូដែល​ត្រូវ​បាន​ខាល់​ល្បឿន ពពក​សក្បុស​ ហាក់​ដូច​ជា​ត្រូវ​បាន​បង្កើត​ឡើង​ពី​ស្រទាប់​ឧស្ម័ន​ស្ដើង​​ព័ទ្ធ​ជុំ​វិញ​កំពូល​ភ្នំ Gibraltar ដែល​មាន​កម្ពស់ជាង ៤០០ ម៉ែត្រ​ ជា​ទី​ដែល​មាន​ហ្វូង​ស្វា​ព្រៃ​ Barbary ប្រមាណ ៣០០ ក្បាល​កំពុង​រស់​នៅ​។

ពពក​ចម្លែក​នេះ​ត្រូវ​បាន​ហៅ​ថា ពពក banner ជា​ប្រភេទ​ពពក​នៅ​លើ​កំពូល​ភ្នំ​។ ពពក banner កើត​ឡើង​នៅ​ពេល​មាន​ខ្យល់​កម្លាំង​ខ្លាំង​បក់​បោក​ទៅ​លើ​បរិយាកាស​ដែល​មាន​កម្រិត​សំណើម​ខ្ពស់​នៅ​លើ​ភ្នំ ធ្វើ​ឱ្យ​បរិយាកាស​នោះ​​ហោះ​​ទៅលើ​កំពូល​ភ្នំ​។ នៅពេល​ឡើង​ទៅដល់​កំពូល​ភ្នំ បរិយាកាស​នោះ​ក៏​ចុះ​ត្រជាក់​ នាំ​ឱ្យ​ចំហាយ​ទឹក​ប្រមូល​ផ្ដុំ​ទៅជា​ពពក​អណ្ដែត​ជុំវិញ​កំពូល​ភ្នំ​ ឬ​ត្រូវ​ខ្យល់​បក់​ឱ្យ​ហោះ​ដូច​ទិដ្ឋភាព​ក្នុង​វីដេអូ​នេះ​។

ភ្នំ​ Gibraltar ជា​ទីកន្លែង​សមស្រប​ដើម្បី​ឱ្យ​ពពក banner កកើត ព្រោះ​ថា តំបន់​ភ្នំ​នេះ​តែង​មាន​ខ្យល់ Levant ជា​ប្រភេទ​ខ្យល់​ដែល​បក់​ទៅទិស​ខាង​លិច​ តាម​ច្រក​សមុទ្រ Gibraltar នៅ​សមុទ្រ​ភាគ​ខាង​ត្បូង​នៃ​ ប្រទេស​អេស្ប៉ាញ។ ដូច្នេះ អ្នក​ស្រុក​ក្នុង​តំបន់​នេះ​ក៏​ហៅ​ពពក​ banner នេះ​ថា «Levanter»។

Gibraltar គឺជា​ទឹក​ដី​ឯនាយ​សមុទ្រ​របស់​ ចក្រភព​អង់គ្លេស​ មាន​ទីតាំង​ស្ថិត​នៅជាប់​នឹង​ ប្រទេស​អេស្ប៉ាញ នៅ​​ភាគ​និរតី៕

Advertisement