មនុស្សយ៉ាង​ហោច ១០ នាក់​បាន​ស្លាប់​នៅក្នុង​រដូវ​បុណ្យ​ប្រណាំង​សត្វ​ខ្ទីង នៅ​ អេស្ប៉ាញ នា​ឆ្នាំ​នេះ

រដូវ​បុណ្យ​ប្រកួតប្រណាំង​ជាមួយ​សត្វ​ខ្ទីង​ឆ្នាំនេះ​នៅ អេ​ស្ប៉ា​ញ បានធ្វើឱ្យ​កក្រើក​សាធារណមតិ នៅពេល​មនុស្ស ១០ នាក់​បាន​បាត់​បង់ជីវិត​ដោយសារ​ត្រូវ​សត្វ​នេះ​វ័ធ។

ការរត់​ប្រណាំង ប្រជែង​ជាមួយនឹង​សត្វ​ខ្ទីង​គឺជា​ពិធីបុណ្យ​ប្រពៃណី​នៅ អេ​ស្ប៉ា​ញ សម្រាប់​មនុស្ស​គ្រប់គ្នា និង​ត្រូវបាន​ប្រារព្ធ​ឡើង​នៅក្នុង​តំបន់​ជាច្រើន​នៃ​ប្រទេស​នេះ។ ការប្រកួត​នឹង​សត្វ​ខ្ទីង​ត្រូវបាន​ចាត់ទុកថា​ជា​ពិធី​សំខាន់បំផុត​នៅក្នុង​រដូវ​បុណ្យ​នា​រដូវក្ដៅ​នៅ​ទូទាំងប្រទេស។

ក៏ប៉ុន្តែ បុណ្យ​ប្រណាំង​សត្វ​ខ្ទីង​ដែល​បានចាប់ផ្ដើម​ពី​រដូវក្ដៅ​ឆ្នាំនេះ កំពុងតែ​បង្កឱ្យមាន​ភាពចម្រូងចម្រាស​នៅក្នុង​សង្គម ដោយសារតែ​មនុស្ស​យ៉ាងតិច ១០ ត្រូវបាន​សត្វ​ខ្ទីង​វ័ធ​រហូតដល់​ស្លាប់។

ក្នុង​ពិធីបុណ្យ​ប្រណាំង​នឹង​សត្វ​ខ្ទីង គណៈកម្មការ​បុណ្យ​តែងតែ​លែង​សត្វ​ខ្ទីង​មួយ​ហ្វូង​យ៉ាងតិច ៦ ក្បាល ឱ្យ​រត់​លើ​ដងផ្លូវ​មួយ​នៅក្នុង​ក្រុង​ដែល​ត្រូវ​បានរៀបចំ​រួចជាស្រេច។ ក្រុម​អ្នកចូលរួម​ការប្រកួត​នេះ នឹង​រត់​ពីមុខ​សត្វ​ខ្ទីង និង «បញ្ឆេះ​កំហឹង» ដាក់​ខ្ទីង ដើម្បីឱ្យ​វា​ដេញ​វ័ធ​ពីក្រោយ ក្នុង​បំណង​បង្ហាញ​ពី «ភាពក្លាហាន» របស់​ពួកគេ។

មនុស្ស​ជាច្រើន​បាននាំគ្នា​ប្រឆាំងនឹង​ភាពគ្រោះថ្នាក់​នៃ​ពិធីបុណ្យ​នេះ បង្កឱ្យមាន​មតិ​ចម្រូង​ចម្រាស​គ្នា​នៅក្នុង​សង្គម។ រាប់​ចាប់ពី​ឆ្នាំ ២០១៥ មនុស្ស​ប្រហែល ៣០ នាក់​បាន​ស្លាប់​នៅក្នុង​ព្រឹត្តិការណ៍​ប្រណាំង​ជាមួយ​សត្វ​ខ្ទីង​នៅ​ទីក្រុង Valencia របស់ អេ​ស្ប៉ា​ញ។

ការជជែក​គ្នា​ជុំវិញ​បញ្ហា​នៃ​ពិធីបុណ្យ​ដ៏​ពេញនិយម​នេះ ត្រូវបាន​គេ​យកចិត្តទុកដាក់​រហូត​ដល់​ក្លាយជា​កត្តា​សំខាន់​ដែល​អាច​កំណត់​ការ​ឈ្នះ​ចាញ់​នៅក្នុង​ការបោះឆ្នោត​នៅ អេ​ស្ប៉ា​ញ។ ប៉ុន្តែ German Zaragoza ដែលជា​ប្រធាន​សហព័ន្ធ​ក្លឹប​ប្រណាំង​សត្វ​ខ្ទីង បាន​បញ្ជាក់ថា ទង្វើ​ណាមួយ​ដែល​ប្រឆាំងនឹង​ពិធីបុណ្យ​ប្រពៃណី​នេះ នឹងត្រូវ​រង​ប្រតិកម្ម​យ៉ាងខ្លាំង​ក្លា៕

Advertisement