តេ​ឡេ​ស្កុប James Webb ថត​ពិភព​ណិ​ប​ទូ​ន (Neptune) បាន​ច្បាស់​បំផុត​ក្នុងអំឡុង ៣២ មកនេះ

ពិភព​ណិបទូន (Neptune) ដែល​បាន​ដោយ​តេឡេស្កុប James Webb

ណា​សា កាលពី​ថ្ងៃទី ២១ កញ្ញា បានប្រកាស​បង្ហាញ​រូបថត​ដំបូង​របស់​តេ​ឡេ​ស្កុប James Webb ស្ដីពី​​ណិ​ប​ទូ​ន ដែល​ជា​ពិភព​ទឹកកក​ខ្នាត​យក្ស​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ។

រូបថត​ថ្មី​នេះ​នាំមក​នូវ​ទិដ្ឋភាព​ច្បាស់ ត្រជាក់​ភ្នែក​បំផុត​សម្រាប់​ក្រុម​តារាវិទូ ក៏ដូចជា​អ្នក​ចូលចិត្ត​វិស័យ​តារាសាស្ត្រ ស្ដីពី​ខ្សែក្រវ៉ាត់​ដ៏​ត្រជាក់​របស់​ភព​ណិ​ប​ទូ​ន ក្នុង​រយៈពេល ៣២ ឆ្នាំ​មកនេះ រាប់​ចាប់តាំងពី​យានអវកាស Voyager 2 បាន​ហោះ​កាត់​ភព​នេះ​ក្នុង​ដំណើរ​ចាក​ចេញពី​ប្រព័ន្ធ​ព្រះអាទិត្យ។

ក្រៅពី​បណ្ដា​ខ្សែក្រវ៉ាត់​ចង្អៀត និង​ភ្លឺ​ដែល​ធ្លាប់​បានដឹង រូបថត​ថ្មី​របស់ James Webb ក៏​ថែមទាំង​បង្ហាញឱ្យឃើញ​ខ្សែក្រវ៉ាត់​ធូលី​ស្រអាប់​មួយចំនួន​ព័ទ្ធជុំវិញ​ពិភព​ណិ​ប​ទូ​ន​ផងដែរ។ អ្នកវិទ្យាសាស្ត្រ​មិន​ធ្លាប់​បានឃើញ​ពួកវា រាប់​ចាប់តាំងពី Voyager 2 បាន​ហោះ​ទៅ​ក្បែរ​ភព​នេះ​កាលពី​ឆ្នាំ ១៩៨៩។

នៅក្នុង​រូបភាព​ដែល​ថត​បាន​ដោយ​តេ​ឡេ​ស្កុប​អវកាស Hubble ភព​ណិ​ប​ទូ​ន តែងតែមាន​ពណ៌​ទឹកសមុទ្រ។ ពណ៌​នេះ​កើតឡើង​នៅលើ ណិ​ប​ទូ​ន ដោយសារតែ​ឧស្ម័ន​មេតាន​ក្នុង​បរិយាកាស និង​មិន​បង្ហាញខ្លួន​នៅក្នុង​រូប​ដែល​ថត​បាន​ដោយ James Webb ព្រោះថា តេ​ឡេ​ស្កុប​ថ្មី​នេះ​ថត​ភព​ណិ​ប​ទូ​ន​ក្រោម​ពន្លឺ​ក្បែរ​អ៊ី​ន​ហ្វ្រា​រ៉េដ (near-infrared light)។

ចំណុច​លេចធ្លោ​មួយ​ផ្សេងទៀត​គឺ​ផ្ទាំង​ពន្លឺ​មួយចំនួន​នៅ​ពាក់កណ្ដាល​ប៉ូល​ខាងត្បូង​របស់​ភព​ណិ​ប​ទូ​ន។ ពួកវា​គឺជា​ពពក​ទឹកកក​ស្ថិតនៅ​ទី​ខ្ពស់​ក្នុង​បរិយាកាស​ដែល​ចាំង​ប្លាត​​ពន្លឺព្រះអាទិត្យ មុននឹង​ត្រូវ​មេតាន​ក្នុង​ពពក​ស្រូបយក។

រូបថត​ថ្មី​របស់ James Webb បង្ហាញថា មាន​ពពក​មួយ​ខ្សែ​នៅ​ទី​ខ្ពស់​ព័ទ្ធជុំវិញ​ព្យុះ​មួយ​នៅ​ប៉ូល​ខាងត្បូង​របស់​ភព​ណិបទូន។ ក្រៅពីនេះ អ្នកវិទ្យាសាស្ត្រ​ក៏​ឃើញ​ពន្លឺ​ស្ដើង​មួយ​ខ្សែ វិល​ជុំវិញ​អេក្វាទ័រ ដែល​នេះ​អាចជា​ចលនា​របស់​បរិយាកាស។ តំបន់​ប៉ូល​ខាងជើង​របស់ណិ​ប​ទូ​ន ក៏មាន​ពន្លឺ​ដែល​គួរឱ្យ​ចង់ដឹង។

James Webb បាន​ជួយ​ឱ្យ​អ្នកវិទ្យាសាស្ត្រ​ឃើញ​រូបភាព​ស្ដីពី​ព្រះ​ចន្ទ​ទាំង ៧ របស់​ភព​ណិ​ប​ទូ​នផងដែរ។ ចំណុច​ភ្លឺ​លេចធ្លោ​ផ្នែក​ខាងលើ​របស់ ណិ​ប​ទូ​ន គឺជា​ព្រះ​ចន្ទ Triton។ ព្រះ​ចន្ទ​នេះ​ត្រូវបាន​គ្របដណ្ដប់​ដោយ​ស្រទាប់​អាសូត (nitrogen) យ៉ាង​ក្រាស់ និង​កក ហើយ​ហាក់ដូច​ភ្លឺ​ជាង​ពិភព​ណិ​ប​ទូត​ទៅទៀត ព្រោះ​ចាំង​ប្លាត​ពន្លឺព្រះអាទិត្យ​ប្រមាណ ៧០%៕

 

Advertisement