អ្នក​អវកាស​របស់ អាម៉េរិក និង រុស្ស៊ី ហោះ​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ (ISS)

អវកាស​ចរ ២ រូប​របស់ រុស្ស៊ី និង អវកាស​ចរ ១ រូប​របស់ អាម៉េរិក កាលពី​ថ្ងៃទី ២១ កញ្ញា បានរួម​ដំណើរ​ជាមួយគ្នា ហោះ​ឡើងទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ នៅក្នុង​បេសកកម្ម​មួយ​ដែល​គ្រប់គ្រង​ដោយ​ទីភ្នាក់ងារ​អវកាស​រុស្ស៊ី (Roscosmos)។

អ្នក​អវកាស​ទាំង ៣ រូបនេះ​រួមមាន Sergey Prokopyev និង Dmitri Petelin មកពី Roscosmos និង Frank Rubio មកពី NASA។ ពួកគេ​ហោះ​ទៅកាន់ ISS ដោយ​ប្រើប្រាស់​រ៉ុក្កែត និង​យានអវកាស Soyuz ពី​ព្រលាន​យានអវកាស Baikonur នៅ កា​ហ្សា​ក​ស្ថាន កាលពី​ម៉ោង ១៩ និង ៥៤ នាទី ថ្ងៃទី ២១ កញ្ញា ត្រូវ​នឹង​ម៉ោង​ប្រហែល ២០ និង ៥៤ នាទី​នៅ កម្ពុជា។

យាន Soyus បាន​ចូល​ចត​នៅ ISS វេលា​ម៉ោង ២៣ និង ០៦ នាទី​ថ្ងៃ​ដដែល (ម៉ោង​នៅ កម្ពុជា) ក្រោយ​ការបាញ់​បង្ហោះ​បាន​ប្រហែល ៣ ម៉ោង នេះ​បើតាម Space។

ជើងហោះហើរ​នេះ​គឺជា​កិច្ចសហការ​ដ៏​កម្រ​រវាង រុស្ស៊ី និង សហរដ្ឋ​អាម៉េរិក រាប់​ចាប់តាំងពី ប្រធានាធិបតី ពូ​ទីន បាន​ចូលលុកលុយ អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃទី ២៤ កុម្ភៈ ២០២២។

បច្ចុប្បន្ន ISS ពឹង​ផ្អែកលើ​ប្រព័ន្ធ​រុញច្រាន​របស់ រុស្ស៊ី ដើម្បី​រក្សា​កម្ពស់ ៤០០ គីឡូម៉ែត្រ ធៀប​នឹង​ផ្ទៃ​ទឹកសមុទ្រ ក្នុង​គ្រា​ដែល​ក្រុម​របស់ សហរដ្ឋ​អាម៉េរិក ទទួលខុសត្រូវ​ចំពោះ​បញ្ហា​អគ្គិសនី និង​ប្រព័ន្ធ​ទ្រទ្រង់​ជីវិត។

រុស្ស៊ី និង អាម៉េរិក បានចាប់ផ្ដើម​សាងសង់​ស្ថានីយ​អវកាស​នៅ​អំ​ឡុងចុង​ទសវត្សរ៍​ឆ្នាំ ១៩៩០ ហើយ​ប្រការនេះ​ត្រូវបាន​ចាត់ទុកថា​ជា​ស្នាដៃ​ប្រវត្តិសាស្ត្រ​នៃ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ក្រោយ​បញ្ចប់​សង្គ្រាមត្រជាក់ និង​ការរត់​ប្រណាំង​ផ្នែក​អវកាស​ដែល​អូសបន្លាយ​ពេល​អស់​រាប់​ទសវត្សរ៍៕

Advertisement