លោក ហ្សេឡែនស្គី ប្រកាស​ថា អ៊ុយក្រែន មិន​ចរចា​ជាមួយ រុស្ស៊ី

ប្រធានាធិបតី​អ៊ុយក្រែន

ប្រធានាធិបតី​ ហ្សេឡែនស្គី បាន​ថ្លែង​ថា​​ អ៊ុយក្រែន នឹង​មិន​ចរចា​ជាមួយ​ រុស្ស៊ី ឡើយ ក្រោយ​ពី ទីក្រុង​មូស្គូ រៀប​ចំ​ធ្វើ​ប្រជាមតិ​ស្ដីពី​ការ​ច្របាច់​ ៤ តំបន់​របស់​ អ៊ុយក្រែន ទៅ​ក្នុង​ទឹក​ដី​របស់ រុស្ស៊ី​។

«ការដែល​ រុស្ស៊ី ទទួល​ស្គាល់​​​ការ​ធ្វើ​ប្រជាមតិ​ក្លែង​ក្លាយ​គឺជា​រឿង​ធម្មតា ការ​អនុវត្ត​ការ​ប្រឌិត​ដូចទៅ​នឹង​តំបន់គ្រីមៀ នាពេល​កន្លង និង​ការ​ប្រឹង​ប្រែង​ដទៃ​ទៀត​ដើម្បី​រឹប​អូស​ទឹកដី​របស់ អ៊ុយក្រែន គឺ​ស្មើ​នឹង​មិន​មាន​អ្វី​ត្រូវ​និយាយ​ជាមួយ​​ ប្រធានាធិបតី​រុស្ស៊ី បច្ចុប្បន្ន» លោក ហ្សេឡែនស្គី ថ្លែង​តាម​រយៈ​វីដេអូ​ជាមួយ ​ក្រុម​ប្រឹក្សាសន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​ កាលពី​ថ្ងៃទី ២៧ កញ្ញា​។

ប្រធានាធិបតី​អ៊ុយក្រែន បាន​ហៅ​ការ​ធ្វើ​ប្រជាមតិ​របស់ រុស្ស៊ី នៅ​លើ​ទឹក​ដី​របស់ អ៊ុយក្រែន ថា​ជា​ «ល្បែង​ត្លុក»។ លោក​ ហ្សេឡែនស្គី អះអាង​ថា តួលេខ​ស្ដីពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ប្រជាមតិ​ត្រូវ​បាន​កំណត់​ជាមុន​រួច​ហើយ​។

ការ​បោះ​ឆ្នោត​ប្រជាមតិ​ស្ដីពី​ការ​ច្របាច់​បញ្ចូល​ទឹក​ដី ៤ តំបន់​របស់ អ៊ុយក្រែន គឺ Donetsk, Luhansk, Zaporizhzhia និង Kherson ដែល​​ប្រហែល​នឹង ១៥% នៃ​ទឹក​ដី​របស់ អ៊ុយក្រែន​ ទៅ​ក្នុង​ទឹក​ដី​របស់ រុស្ស៊ី ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​ ៥ ថ្ងៃ​ ចាប់​ពី​ថ្ងៃទី ២៣ កញ្ញា។

លទ្ធផល​បឋម​នៃ​ការ​រាប់សន្លឹក​ឆ្នោត​​កាលពី​ថ្ងៃទី ២៧ កញ្ញា បង្ហាញ​ថា អត្រា​គាំទ្រ​ឱ្យ​មាន​ការ​ច្របាច់​ទឹក​ដី​អ៊ុយក្រែន ទៅ​ក្នុង​ទឹក​ដី​រុស្ស៊ី ឡើង​-ចុះ ពី ៨៧% ទៅ ៩៨.៥%។ លទ្ធផល​ផ្លូវ​ការ​ចុង​ក្រោយ​អាច​នឹង​ត្រូវ​បាន​ប្រកាស​ឆាប់​ៗនៅថ្ងៃ​នេះ​ សម្រាប់​តំបន់ Zaporizhzhia។

មេដឹកនាំ​សភាជាន់ខ្ពស់​រុស្ស៊ី បាន​ឱ្យ​ដឹង​ថា សភា​រុស្ស៊ី អាច​នឹង​ពិនិត្យ​លើ​ការ​បង្រួប​បង្រួម​​ជាមួយ​តំបន់ Donetsk, Luhansk, Zaporizhzhia និង Kherson នៅ​ថ្ងៃទី ០៤ តុលា​ខាងមុខ។

Advertisement