ជាង ៤០% នៃ​​ពលរដ្ឋ​​សិង្ហបុរី​ គាំទ្រ​​ចំពោះ​​ការ​​ហាម​​ឃាត់​​រថយន្ត​​ម៉ាស៊ីន​ប្រេង​​សាំង​

ក្រុមហ៊ុន​ផលិត​រថយន្ត​ស៊ុយអែត Polestar បានធ្វើ​ការស្ទង់មតិ​មួយ​នៅក្នុង​ទីផ្សារ​នានា​ស្ដីពី​និន្នាការ​ចង់ឱ្យមាន​ការហាម​ឃាត់​ការប្រើប្រាស់​រថយន្ត​ចំហេះ​ក្នុង​របស់​ពលរដ្ឋ​នៃ​បណ្ដា​ប្រទេស។ លទ្ធផល​បាន​បង្ហាញថា នៅ សិង្ហ​បុរី មាន​ពលរដ្ឋ​រហូតដល់ ៤២% គាំទ្រ​ចំពោះ​ការហាមឃាត់​ការប្រើប្រាស់​រថយន្ត​ចំហេះ​ក្នុង​នៅ​ឆ្នាំ ២០៣០ ឬ​ឆាប់​ជាង​នេះ។ ប្រការនេះ​បង្ហាញថា ពលរដ្ឋ​សិង្ហ​បុរី ហាក់​កំពុង​ត្រេកអរ​ក្នុងការ​ទទួលយក​រថ​យន្ត​អគ្គិសនី។

ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​លំដាប់​ប្រណិត​របស់ ស៊ុយអែត បាន​បង្ហើប​ឱ្យដឹង​អំពី​របកគំហើញ​របស់​ខ្លួន​ដែល​បង្ហាញ​នូវ​តម្រូវការ​ខ្ពស់​របស់​អ្នកប្រើប្រាស់​ចំពោះ​ការ​ងាក​ទៅរក​រថយន្ត​អគ្គិសនី។ ការស្រាវជ្រាវ​ទូទាំង​សកលលោក​របស់ Polestar ត្រូវបាន​ធ្វើឡើង​ចំពោះ​មនុស្ស ១៨ ពាន់​នាក់​នៅក្នុង​ទីផ្សារ​ចំនួន ១៩ នៅ អាម៉េរិក​ខាងជើង, អឺរ៉ុប និង អាស៊ី​ប៉ាស៊ីហ្វិក។

លទ្ធផល​បង្ហាញថា អ្នកប្រើប្រាស់ ៣៤% គាំទ្រ​ចំពោះ​ការហាមឃាត់​រថយន្ត​ចំហេះ​ក្នុង (ICE) នៅ​ឆ្នាំ ២០៣។ តួលេខ​នេះ​កើន​ដល់ ៤៧% ចំពោះ​រថយន្ត ICE ដែល​នឹង​ហាមឃាត់​នៅ​ឆ្នាំ ២០៣៥។ ក្នុងចំណោម​អ្នក​ដែល​ត្រូវបាន​សួរ មាន ៧៥% ជឿថា សង្គម​ត្រូវ​ការគាំទ្រ​ការប្រើប្រាស់​រថយន្ត​អគ្គិសនី​ដើម្បី​រក្សា​បរិយាកាស និង​បរិស្ថាន​ទុក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។

កូរ៉េខាងត្បូង ឈរ​លំដាប់​លេខ ១ ដោយមាន ៤៨% គាំទ្រ​ច្បាប់​ថ្មី​ដែល​ហាមឃាត់​រថយន្ត ICE នៅ​ឆ្នាំ ២០៣០ ឬ​ឆាប់​ជាង​នេះ។ ឈរ​លំដាប់​លេខ ២ និង​លេខ ៣ គឺ អង់គ្លេស (៤៤%) និង សិង្ហ​បុរី (៤២%)។ ឈរ​លំដាប់​បន្តបន្ទាប់​ទៀត​គឺ អាល្លឺម៉ង់ (៣៧%), ចិនដីគោក (៣៥%), អូស្ត្រាលី (៣៤%), សហរដ្ឋ​អាម៉េរិក (៣៣%), នូ​វែ​ល​សេ​ឡង់ (២៨%), ន័​រ​វែ​ស (២៧%) និង ហ្វាំ​ង​ឡង់ (២០%)។

និន្នាការ​ខាងលើ​កើតឡើង​ក្នុង​គ្រា​ដែល​រថយន្ត​អគ្គិសនី​ដែល​បរ​នៅលើ​ដងផ្លូវ​ទូទាំង​សកលលោក​នាបច្ចុប្បន្ន មាន​ចំនួន​តែ ១.៥% ប៉ុណ្ណោះ ក្នុងចំណោម​រថយន្ត​សរុប និង​នៅពេលដែល​ពិភពលោក​កំពុង​ងាក​មករក​វិស័យ​ថាមពល​​កកើត​ឡើងវិញ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ និង​បញ្ហា​បរិស្ថាន។ល។

កាលពី​ខែមិថុនា ២០២២ ក្រុមប្រឹក្សារដ្ឋមន្ត្រី​បរិស្ថាន​អឺរ៉ុប បាន​ឯកភាពគ្នា​ថា ដល់​ឆ្នាំ ២០៣៥ បណ្ដា​រថយន្ត​ថ្មី​ដែល​នាំ​ចូលមក​ទីផ្សារ​សហភាព​អឺរ៉ុប គឺ​ត្រូវតែ​ជា​រថយន្ត​ដែល​មិន​បំ​ភាយ​ឧស្ម័ន។ បណ្ដា​ប្រទេស​ដទៃ​ដូចជា ជប៉ុន ថៃ អង់គ្លេស និង កាណាដា ជាដើម ក៏បាន​ប្រកាសថា ការប្រើប្រាស់​រថយន្ត​ចំហេះ​ក្នុង​នឹង​ត្រូវបាន​ហាមឃាត់​ចាប់ពី​ឆ្នាំ ២០៣៥។ ក្រុមហ៊ុន​ផលិត​រថយន្ត Audi, Volkswagen, Subaru និង Mazda ជាដើម ក៏បាន​ឱ្យដឹងថា ពួកគេ​នឹង​ងាក​មក​ផលិត​រថយន្ត​អគ្គិសនី​នៅ​ឆ្នាំ​ដំណាលគ្នា​នោះ៕

Advertisement