មេដឹកនាំ​ ៩ ប្រទេស​របស់ ណាតូ គាំទ្រ​សំណើ​សុំ​ចូល​ជា​សមាជិក​របស់ អ៊ុយក្រែន​

ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡែនស្គី បាន​ចុះ​ហត្ថ​លេខា​លើ​ពាក្យ​សុំ​ចូល​ជា​សមាជិក​ណាតូ

មេដឹកនាំ​ ៩ ប្រទេស​របស់ ណាតូ បាន​ប្រកាស​​គាំទ្រ​ដំណើរ​ការបញ្ចូល​​ជា​សមាជិក​ចំពោះ​ អ៊ុយក្រែន​ និង​អំពាវ​នាវ​ឱ្យ​បង្កើន​ជំនួយ​យោធា​ដល់​ប្រទេស​នេះ​។

មេដឹកនាំ​ ៩ ប្រទេស​របស់ ណាតូ រួម​មាន សាធារណរដ្ឋ​ឆែក,​ អេស្តូនី​, ឡេតូនី​, លីទុយអានី​, ម៉ាសេដ្វាន​, ម៉ុងតេណេហ្គ្រោ, ប៉ូឡូញ​, រូម៉ានី​ និង ស្លូវ៉ាគី កាលពី​ថ្ងៃទី ០២ តុលា បាន​ប្រកាស​គាំទ្រ​ «សេចក្ដី​សម្រេច​របស់​មហា​សន្និបាត​ណាតូ Bucharest ឆ្នាំ​ ២០០៨ ទាក់​ទង​នឹង​តួនាទី​ជា​សមាជិក​ក្នុង​អនាគត​របស់ អ៊ុយក្រែន​»។

នៅក្នុង​មហា​សន្និបាត​ណាតូឆ្នាំ​ ២០០៨ បណ្ដា​ប្រទេស​ជា​សមាជិក​ បាន​សាទរ​ចំពោះ​បំណង​ចូល​ជា​សមាជិក​សម្ព័ន្ធ​យោធា​នេះ​របស់ អ៊ុយក្រែន និង ហ្សកហ្ស៊ី ប៉ុន្តែ​មិន​បាន​លើកឡើង​កាល​បរិច្ឆេទ​ជាក់​លាក់​ស្ដីពី​ដំណើរ​ការ​ដែល​ប្រទេស​ទាំង​ពីរ​នេះ​អាច​ចូល​រួម​។ ប្រកាស​របស់​ មេដឹកនាំ​ ៩ ប្រទេស​របស់ ណាតូ នាពេល​ថ្មី​ៗ​នេះ​ក៏​មិន​បាន​និយាយ​ដល់​ពេល​វេលា​ជាក់​លាក់​។

មេដឹកនាំ​ ៩ ប្រទេស​របស់ ណាតូ ខាងលើ ក៏​បាន​អំពាវ​នាវ​ឱ្យ «រុស្ស៊ី ដក​ទ័ព​ជា​បន្ទាន់​ចេញពី​ទឹក​ដី​របស់ អ៊ុយក្រែន​» និង​លើក​ទឹក​ចិត្ត​ដល់​សម្ព័ន្ធ​មិត្ត បង្កើន​ជំនួយ​យោធា​ឱ្យ​បាន​ច្រើន​ជាង​បច្ចុប្បន្ន​ សម្រាប់​ ទីក្រុង​កៀវ​។

ប្រធានាធិបតីអ៊ុយក្រែន​ លោក ហ្សេឡែនស្គី កាលពី​ថ្ងៃទី ៣០ កញ្ញា បាន​ចុះ​ហត្ថលេខា​លើ​ពាក្យ​ស្នើ​សុំ​ចូល​ជា​សមាជិក​ណាតូ (NATO) និង​​ស្នើ​​​ឱ្យ​សម្ព័ន្ធ​យោធា​នេះ​ប្រញាប់​ទទួល​យក​ អ៊ុយក្រែន​ បន្ទាប់​ពី​ រុស្ស៊ី រឹប​អូស​ទឹក​ដី​ ៤ ខេត្ត​ទៀត​របស់​ប្រទេស​នេះ​។

Advertisement