អ៊ុយក្រែន​ ប្រកាស​ថា រំដោះបាន​​​ទីក្រុង​យុទ្ធសាស្ត្រ​ Lyman ពី​ដៃ​រុស្ស៊ី

កងកម្លាំងរបស់ អ៊ុយក្រែន នៅខាងមុខអគារមួយនៅឯទីក្រុង Lyman ខេត្ត Donetsk កាលពីថ្ងៃទី ០១ តុលា ២០២២

ប្រធានាធិបតី​អ៊ុយក្រែន កាលពី​ថ្ងៃទី ០២ តុលា បាន​ប្រកាស​ថា កងទ័ព​ប្រទេស​នេះ​ដណ្ដើម​បាន​មក​វិញ​ទាំង​ស្រុង​នូវ​ទីក្រុង​ Lyman ដែលជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​ភាគ​ខាង​កើត​នៅ​ក្នុង​ខេត្ត Donetsk និង​បាន​ឱ្យ​ដឹង​ថា មូស្គូ បាន​ដក​ទ័ព​ទាំង​អស់​ចេញ​ពី​ទីក្រុង​នេះ​។

«គិត​ត្រឹម​ម៉ោង ១២ និង ៣០ នាទី (ម៉ោង​ក្នុង​ស្រុក) Lyman ត្រូវ​បាន​រំដោះ​ទាំង​ស្រុង» Reuters ដកស្រង់​ប្រកាស​របស់​ ប្រធានាធិបតី​អ៊ុយក្រែន លោក​ ហ្សេឡែនស្គី ថ្លែង​នៅ​ក្នុង​វីដេអូ​មួយ​ដែល​បាន​បង្ហោះ​លើ​ Telegram កាល​ពី​ថ្ងៃទី ០២ តុលា​។

មុន​នោះ មេដឹកនាំ​ប្រទេស​អ៊ុយក្រែន បាន​ឱ្យ​ដឹង​ថា «ចំនួន​ទង់​ជាតិ​អ៊ុយក្រែន​ ដែល​ដោត​នៅ​ក្នុង​តំបន់ Donbass បាន​កើន​ឡើង​។ វា​នឹង​បាន​បង់​នៅ​ក្នុង​តំបន់​ជា​ច្រើន​ទៀត​ នៅ​សប្ដាហ៍​ក្រោយ​»។

ក្រសួង​ការ​ពារជាតិ​រុស្ស៊ី កាលពី​ថ្ងៃទី ០១ តុលា បាន​ប្រកាស​ថា កងទ័ព​ប្រទេស​នេះ​ និង​កងកម្លាំង​ផ្ដាច់​ខ្លួន​នៅ​ ភាគ​ខាង​កើត​អ៊ុយក្រែន បាន​ដក​ចេញ​ពី​ Lyman ដើម្បី​ត្រលប់​ទៅ​កាន់​ជួរ​ដែលមាន​អំណោយ​ផល​ល្អ​ជាង​នេះ​ នៅ​ចំពោះហានិភ័យ​​​ទីក្រុង​នេះ​ត្រូវ​រង​​ការ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​​ពី​សំណាក់​ អ៊ុយក្រែន​។

ចំណែក​លោក Serhiy Gaidai អភិវាល​ខេត្ត​ Lugansk បាន​ឱ្យ​ដឹង​ថា ការ​ដែល​ ទីក្រុង​កៀវ​ ដណ្ដើម​បាន​សិទ្ធិ​គ្រប់គ្រង​ Lyman ដែលជា​ទីក្រុង​ត្រូវ​ រុស្ស៊ី កាន់​កាប់​តាំងពី​ខែ​ឧសភា និង​ជា​ច្រក​ដឹក​ជញ្ជូន​របស់ មូស្គូ គឺជា​សញ្ញា​បង្ហាញ​នូវ​កត្តា​សំខាន់​ក្នុង​ការ​ជួយ​ឱ្យ​កងទ័ព​របស់ អ៊ុយក្រែន ឆ្ពោះ​ទៅ​មុខបាន​​ឆ្ងាយ​ជាង​នេះ​ សំដៅ​តំបន់ Kreminna និង Severodonetsk។

Advertisement