មហា​ទ្វីប​បន្ទាប់​របស់​ផែនដី​នឹង​បង្ហាញ​ខ្លួន​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វ៊ិក

លទ្ធផល​នៃការ​សិក្សា​ស្រាវ​ជ្រាវ​របស់សាកល​វិទ្យា​ល័យ​ Curtin បាន​បង្ហាញ​ថា មហា​ទ្វីប​បន្ទាប់​នៅ​លើ​ផែនដី​គឺ Amasia នឹង​កកើត​ឡើង​នៅ​ពេល​មហា​សមុទ្រ​ប៉ាស៊ីហ្វ៊ិក​​រួម​តូច​ នៅ​ក្នុង​រយៈ​ពេល​ចាប់​ពី ២០០ ទៅ ៣០០ លាន​ឆ្នាំ​ទៀត​។

នៅក្នុង​អត្ថបទ​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទិ ២៨ កញ្ញា នៅ​លើ​ទស្សនាវដ្ដី Science Review ក្រុម​អ្នកស្រាវជ្រាវ​ប្រើប្រាស់​កុំព្យូទ័រ​ដើម្បីធ្វើ​​​ការ​​​បង្ហាញត្រាប់ (simulation) នូវ​ដំណើរ​ការ​មហាទ្វីប​ថ្មី​​កកើត​ និង​បាន​រក​ឃើញ​ថា ដោយ​សារ​តែ​ផែនដី​ចុះ​ត្រជាក់​ក្នុង​រយៈ​ពេល​រាប់​ពាន់​លាន​ឆ្នាំ​ ភាព​ក្រាស់​ និង​ភាព​រឹង​មាំ​របស់​ស្រទាប់តិចតូនិច (Tectonic Plate) ដែល​នៅ​ខាងក្រោម​មហា​សមុទ្រ​ប៉ាស៊ីហ្វ្រិក​ ថយ​ចុះ​ទៅ​តាម​ពេល​វេលា​។ ជា​លទ្ធផល​គឺ​ថា មហា​ទ្វីប​បន្ទាប់​ ពិបាក​ប្រមូល​ផ្ដុំ​គ្នា​នៅ​ជុំវិញ​បណ្ដា​មហា​សមុទ្រ​វ័យ​ក្មេង​ដូចជា អាត្លង់ទិច ឬ​មហា​សមុទ្រ​ឥណ្ឌា​។​

អ្នកវិទ្យា​សាស្ត្រ​របស់​សាកល​វិទ្យា​ល័យ​ Curtin បាន​ឱ្យ​ដឹង​ថា របក​គំហើញ​ថ្មី​នេះ​បង្ហើប​ឱ្យ​ដឹង​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​ផែនដី​ក្នុង​រយៈ​ពេល ២០០ ឆ្នាំ​ខាងមុខ​។ អ្នកវិទ្យា​សាស្ត្រ​របស់ Curtin យល់​ថា ក្នុងរយៈ​ពេល ២ ពាន់​លាន​ឆ្នាំ​កន្លង បណ្ដា​ទ្វីប​នៅ​លើ​ផែនដី បាន​ប៉ះទង្គិច​នឹង​គ្នា​ ហើយ​រៀង​រាល់​ ៦០០ លាន​​ឆ្នាំ​ម្ដង នឹង​មានមហា​​ទ្វីប​ថ្មី​មួយ​កើត​ឡើង​ ដែល​ហៅ​ថា វដ្ដ​នៃ​មហា​ទ្វីប​។ ដូច្នេះ បណ្ដា​ទ្វីប​បច្ចុប្បន្ន​ជិត​​ប្រមូល​ផ្ដុំ​គ្នា​ម្ដង​ទៀត​នៅ​ក្នុង​រយៈ​ពេល ២០០ លាន​ឆ្នាំ​ខាង​មុខ​។

មហា​ទ្វីប​ថ្មី Amasia

មហា​ទ្វីប​ថ្មី​នេះ​នឹង​ត្រូវ​បាន​ដាក់ឈ្មោះ​ថា Amasia ដោយ​សារ​តែ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​រួម​តូច​ នៅពេល​ទ្វីប​អាម៉េរិក​ ប៉ះទង្គិច​ជាមួយ​ទ្វីប​អាស៊ី​។ អូស្ត្រាលី​ ត្រូវ​បាន​ព្យាករ​ថា​នឹង​​ចូល​រួម​ចំណែក​ក្នុង​ដំណើរ​ការ​កកើត​មហា​ទ្វីប​ថ្មី​នេះ​។ ដំបូង​ ទ្វីប​អូស្ត្រាលី នឹង​​ប៉ះជាមួយ​ទ្វីប​អាស៊ី ហើយ​ភ្ជាប់​ទ្វីប​អាម៉េរិក​ ជាមួយ​នឹង​ ទ្វីប​អាស៊ី​។

អ្នកវិទ្យាសាស្ត្រ​របស់សាកល​វិទ្យា​ល័យ​ Curtin និយាយ​ថា ការ​កកើត​មហា​ទ្វី​ប​ថ្មី​នេះ​នឹង​ធ្វើ​ឱ្យ​ទឹក​សមុទ្រ​មាន​កម្រិត​ទាប​ជាង​បច្ចុប្បន្ន​ ហើយ​​នៅ​លើ​មហា​ទ្វីប​នេះ​នឹង​មាន​សភាព​ស្ងួត​ខ្លាំង​ដោយ​មាន​សីតុណ្ហ​ភាព​ខ្ពស់​។ បច្ចុប្បន្ន ផែនដី​មាន​ទ្វីប​ចំនួន ៧ ដែល​មាន​ប្រព័ន្ធ​ជីវសាស្ត្រ​ចម្រុះ​ និង​វប្បធម៌​ផ្សេងៗ​គ្នា​៕

Advertisement