ប្រទេស​ចិន សាកល្បង​យន្តហោះ​ពន្លត់​អគ្គិភ័យ​ធំជាង​គេ​បង្អស់​នៅក្នុង​ប្រទេស​ (វីដេអូ)

ក្រុមហ៊ុន​ឧស្សាហកម្ម​អាកាស​ចរណ៍​ចិន បាន​បញ្ចប់​ការ​ហោះ​ហើរ​សាកល្បង​សំខាន់​ចុង​ក្រោយ​ចំពោះ​យន្តហោះពន្លត់​អគ្គិភ័យ​ AG600M និង​ទទួល​បាន​ការ​បញ្ជា​ទិញ​ដំបូង​។

យន្តហោះពន្លត់​អគ្គិភ័យ​ AG600M ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ឧស្សាហកម្ម​អាកាស​ចរណ៍​ចិន (AVIC) បាន​ទទួល​ជោគ​ជ័យ​ក្នុងការ​ហោះហើរសាកល្បង​សំខាន់​របស់​ខ្លួន​ និង​ទទួល​បាន​ការ​បញ្ជា​ទិញ​ដំបូង​កាល​ពីសប្ដាហ៍​កន្លង​។

យន្តហោះ​នេះ​ត្រូវ​បាន​អភិវឌ្ឍ​ជា​ពិសេស​សម្រាប់​ការ​បំពេញ​បេសក​កម្ម​ពន្លត់​ភ្លើង​ព្រៃ​។ AG600M អាច​ចុះ​ចត​ទាំង​នៅ​លើ​ផ្លូវ​គោក​ ទាំង​នៅ​​លើ​ទឹក​ និង​អាច​ដឹក​ទឹកបាន​ ១២ តោន​ និង​​ហោះ​ហើរ​បាន​ចម្ងាយ​ ៤,៥០០ គីឡូម៉ែត្រ​។ វា​ក៏​អាច​ដឹក​មនុស្ស​បន្ថែម ៥០ នាក់​ទៀត នៅ​ក្នុង​បេសក​កម្ម​សង្គ្រោះ​នានា​។

ទម្ងន់​សរុប​អតិបរមា​នៅ​ពេល​ហោះហើរ​អាច​ឡើង​ដល់ ៦០ តោន​។ យន្តហោះ AG600M អាច​ហោះ​ទាប​ក្នុង​ល្បឿន​យឺត​ អនុញ្ញាត​ឱ្យ​វា​អាច​ទម្លាក់​ទឹក​ចំគោលដៅ​ដែល​មាន​អគ្គិភ័យ​បាន​យ៉ាង​ល្អ​។

នៅ​ក្នុង​ការ​សាកល្បង​ហោះហើរ​ចុង​ក្រោយ AG600M បាន​ហោះ​ឡើង​ពី​ដីគោក និង​ទម្លាក់​ទឹក​ពី​លើ​អាកាស​ បន្ទាប់​មក​ក៏​ហោះចុះ​ទៅលើ​បឹង​ដើម្បី​យក​ទឹក និង​បន្ត​ហោះ​ឡើង​ ឆ្ពោះទៅ​ទម្លាក់​ទឹក​នៅ​​លើ​​ទីតាំង​ដែល​បាន​កំណត់​ជា​ស្រេច​ ហើយ​ចុង​ក្រោយ​វា​ក៏​ចុះចត​លើ​ផ្ទៃ​ទឹក​ម្ដងទៀត​ មុន​ពេល​ហោះ​ឡើង​។

តាម​គម្រោង យន្តហោះ​​ពន្លត់​អគ្គិភ័យពិសេស​ AG600M របស់​​ក្រុម​ហ៊ុន​ AVIC នេះ​ នឹង​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ចាប់​ពី​ឆ្នាំ​ ២០២៤​៕

Advertisement