កូរ៉េខាងជើង បាញ់​ប្លោង​មីស៊ីលមួយ​គ្រាប់​ ធ្វើ​ឱ្យ​ ជប៉ុន ត្រូវ​ឈ្លៀស​ប្រជាជន​

កូរ៉េខាងជើង​ បាញ់​មីស៊ីល​ប្លោង​មួយ​គ្រាប់​ឆ្លង​កាត់​ទឹក​ដី​របស់ ជប៉ុន នាំ​ឱ្យ​ក្រុម​មន្ត្រី​ប្រទេស​នេះ​ចេញ​​បញ្ជា​ឱ្យ​ឈ្លៀស​ប្រជាជន​ទៅ​រក​ទី​សុវត្ថិភាព​។

«កូរ៉េខាងជើង​ បាន​បាញ់​មីស៊ីល​។ សូម​ភៀស​ខ្លួន​ទៅ​រក​សំណង់​រឹង​មាំ​ ឬ​បន្ទប់​ក្រោម​ដី» រដ្ឋាភិបាល​ជប៉ុន បាន​ព្រមាន​ដូច្នេះ​ នៅ​ក្នុង​ប្រកាស​​មួយ​ដែល​ចេញ​កាល​ពី​វេលា​ម៉ោង ៧ និង ២៩ នាទី​ព្រឹក​នេះ (ម៉ោង ៥ និង ២៩ នាទី​ នៅ​ កម្ពុជា)​។ ទូរទស្សន៍​ជាតិ​ជប៉ុន NHK បាន​បន្ថែម​ថា ការ​ព្រមាន​នេះ​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​ខេត្ត​ចំនួន ២ គឺ Hokkaido និង Aomori។

ការិយាល័យ​នាយក​រដ្ឋមន្ត្រី​ជប៉ុន ក្រោយ​មក​ក៏​បាន​ប្រកាស​ថា «វត្ថុ​មួយ​ដែល​សង្ស័យ​ថា ជា​មីស៊ីល​ប្លោង​របស់​ កូរ៉េខាងជើង បាន​ហោះ​កាត់​ពី​លើ​ដែន​ដី​» ខណៈ​ដែល​ប៉ូលិស​ជប៉ុន និយាយ​ថា មីស៊ីល​បាន​ធ្លាក់​ចុះ​សមុទ្រ​ និង​បាន​ព្រមាន​មិន​ឱ្យ​ចូល​ទៅ​ក្បែរ​បំណែក​របស់​វត្ថុ​នោះ​។

នាយករដ្ឋមន្ត្រី​ជប៉ុន Fumio Kishida បាន​ថ្កោល​ទោស​ទង្វើ​របស់ កូរ៉េខាង​ជើង។ នេះ​គឺជា​លើក​ដំបូង​ហើយ​ដែល ទីក្រុង​ព្យុងយ៉ាង បាញ់​ប្លោង​មីស៊ីល​ឆ្លង​កាត់ ​ប្រទេស​ជប៉ុន ក្នុង​រង្វង់​ ៥ ឆ្នាំ​កន្លង​ និង​ជា​លើក​ទី ៧ ដែល​មីស៊ីល​របស់ កូរ៉េខាងជើង ហោះ​រំលង​ទឹកដី​របស់ ជប៉ុន រាប់ចាប់​ពី​ឆ្នាំ ១៩៩៨​។

កូរ៉េខាងជើង បាន​សាកល្បង​មីស៊ីល​ ៥ លើក​រួច​មក​ហើយ នៅ​ក្នុង​រង្វង់ ១០​ ថ្ងៃ​ចុង​ក្រោយ​នេះ​ ក្នុង​គ្រាដែល សហរដ្ឋ​អាម៉េរិក ជប៉ុន និង​ កូរ៉េខាងត្បូង កាលពីចុង​សប្ដាហ៍​កន្លង បាន​ធ្វើ​សមយុទ្ធយោធា​រួម​គ្នា​។ ទង្វើ​របស់​ ទីក្រុង​ព្យុងយ៉ាង ធ្វើ​ឱ្យ​បណ្ដា​រដ្ឋាភិបាល​ក្នុង​តំបន់ រួម​នឹង​ ទីក្រុង​វ៉ាស៊ីងតោន និង​ក្រុម​អ្នក​តាម​ដាន​ស្ថានការណ៍​ ព្រួយ​បារម្ភ​​ថា កូរ៉េខាងជើង កំពុង​តែ​បង្កើត​ឈ្នាន់​សម្រាប់​ការ​ធ្វើ​តេស្ត​អាវុធ​នុយក្លេអែរ​។

កូរ៉េខាងជើង បាន​សាកល្បង​អាវុធ​នុយក្លេអែរ​ចំនួន ៦ លើក​មកហើយ ចាប់​តាំង​ពី​ឆ្នាំ​ ២០០៦ ក្នុង​នោះ ការ​ធ្វើ​តេស្ត​លើក​ចុង​ក្រោយ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​កញ្ញា ២០១៧​៕

Advertisement