អ៊ុយក្រែន «បំបែក​ខ្សែការ​ពារ​ជួរមុខរបស់ រុស្ស៊ី» នៅ​ក្នុង​ខេត្ត Kherson

រថក្រោះ​របស់​ អ៊ុយក្រែន នៅ​ក្បែរ​ជួរ​មុខ​ក្នុង​ខេត្ត Mykolaiv កាលពី​ថ្ងៃទី ១០ សីហា​ ២០២២

អ៊ុយក្រែន បញ្ជូន​ទ័ព​ទ្រង់​ទ្រាយ​ធំ​ សម្រុក​ចូល​ Kherson ទៅ​តាម​ ៣ ទិស​ និង​បំបែក​ខ្សែ​ការ​ពារ​ជួរ​មុខ​របស់​ កងទ័ព​រុស្ស៊ី នៅ​ភាគ​ខាង​ជើង​ខេត្ត​នេះ​។

«កងទ័ព​អ៊ុយក្រែន ឬ​បញ្ជាការដ្ឋាន​ទ័ព​ក្នុង​តំបន់​របស់​ពួក​គេ បាន​សម្រេច​ចិត្ត​វាយ​ប្រហារ​យ៉ាង​ខ្លាំង​​ក្លា​ និង​ចូល​មក​ខេត្ត Kherson តាម​ ៣ ទិស» Vladimir Saldo មេដឹកនាំ​​អាជ្ញាធរ​ស៊ីលវិល-យោធា ដែល​​លើក​បន្តុប​ដោយ​ រុស្ស៊ី នៅ​ក្នុង​ខេត្ត Kherson កាលពី​ថ្ងៃទី ០៣ តុលា បាន​ប្រកាស​ដូច្នេះ​។

«ទិស​សំខាន់ជាង​គេ​គឺ Nikolayev និង​ទិស​ទីពីរ​គឺ​ភូមិ Davydov Brod ចំណែក​ទីបី​គឺ​ទីក្រុង Krivoi Rog និងខេត្ត Dnepropetrovsk។​ ទិស​ដែល​សម្រុក​ចូល​ពី Nikolayev បាន​បរាជ័យ​ ដោយ​កងកម្លាំង​របស់យើង​បាន​រារាំង​ពួក​គេ​។ ទិស​ Davydov Brod ក៏​ដូច្នេះ​ដែរ នៅ​ពេល​ពួក​​គេ​ព្យាយាម​សម្រុក​ចូល​ពី​ទិស​ខាង​ជើង» លោក Saldo បញ្ជាក់​។

Nikolayev​, Krivoi Rog និង Dnepropetrovsk គឺជា​ឈ្មោះ​ដែល​ រុស្ស៊ី ហៅ​ទឹក​ដី Mykolaiv, Kryvyi Rih និង Dnipropetrovsk របស់ អ៊ុយក្រែន​។

ក្នុង​ថ្ងៃ​ដដែល ក្រសួង​ការ​ពារជាតិ​រុស្ស៊ី បាន​ឱ្យ​ដឹង​ថា អង្គភាព​រថក្រោះ​ទ្រង់ទ្រាយ​ធំ​ (របស់​ អ៊ុយក្រែន) «បាន​ជោគ​ជ័យ​ក្នុងការ​ទម្លុះ​ចូល​ជ្រៅ​ទៅ​ក្នុង​ខ្សែ​ការ​ពារ​របស់​យើង ដើម្បី​ឆ្ពោះ​ទៅ​ទិស Zolotaya Balka និង Aleksandrovka»។

«កងកម្លាំង​របស់​ រុស្ស៊ី ប្រើប្រាស់​ខ្សែ​ការ​ពារ​ដែល​ត្រូវ​បាន​ត្រៀម​មុន​នោះ និង​បន្ត​បាញ់​កាំភ្លើង​ធំ​។ អ៊ុយក្រែន បាត់​បង់​ទាហាន​ជាង ១៣០ នាក់ និង​ឧបករណ៍​យោធា​ ២៣ គ្រឿង​នៅ​តំបន់​ដែល​បាន​និយាយ​ខាងលើ» ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី ប្រកាស​ដូច្នេះ​។

ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡែនស្គី បាន​ប្រកាស​ថា កងពលតូច​លេខ ១២៩ ពី Kryvyi Rih ដែល​ជា​ស្រុក​កំណើត​របស់​លោក បាន​ចូល​គ្រប់គ្រង​ឡើង​វិញ​ចំពោះ​តំបន់​ប្រជុំជន​នៅ​ភាគ​ខាង​ជើង​ខេត្ត Kherson៕

Advertisement