ប្រធានាធិបតី​អ៊ុយក្រែន ជជែក​តវ៉ា​ជាមួយ​ មហា​សេដ្ឋី​អាម៉េរិក នៅ​លើ Twitter

ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡែនស្គី និង​ក្រុម​មន្ត្រី​បរទេស​មួយ​ចំនួន បាន​រិះ​គន់​ អ៊ីឡុន ម៉ាស បន្ទាប់​ពី​មហា​សេដ្ឋី​រូប​នេះ​បាន​បង្ហោះ​សារ​លើ​ Twitter ស្នើ​ឱ្យ​ធ្វើ​សាធារណមតិចំពោះ​​សន្តិភាព​សម្រាប់​ អ៊ុយក្រែន​។

មហា​សេដ្ឋី​អាម៉េរិក​ដើម​កំណើត​អាហ្វ្រិក​ខាង​ត្បូង លោក អ៊ីឡុន ម៉ាស (Elon Musk) កាល​ពី​ថ្ងៃទី ០៣ តុលា បាន​បង្ហោះ​សារ​លើ Twitter ស្នើ​ឱ្យ​ទទួល​ស្គាល់​ថា ឧបទ្វីប​គ្រីមៀ គឺជា​ទឹក​ដី​របស់ រុស្ស៊ី និង​យល់​ថា អ៊ុយក្រែន​ គួរ​តែ​រក្សា​អព្យាក្រឹត​ភាព​ ហើយ​ក្រោយ​មក​ក៏​បាន​អំពាវ​នាវ​ឱ្យ​​អ្នកលេង​បណ្ដាញ​សង្គម​ Twitter បោះ​ឆ្នោត​ «យល់​ព្រម» ឬ «ប្រឆាំង» ចំពោះ​ដំណោះ​ស្រាយ​នេះ​។

ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡែនស្គី ក្រោយ​មក​ក៏​បាន​រិះគន់​​ចំពោះ​លោក ម៉ាស នៅ​លើ Twitter។ «អស់​លោក​ចូល​ចិត្ត​ អ៊ីឡុន ម៉ាស មួយ​ណា​ជាង?» លោក ហ្សេឡែនស្គី សរសេរ​ដូច្នេះ និង​លើក​ជម្រើស​ពីរ​សម្រាប់​ឱ្យ​​ជ្រើស​រើស​ នោះ​គឺ «ម៉ាស គាំទ្រ​ រុស្ស៊ី» និង​ «ម៉ាស​ គាំទ្រ​ អ៊ុយក្រែន​»។

លោក​ អ៊ីឡុន ម៉ាស បន្ត​ស្នើ​​ឱ្យ​ធ្វើ​ប្រជាមតិ​ដែល​មាន​ការ​ត្រួត​ពិនិត្យ​របស់​ អង្គការ​សហប្រជាជាតិ​ នៅ​លើ​ ឧបទ្វីប​គ្រីមៀ រួម​នឹងខេត្ត​​​ចំនួន ៤ ទៀត​ដែល​ រុស្ស៊ី ទើប​តែ​រឹប​អូស​ពី អ៊ុយក្រែន​។ «ក្ដី​ប្រាថ្នា​របស់​ប្រជា​ជន​រស់​នៅ​ក្នុង​តំបន់ Donbass និង គ្រីមៀ (Crimea) នឹង​សម្រេច​ថា ពួក​គេ​គឺជា​មួយ​ផ្នែក​របស់ រុស្ស៊ី ឬ​ អ៊ុយក្រែន​។ រុស្ស៊ី នឹង​ចាក​ចេញ​ បើ​សិន​នោះ​គឺជា​ការ​ចង់​បាន​របស់​ប្រជាជន​» លោក ម៉ាស សរសេរ​បន្ថែម​។

«ទៅ​ឱ្យ​បាត់​ទៅ​គឺជា​ការ​ឆ្លើយ​តប​ប្រកប​ដោយ​ការ​ទូត​របស់​ខ្ញុំ​ ផ្ញើ​ចំពោះ​ អ៊ីឡុន ម៉ាស» ឯកអគ្គរដ្ឋទូត​អ៊ុយក្រែន ប្រចាំ​ ប្រទេស​អាល្លឺម៉ង់ Andriy Melnyk ថ្លែង​​ដូច្នេះ​។

ប្រធានាធិបតី​លីទុយអានី Gtanas Nauseda ឆ្លើយ​តប​នឹង​ អ៊ីឡុន ម៉ាស​ ថា «ផ្ញើ​ទៅ​កាន់​លោក អ៊ីឡុន ម៉ាស នៅ​ពេល​អ្នកណា​​មួយ​លួច​កង់​ឡាន​ Tesla គេ​នោះ​មិន​ក្លាយ​ជា​ម្ចាស់​កម្មសិទ្ធិ​ស្រប​ច្បាប់​របស់​កង់​ឡាន ឬ​ឡាន​នោះ​ឡើយ សូម្បី​តែ​នៅ​ពេល​របស់​ទាំង​ពីរ​នេះ​បោះ​ឆ្នោត​គាំទ្រ​ប្រកាស​នោះ​។ ខ្ញុំ​គ្រាន់​តែ​និយាយ​ប៉ុណ្ណេះទេ​»។

លោក អ៊ីឡុន ម៉ាស សរសេរ​ថា «បើ​សិន​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជនជាតិ​អ៊ុយក្រែន ចូរ​តាម​រក​សន្តិភាព​»។ លោកបន្ត​ថា «SpaceX ចំណាយប្រាក់​ផ្ទាល់​ខ្លួន​​ ៨០ លាន​ដុល្លារ​ ដើម្បី​ដំឡើង​ និង​ផ្ដល់​ជំនួយ​តាម​រយៈ​ប្រព័ន្ធ​ អ៊ីនធើរណិត​ Starlink នៅ អ៊ុយក្រែន​។ កម្រិត​ជំនួយ​របស់​យើង​ខ្ញុំ​សម្រាប់​ រុស្ស៊ី គឺ​ ០ ដុល្លារ​។ ជាក់​ច្បាស់​ណាស់ថា យើង​ខ្ញុំ​គាំទ្រ​ អ៊ុយក្រែន»៕

Advertisement