ឥណ្ឌូណេស៊ី ដកហូត​តំណែង​មន្ត្រី​ប៉ូលិស​ច្រើន​នាក់ ក្រោយ​ករណី​រត់​ជាន់​គ្នា​ស្លាប់​រាប់​រយ​នាក់​នៅ​ទីលាន​បាល់​ទាត់​

ស្នង​ការ​ប៉ូលិស​ក្រុង Malang រួម​នឹង​មន្ត្រី​ប៉ូលិស​ ៩ នាក់​ទៀត​ ត្រូវ​បាន​ដកហូត​តំណែង​ ខណៈ​ប៉ូលិស ១៨ នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ស៊ើប​អង្កេត​ ក្រោយ​ពី​កើត​មាន​ហេតុការណ៍​រត់​ជាន់​គ្នា​ស្លាប់​ ១២៥ នាក់ នៅ​ឯ​កីឡដ្ឋាន​បាល់​ទាត់​នៅ ឥណ្ឌូណេស៊ី​។

អ្នកនាំពាក្យ​ស្ថាប័ន​ប៉ូលិស​ជាតិ​របស់​ ឥណ្ឌូណេស៊ី Dedy Pradsetyo កាលពី​ថ្ងៃទី ០៣ តុលា បាន​ឱ្យ​ដឹង​ថា Ferli Hidayat ស្នងការ​ប៉ូលិស​ក្រុង Malang រួម​នឹង​សមាជិក​ ៩ នាក់​របស់​កងពល​តូច​ប៉ូលិស​ពិសេស​ ត្រូវ​បាន​ដកហូត​តំណែង​ និង​អាច​បណ្ដេញពី​ការ​ងារ​ក្នុង​ពេល​ខាងមុខ​ ក្រោយ​ពី​កើត​មាន​ហេតុ​ការណ៍​រត់​ជាន់​ជើង​គ្នា​ដ៏​​មហា​រន្ធត់​នៅ​ឯ​កីឡដ្ឋាន​របស់​ទីក្រុង​នេះ​កាលពី​ថ្ងៃទី ០១ តុលា​ ២០២២​។

ចំណែក​មន្ត្រី​ប៉ូលិស​ ១៨ នាក់​ផ្សេង​ទៀត ចាប់​ពី​តំណែង​មធ្យម​ដល់​ខ្ពស់ ដែល​ទាក់​ទិន​នឹង​ការ​សម្រេច​ឱ្យ​បាញ់​គ្រាប់​បែក​ផ្សែង​បង្ហូរ​ទឹក​ភ្នែក​លើ​ហ្វូង​មនុស្ស​ក្នុង​ទីលាន​បាល់​ទាត់​ ក៏​កំពុង​ត្រូវ​បាន​ស៊ើប​អង្កេត​ នេះ​បើ​តាម​លោក Prasetyo។

ការ​សម្រេច​ចិត្ត​ខាងលើ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី ឥណ្ឌូណេស៊ី បាន​ឆ្លង​កាត់​​ហេតុការណ៍​មួយ​ដែល​មាន​មនុស្ស​ស្លាប់​​​លើ​ទីលាន​បាល់​ទាត់​​ច្រើន​បំផុត​ក្នុង​ពិភពលោក​។ ករណី​រត់​ជាន់​គ្នា​កើត​ឡើង​កាល​ពី​ព្រលប់​ថ្ងៃទី ០១ តុលា ២០២២ នៅ​ឯ​កីឡដ្ឋាន​ Kanjuruhan ក្នុង​ទីក្រុង Malang ស្ថិត​នៅ​លើ​កោះ Java បាន​បណ្ដាល​ឱ្យ​មនុស្ស​ ១២៥ នាក់​បាត់​បង់ជីវិត និង ៣២៣ នាក់​រង​របួស​។

សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា មនុស្ស​រាប់​ពាន់​នាក់​ក្នុង​ចំណោម​​អ្នក​គាំទ្រ​ប្រមាណ​ ៤២,០០០ នាក់ ដែល​កំពុង​ខឹង​ខ្លាំង បាន​ចុះ​ទៅ​លើ​ទីលាន​ប្រកួត​បាល់​ទាត់​ ក្រោយ​ពី​ក្រុម​ម្ចាស់​ផ្ទះ​ Arema ចាញ់​ការ​ប្រកួត​ ៣ ទល់​នឹង ២ ដែល​ជា​ការ​បរាជ័យ​ដំបូង​នៅ​លើ​ទីលាន​ម្ចាស់​ផ្ទះ​ នៅ​ចំពោះ​មុខក្រុម​ Persebaya ក្រោយ​រយៈ​ពេល ២៣ ឆ្នាំ​។ ទស្សនិកជន​មួយចំនួន​បាន​គប់​ដប និង​វត្ថុ​ផ្សេង​ៗ​ទៅ​លើ​កីឡាករ និង​មន្ត្រី​នៅ​កីឡដ្ឋាន​។ រថយន្ត​ប៉ូលិស​យ៉ាង​តិច ៥ គ្រឿង​ត្រូវ​ក្រឡាប់​ និង​ត្រូវ​ដុត​បំផ្លាញ​នៅ​ខាង​ក្រៅ​ទីលាន​។

ករណី​ស្លាប់​ស្ទើរ​តែ​ទាំង​អស់ កើត​ឡើង​នៅ​ពេល​ក្រុម​ប៉ូលិស​ប្រឆាំង​កុបកម្ម​បាញ់​គ្រាប់​បែក​ផ្សែង​បង្ហូរ​ទឹក​ភ្នែក​ដើម្បី​បង្ក្រាប​ហ្វូង​មនុស្ស​ទាំង​នៅ​លើ​ទីលាន​ ទាំង​នៅ​​កន្លែង​សម្រាប់​ទស្សនិកជន​ បណ្ដាល​ឱ្យ​មាន​ការ​រត់​ជន់​គ្នា​នៅ​ច្រក​ចេញ​ចូល​៕

Advertisement