អាម៉េរិក​ ធ្វើ​ឱ្យ​អាចម៍​ផ្កាយ​ «ដុះ​កន្ទុយ» ក្រោយ​ពី​យាន​អវកាស​​របស់​ ណាសា ហោះ​ទៅ​បុក​​ពេញ​មួយ​ទំហឹង

អាចម៍​ផ្កាយ​ Dimorphos ក្រោយ​ការ​ប៉ះទង្គិច​ជាមួយ DART

បំណែក​ដែល​កើត​ចេញពី​ករណី​បុក​ទង្គិច​ជាមួយ​យាន​អវកាស​ DART របស់ ទីភ្នាក់​ងារ​អវកាស​អាម៉េរិក ណាសា បាន​ធ្វើ​ឱ្យ​អាចម៍​ផ្កាយ​ Dimorphos កើត​មាន​កន្ទុយ​វែង​ដូចទៅ​នឹង​​ផ្កាយ​ដុះ​កន្ទុយ​។

ក្រោយ​ពី ណាសា បាន​បញ្ជា​ឱ្យ​យាន​អវកាស DART ​ហោះ​ទៅ​បុក​ដើម្បី​បង្វែរ​ទិស​ដៅ​របស់​អាចម៍ផ្កាយ​​ Dimorphos ​កែវយឺត​អវកាស និង​កែវ​យឺត​នៅ​លើ​ដី បានឆ្លុះ​​ឃើញ​កន្ទុយ​ដ៏​វែង​ដែល​កើត​ឡើង​ពី​បំណែក និង​ធូលី​ដែល​ក្រុម​តារាវិទូ​ហៅ​ថា ejecta។

ការ​សង្កេត​មើល​តាម​កែវ​យឺត​​​ក្រោយ​មក​ក៏​បាន​បង្ហាញ​ថា ធូលីនៅ​ជុំ​វិញ​អាចម៍​ផ្កាយ​ Dimorphos ត្រូវ​បាន​ខ្យល់​ព្រះអាទិត្យ​កួច​ចេញ​ឆ្ងាយ​ បង្កើត​បាន​ជា​កន្ទុយដ៏វែង​​ដូច​ទៅ​នឹង​ផ្កាយ​ដុះកន្ទុយ​។

DART ដែល​ជា​បេសក​កម្ម​ពិសោធន៍​ក្នុង​ការ​បង្វែរ​ទិស​ដៅ​របស់​អាចម៍​ផ្កាយ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ឱ្យ​ដឹង​ថា តើ​ការ​បាញ់​យាន​អវកាស​ពី​ផែនដី ហោះ​សំដៅ​ទៅ​បុក​អាចម៍​ផ្កាយ​ជា​គោល​ដៅ​​ អាច​កែ​ប្រែ​គន្លង​គោចរ​របស់​វា​ ឬ​អត់​។ ក្នុង​អនាគត​ បេសក​កម្ម​បែប​នេះ​នឹង​ជួយ​ឱ្យ​ផែន​ដី​អាច​គេច​ផុត​ពីការ​ប៉ះទង្គិច​ជាមួយ​ដុំ​ថ្ម​អវកាស ឬ​ផ្កាយ​ដុះ​កន្ទុយ​​ នាំ​មក​នូវ​សុវត្ថិភាព​សម្រាប់​មនុស្ស​លោក​៕

 

Advertisement