មន្ត្រី​នៅ​ សេតវិមាន ព្យាករ​ថា រុស្ស៊ី នឹង​បរាជ័យ​ធំនៅ Kherson

កងទ័ព​អ៊ុយក្រែននៅ Mykolaiv កាល​ពី​ខែ​សីហា ២០២២

ជំនួយ​ការ​របស់ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារជាតិ​អាម៉េរិក បាន​អះអាង​ថា រុស្ស៊ី ប្រឈម​មុខ​នឹង​ហានិភ័យបរាជ័យ​ធំ​ នៅ​ពេល​ត្រូវ​បាន​ អ៊ុយក្រែន វាយ​ខ្ទាត​ចេញពី​ឆ្នេរ​ខាង​លិច​នៃ​ទន្លេ Dnieper។

នៅក្នុង​ព្រឹត្តិការណ៍​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​ និង​អន្តរជាតិ​ (CSIS) កាលពី​ថ្ងៃទី ០៣ តុលា Celeste Wallander ជំនួយ​ការ​របស់​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារជាតិ​អាម៉េរិក ទទួល​បន្ទុក​សន្តិសុខ​អន្តរជាតិ អះអាង​ថា អ៊ុយក្រែន កំពុង​តែ​ស្ថិត​នៅ​លើ​ឈ្នាន់​រុញ​ច្រាន​កងកម្លាំង​របស់ រុស្ស៊ី នៅ​ឆ្នេរ​ខាង​លិច​របស់​ទន្លេ Dnieper។

«នោះ​នឹង​ជា​បរាជ័យ​ធំ​ចំពោះ​ រុស្ស៊ី ព្រោះ​ថា ប្រការ​នេះ​នឹង​កាន់​តែ​រាំង​ស្ទះ​ដល់​ការ​គ្រប់​គ្រង​របស់ រុស្ស៊ី នៅ Odessa ដែល​ជា​គោល​ដៅ​មួយ​ក្នុង​ចំណោម​គោលដៅ​ដែល​ពួក​គេ​បានដាក់​ចេញ​កាល​ពី​ដើម​ឆ្នាំ​នេះ​។ អ៊ុយក្រែន មាន​ទីតាំង​ការ​ពារ​បន្ថែម​ដើម្បី​ទប់​ទល់​នឹង​ការ​វាយ​ប្រហារ​ខ្លាំង​ក្លា​ដែល​គ្រោង​នឹង​កើត​ឡើង​នៅ​ក្នុង​រដូវ​រងា​» លោក​ស្រី Wallander បន្ថែមដូច្នេះ​ និង​បាន​អំពាវនាវ​ដល់​ សហរដ្ឋ​អាម៉េរិក និង​សហគមន៍​អន្តរជាតិ​បន្ត​ជួយដល់​ អ៊ុយក្រែន​។

ភាគី​ខាង​រុស្ស៊ី មិន​ទាន់​មាន​ការ​អធិប្បាយ​អ្វី​ឆ្លើយ​តប​នឹង​មតិ​របស់​លោកស្រី Wallander នៅ​ឡើយ​។ បច្ចុប្បន្ន ទីក្រុង​មូស្គូ គ្រប់គ្រង​ទឹក​ដី​ស្ទើរ​តែ​ទាំង​អស់​នៅ Kherson និង​បាន​ប្រកាស​ច្របាច់​បញ្ចូល​ខេត្ត​នេះ​ទៅ​ក្នុង​ទឹក​ដី​រុស្ស៊ី​ រួច​ហើយ​។

មតិ​របស់​លោក​ស្រី Wallander ត្រូវ​បាន​លើក​ឡើង​បន្ទាប់​ពី​មាន​ព័ត៌មាន​ថា អ៊ុយក្រែន​ បាន​បើក​ការ​វាយប្រហារ​នៅក្នុង​ខេត្ត Kherson ក្នុងនោះ​មាន​អង្គភាព​មួយ​បាន​វាយ​បំបែក​ខ្សែ​ការ​ពារ​ និង​បាន​រុល​ទៅ​ជ្រៅ​តាម​បណ្ដោយ​ទន្លេ​ Dnieper ឆ្ពោះ​ទៅ​កាន់ Dudchany។

ការ​វាយ​ប្រហារ​នៅក្នុង​ខេត្ត Kherson របស់ កងកម្លាំង​អ៊ុយក្រែន ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គ្រាដែល​តំបន់ Donbass កំពុង​មាន​ការ​ប្រយុទ្ធ​គ្នាយ៉ាង​សាហាវ​។

Advertisement