សហរដ្ឋ​អាម៉េរិក ផ្ដល់​ជំនួយ​បន្ថែម​ជាង ៦០០ លាន​ដុល្លារ​ ដល់​ អ៊ុយក្រែន​

លោក ចូ បៃដិន និងប្រព័ន្ធមីស៊ីល HIMARS

ប្រធានាធិបតី​ ចូ បៃដិន ប្រកាស​ថា សហរដ្ឋ​អាម៉េរិក នឹង​ផ្ដល់ជំនួយ​សន្តិសុខ​បន្ថែម​​​​តម្លៃ​ ៦២៥ លាន​ដុល្លារ​ ដល់​ អ៊ុយក្រែន ក្នុង​នោះ​មាន​ទាំងប្រព័ន្ធ​មីស៊ីល​ HIMARS ផងដែរ​។

នៅ​ក្នុង​ការ​ពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ​ ប្រធានាធិបតី​អ៊ុយក្រែន ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃដិន បាន​ថ្លែង​ថា ទីក្រុង​វ៉ាស៊ីងតោន សន្យា​ថា «បន្ត​ជួយ​ដល់​ អ៊ុយក្រែន ដើម្បី​ឱ្យ​ប្រទេស​នេះ​អាច​ការ​ពារ​ខ្លួន​នៅ​ចំពោះ​មុខ​ រុស្ស៊ី ក្នុង​ពេល​ចាំបាច់» នេះ​បើ​តាម​ប្រកាស​របស់​ សេតវិមាន​។

កញ្ចប់​ជំនួយ​តម្លៃ​ ៦២៥ លាន​ដុល្លារ​នេះ រួម​មាន ប្រព័ន្ធ​​ HIMARS ចំនួន ៤ គ្រឿង អម​ជាមួយ​មីស៊ីល, កាំភ្លើង​ធំ​ Howitzer ៣២ គ្រឿង រួម​នឹង​​គ្រាប់​កាំភ្លើង​ និង​រថពាស​ដែក​ជា​ដើម​។ គិត​មក​ដល់​ពេល​នេះ សហរដ្ឋ​អាម៉េរិក បាន​សន្យា​ផ្ដល់​ជំនួយ​​ជា​អាវុធ HIMARS ចំនួន ២០ គ្រឿង​ សម្រាប់​ អ៊ុយក្រែន​។

ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡែនស្គី បាន​អរគុណ្យ​ដល់​សមភាគី​អាម៉េរិក ព្រោះ​បាន​ «បន្ត​ផ្ដល់​ជំនួយ​ផ្នែក​ការ​ពារ​ជាតិ​ និង​ហិរញ្ញវត្ថុ» ដល់​ អ៊ុយក្រែន​។

ខ្ទង់​ប្រាក់ជាង ៦០០​ លាន​ដុល្លារ​ខាង​លើគឺជា​កញ្ចប់​ជំនួយ​ដំបូង​របស់ សហរដ្ឋ​អាម៉េរិក រាប់​ចាប់​តាំង​ពី រុស្ស៊ី ប្រកាស​រឹប​អូស​​ទឹក​ដី​ ៤ ខេត្តរបស់ អ៊ុយក្រែន។

រដ្ឋាភិបាល​របស់​លោក បៃដិន បាន​ផ្ដល់​ជំនួយ​ជាង ១៦.៨ ពាន់​លាន​ដុល្លារ​ដល់ ទីក្រុង​កៀវ ចាប់​តាំង​ពី​ រុស្ស៊ី បើក​យុទ្ធនាការ​យោធាពិសេស​នៅ​ អ៊ុយក្រែន​ កាល​ពី​ថ្ងៃទី ២៤ កុម្ភៈ ២០២២៕

Advertisement