មន្ត្រី​រុស្ស៊ី​ សាទរ​សំណើ​សន្តិភាព​សម្រាប់​ អ៊ុយក្រែន របស់មហា​សេដ្ឋី​អាម៉េរិក អ៊ីឡុន ម៉ាស

មហា​សេដ្ឋី​អាម៉េរិក អ៊ីឡុន ម៉ាស និង ប្រធានាធិបតី​រុស្ស៊ី លោក ពូទីន

វិមាន​ក្រឹម​ឡាំង សាទរ​ចំពោះ​មហា​សេដ្ឋី​អាម៉េរិកដើម​កំណើត​អាហ្វ្រិក​ខាងត្បូង លោក អ៊ីឡុន​ ម៉ាស ដែល​បាន​លើក​សំណើ​សម្រាប់​សន្តិភាព​ដើម្បី​បញ្ចប់​សង្គ្រាម​រវាង រុស្ស៊ី​ និង​ អ៊ុយក្រែន​ បន្ទាប់​ពី​ ទីក្រុង​កៀវ រិះគន់​គំនិត​នេះ​។

«ពិត​ជា​រឿង​ល្អ នៅ​ពេល​បុរស​ម្នាក់​ដូច​លោក អ៊ីឡុន​ ម៉ាស (Elon Musk) កំពុង​ស្វែង​រក​ដំណោះ​ស្រាយ​សន្តិភាព​» អ្នក​នាំពាក្យ​របស់​ វិមាន​ក្រឹមឡាំង Dmitry Peskov និយាយ​ដូច្នេះ​កាលពី​ថ្ងៃទី ០៤ តុលា​។

«ខុស​ពី​អ្នក​ការ​ទូត​អាជីព​ជា​ច្រើន​រូប​ លោក អ៊ីឡុន ម៉ាស​ កំពុង​ស្វែង​រក​វិធី​ដើម្បី​សម្រេច​បាន​សន្តិភាព​។ ការ​សម្រេច​បាន​សន្តិភាព​ដោយ​មិន​ឆ្លើយ​តប​តាម​លក្ខខណ្ឌ​របស់ រុស្ស៊ី គឺជា​ប្រការ​មិន​អាច​ទៅរួច» លោក Peskov បន្ថែម​។

លោក អ៊ីឡុន ម៉ាស កាលពី​ថ្ងៃទី ០៣ តុលា បាន​បង្ហោះ​លើ​ Twitter នូវ​សំណើ​មួយ​ដែល​ស្នើ​ឱ្យ​ អ៊ុយក្រែន ទទួល​ស្គាល់​ថា គ្រីមៀ គឺជា​ទឹក​ដី​របស់ រុស្ស៊ី និង​ធ្វើ​ប្រជាមតិ​ឡើង​វិញ​ក្រោម​ការ​គ្រប់​គ្រង​របស់​ អង្គការ​សហប្រជាជាតិ​ នៅក្នុង​​ ៤ តំបន់​របស់ អ៊ុយក្រែន​ ដែល រុស្ស៊ី ទើប​តែ​បាន​រឹប​អូស​ ហើយ​ ទីក្រុង​កៀវ​ ត្រូវ​តែ​រក្សា​អព្យាក្រឹត​ភាព​។ លោក ម៉ាស ក៏​បាន​អំពាវ​នាវ​ដល់​អ្នក​លេង​បណ្ដាញ​សង្គមឱ្យ​ចូល​រួម​បោះ​ឆ្នោត​សម្រាប់​​សំណើ​របស់​លោក ដោយ​ការ​ជ្រើស​រើស​យក​ «យល់​ព្រម» ឬ​ «ប្រឆាំង»។

សំណើ​របស់​មហា​សេដ្ឋី អ៊ីឡុន​ ម៉ាស ត្រូវ​បាន​ក្រុម​មន្ត្រី​របស់ អ៊ុយក្រែន និង​អ្នកការទូត​ជា​ច្រើន​រិះ​គន់​យ៉ាង​ខ្លាំង​ក្លា​។ គិត​មក​ដល់​ថ្ងៃទី ០៤ តុលា​ សំណើ​របស់ អ៊ីឡុន​ ម៉ាស ទទួល​បាន​ការ​ចូល​រួមបោះ​ឆ្នោត​​ជ្រើស​រើស​ប្រមាណ ២.៥ លាន​លើក​ ក្នុង​នោះ​មាន ៦៩% ប្រឆាំង​៕

Advertisement